ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​

1626
ចែករម្លែក

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឬ គ​.​ជ​.​ប​. បាន​បោះពុម្ព​សន្លឹកឆ្នោត ចំនួន ៤៩.០៦០ សន្លឹក ដើម្បី​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា​ខាងមុខ​។ ការបោះពុម្ព​សន្លឹកឆ្នោត​នេះ ត្រូវបានគ​.​ជ​.​ប​. បង្ហាញ​ដល់​អ្នកកាសែត និង​តំណាង​គណបក្សនយោបាយ នៅ​រោង​ពុម្ព លី វ៉ាន់​ហុង ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​។​

​ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ទាំង ៤៩.០៦០ សន្លឹក គឺ​សន្លឹកឆ្នោត​សម្រាប់​ការបោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន ២២.២០០ សន្លឹក​។ សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ មាន​ចំនួន ២២.២០០​សន្លឹក និង​សន្លឹកឆ្នោត​គំរូ ចំនួន ៤.៦៦០​សន្លឹក​។ ការបោះពុម្ព​សន្លឹកឆ្នោត នឹង​រួចរាល់ នៅ​ថ្ងៃទី​១២ ខែឧសភា ។​
​ ​
​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​អ្នកបោះឆ្នោត​សរុបចំនួន ១១.៥៧២​នាក់ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​មុខតំណែង និង​មានគណបក្សនយោបាយ ចំនួន ៧ ចូលរួម​ប្រកួត ប្រជែង រួមមាន ១-​គណបក្ស​ប្រជាជនកម្ពុជា ,២-​គណបក្ស​យុវជន​កម្ពុជា​, ៣-​គណបក្ស​សញ្ជាតិ​កម្ពុជា , ៤-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, ៥-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ,៦-​គណបក្ស​ឆន្ទៈ​ខ្មែរ និង​៧-​គណបក្ស​ខ្មែរសាធារណរដ្ឋ​។​

​ក្នុងចំណោម​អង្គ​បោះឆ្នោត ដែលជា​សមាជិក​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ក្នុង​មុខតំណែង​ទាំង ១១.៥៧២​នាក់​គឺ​ភាគច្រើនជា​សមាជិក​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​។ រីឯ​គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ២៨​នាក់ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ២៤​នាក់​។ នេះ​បើតាមលទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ​២០១៧​។​

​ដោយឡែក គណបក្សនយោបាយ​បួន​ផ្សេងទៀត ដែល​បាន​ចុះឈ្មោះ ដាក់​បេក្ខជន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣​នេះ​គឺ​គណបក្សយុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរសាធារណរដ្ឋ គឺ​មិនមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អង្គ​បោះឆ្នោតនោះទេ​។​

​តាម​នីតិវិធី​របស់​គ​.​ជ​.​ប​. នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៦ ខែឧសភា ដែលជា​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ គឺ​អ្នកបោះឆ្នោត​ម្នាក់ ដែលជាសមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវ​គូស​លើ​សន្លឹកឆ្នោត​ពីរ​សន្លឹក គឺ​សន្លឹកឆ្នោត​ទីមួយ ពណ៌​ស សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​និង​សន្លឹកឆ្នោត​មួយទៀត ពណ៌​លឿង សម្រាប់​បោះឆ្នោត ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក ខណ្ឌ​។​

​ប៉ុន្តែ​ការបោះឆ្នោត​នេះ ត្រូវ​បានគ​.​ជ​.​ប​. គូសបញ្ជាក់ថា ជាការ​បោះឆ្នោត​ដោយ​សម្ងាត់ ពោលគឺ​អ្នកបោះឆ្នោត យក​សន្លឹកឆ្នោតទាំងពីរ​សន្លឹក ចូលក្នុង​ប្រអប់​បោះឆ្នោត ដែល​បាំងបិទ ដូចគ្នា​នឹង​ការបោះឆ្នោត​សកល​កន្លងមក ដោយ​មិនមាន​នរណាម្នាក់ដឹងថា បុគ្គល​នោះ បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួយ​ទេ​។

​ក្រោយពេល​គូស​សន្លឹកឆ្នោត​ទាំងពីរ​ហើយ អ្នកបោះឆ្នោត​យក​សន្លឹក​ឆ្នោត​នោះ បត់ តាម​ទម្រង់​ដើម ដោយ​សន្លឹក ឆ្នោត​ពណ៌​ស ដាក់​ក្នុង​ហិប​ឆ្នោត សម្រាប់​ការបោះឆ្នោត ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​សន្លឹកឆ្នោត​មួយទៀត​ពណ៌​លឿង​ដាក់​ក្នុង​ហិប​ឆ្នោត សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​។

​ក្នុងនោះ ក៏​អ្នកបោះឆ្នោត ក៏ត្រូវ​អនុវត្តតាម​នី​តិ​វិធី​ត្រឹមត្រូវ ដោយមាន​ជ្រលក់​ម្រាមដៃ នឹង​ទឹកខ្មៅ សម្រាប់​សម្គាល់ មិន​ឲ្យ​អ្នកបោះឆ្នោត​ម្នាក់ បោះឆ្នោត​លើសពី​ម្តង គឺ​ដូចគ្នា នឹង​នីតិវិធី​សម្រាប់​ការបោះឆ្នោត សកល​កន្លងមក ដែល​ប្រជាពលរដ្ឋ​អាយុចាប់ពី ១៨​ឆ្នាំ​ឡើង ទៅ​បោះឆ្នោត​ដូច្នោះ​ដែរ​។​

​សរុបមក បើទោះបីជា​គណបក្សនយោបាយ​មួយចំនួន មិនមាន​សមាជិក​រប​ស់​ខ្លួន ជា​អង្គ​បោះឆ្នោត ហើយ​មាន​អង្គ​បោះឆ្នោត​តិច ដែល​នឹង​មិនអាច​គ្រប់​ចំនួន​សំឡេង ដើម្បី​ទទួលបាន​អាសនៈ នៅ​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ និង​រាជធានី​ខេត្ត យ៉ាងណាក៏ដោយ តែ​គណបក្ស នយោបាយ​ទាំងនោះ បាន​ចុះឈ្មោះ ដាក់​បេក្ខជន ដើម្បី​ចូលរួមប្រកួតប្រជែង​ការបោះឆ្នោត តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​

​រីឯ​អ្នកបោះឆ្នោត ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ គឺ​ពួកគាត់​ជាប់ឆ្នោត​ដោយសារប្រជាពលរដ្ឋជា​អ្នកបោះឆ្នោត ដូច្នេះ នៅពេលនេះ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រើប្រាស់​សិទ្ធិ​ជា​តំណាង​ប្រជាពលរដ្ឋ ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​បន្តនូវ​ក្រុមប្រឹក្សា នៅ​ថ្នាក់ក្រុង​ស្រុក​ខណ្ឌ និង​រាជធានី​ខេត្ត​។

ការបោះឆ្នោត​នោះ​ទៀតសោត ក៏​ធ្វើឡើង​ជាសម្ងាត់ សេរី ដោយ​គ្មាន​ជនណាម្នាក់ មក​បង្ខិតបង្ខំ គំរាមកំហែង​អ្នកបោះឆ្នោត​បានឡើយ​។ ការបោះឆ្នោត​នេះ កម្ពុជា​យើងបានធ្វើ​ឡើង​ពីរលើក​រួចមកហើយ គឺ​លើកដំបូង នៅ​ឆ្នាំ​២០០៩ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៤៕ ដោយៈ​ម៉េង​ឆៃ/Ha

#