ដំណើរ​ពី​ដើម​ដល់​ចប់​នៃ​បេសកកម្ម​សម្លាប់​មេដឹកនាំ​អាយ​ស៊ី​ស អា​ល់បាក​ដា​ឌី​

662
ចែករម្លែក

​ឧទ្ធម្ភាគចក្រ​ហោះហើរ​ទាប​ក្នុង​ល្បឿន​លឿន​ទាំងយប់​ដោយ​ដឹក​កងកម្លាំង​ពិសេស​អាម៉េរិក​ទៅកាន់​បរិវេណ​មួយ​ដែល​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម អា​ប៊ូ បាក អា​ល់បាក​ដា​ឌី កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​។ នៅ​ឆ្ងាយ​ពីគ្នា​ពាក់កណ្តាល​ពិភពលោក លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​មើល​ការ​វាយឆ្មក់​ជាក់ស្តែង​ទាន់​ហេតុការណ៍​តាមរយៈ​លីង​វីដេអូ​មួយ ខណៈ​កងទ័ព​បាន​សម្រុកចូល​ទៅក្នុង​កន្លែង​លាក់ខ្លួន​នោះ​ហើយ​បញ្ជូន​ជន​សកម្មប្រយុទ្ធ​ដែល​គេ​តាម​ចាប់ខ្លួន​បំផុត រត់ទៅរក​ទី​ទាល់ច្រក​ចុងក្រោយ​នៃ​ជីវិត​របស់គាត់​។​

​ការ​វាយឆ្មក់​ដ៏​ក្លាហាន​នេះ​គឺជា​លទ្ធផល​នៃ​ការប្រមូលផ្ដុំ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ប្រចាំឆ្នាំ និង ការរៀបចំ​ផែនការ ៤៨ ម៉ោង​ជាបន្ទាន់ ល្គឹកណា​វ៉ាស៊ីនតោន​ទទួលបាន​ដំណឹង​ថា អា​ល់បាក​ដា​ឌី​ប្រហែល​កំពុង​ស្ថិតនៅ​បរិវេណ​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​។​

​រាត្រី​នោះបាន​លាតត្រដាង​ជាមួយនឹង​ភាពជាក់លាក់​នៃ​វិធីសាស្ត្រ​និង​របត់​មិនបាន​រំពឹងទុក​ជាច្រើន​។ ការរៀបរាប់​ដំណើរ​ដើមទង​ឡើងវិញ​នេះ​គឺ​ផ្អែកលើ​កំណត់ហេតុ​ដំបូង​របស់លោក​ត្រាំ​និង​ក្រុមមន្ត្រី​រដ្ឋបាល​ដទៃទៀត​ដែល​ចង់​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី​វិធី​ដែល​អាម៉េរិក​កំណត់​បាន​គោលដៅ​កំពូល​របស់ខ្លួន​ក៏ដូចជា​ការសង្កេត​ពី​អ្នកភូមិ​ស្រឡាំងកាំង ដែល​មិនដឹងថា អា​ល់បាក​ដា​ឌី​កំពុងស្ថិត​នៅក្នុង​ចំណោម​ពួកគេ​។​

  • ការអបអរ​និង​ការឡើង​យន្តហោះ​ជាសម្ងាត់​ពីរ​ថ្ងៃ​

​ព្រឹត្តិការណ៍​បាន​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៅពេលដែល​សេត​វិមាន​បានដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​មានលទ្ធភាព​ខ្ពស់​ដែលថា អា​ល់បាក​ដា​ឌី​អាច​នឹង​ស្ថិតនៅក្នុង​បរិវេណ​លាក់ខ្លួន​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​។​

​នៅត្រឹម​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​ត្រាំ​មាន​ជម្រើស​យោធា​នៅលើ​តុ​របស់គាត់​ជាស្រេច​។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ រដ្ឋបាល​ត្រាំ​ទីបំផុត​បាន​ក្តោប​ក្តាប់បាន​ទាំងអស់​នូវ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​អំពី​មេ​អាយ​ស៊ី​ស​។​

​ពុំ​មានការ​បង្អើល​រឿងរ៉ាវ​នេះ​ឱ្យ​គ្រប់គ្នា​បានដឹង​នោះទេ នៅពេល​លោក​ត្រាំ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ខេ​ម​ដេវីដ​នៅ​យប់​ថ្ងៃ​សុក្រ​ដើម្បី​អបអរសាទរ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ១០ របស់​កូនស្រី អ៊ី​វ៉ាន់​កា ត្រាំ​និង​កូនប្រសារ​ឈ្មោះ​ចា​រេ​ត គូ​ស្នើ​។ បន្ទាប់មក​គាត់​បានធ្វើ​ដំណើរ​ទៅ​រដ្ឋ​វើ​ជី​នៀ​នៅ​ថ្ងៃ​សៅរ៍​សម្រាប់​ការប្រកួត​មួយ​នៅ​ទីលាន​វាយ​កូន​ហ្គោល​របស់គាត់​។​

​គាត់​បាន​លេង​កូន​ហ្គោល​ជាមួយ​ស្នងការ​ក្របខ័ណ្ឌ​បាល់បោះ NBA លោក​រ៉​ប់ មេន​ហ្វ្រេ​ត និង​ព្រឹទ្ធសមាជិក​ពីរ​នាក់​ទៀត​ឈ្មោះ លីន​សី ហ្គ្រា​ហាំ និង ដេវីត ភើ​ឌូ​។​

​លោក​ត្រាំ​បាន​ត្រឡប់​ទៅ​សេត​វិមាន​វិញ​នៅ​ម៉ោង ៤ និង ១៨ នាទី​រសៀល​។ នៅ​ម៉ោង ៥ ល្ងាច គាត់​បាន​ស្លៀកពាក់​ឈុត​ធំ​នៅក្នុង​បន្ទប់​ស្ថានការណ៍​នៅ​ជាន់​ក្រោម​ដី​នៃ​អគារ​វេស​វី​ង​ដើម្បី​តាមដាន​ការ​វាយឆ្មក់​។ មន្ត្រី​ម្នាក់​បាន​និយាយថា ពួកគេ​បាន​តាមដាន​ប្រតិបត្តិការ​នេះ​ជាមួយ​រូបភាព​ជាក់ស្តែង​ទាន់​ហេតុការណ៍ ប៉ុន្តែ​ការ​ពិពណ៌នា​ដ៏​រស់​រវើក​របស់លោក​ត្រាំ​អំពី​ពេលវេលា​ចុងក្រោយ​របស់​អាល់​បា​កដា​ឌី​គឺ​ផ្អែកលើ​ការសន្ទនា​ជាមួយ​មេបញ្ជាការ​យោធា​។​

​ពួកគេ​ដាក់ឈ្មោះ​ប្រតិបត្តិការ​នេះ​ថា កាយ​ឡា មូល​ល័​រ (Kayla Mueller) ដែលជា​បុគ្គលិក​មនុស្សធម៌​ស្រី​ជនជាតិ​អាម៉េរិក ដែល​រង​ការរំលោភ​សម្លាប់​ដោយ​អា​ល់បាក​ដា​ឌី​។​

​មនុស្ស​ដទៃទៀត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្តោត​សំខាន់​លើ​ការប្រកួត​ទី​៤​នៃ​បាល់បោះ World Series ដែល​កំពុង​ជិត​ចាប់ផ្តើម​ប្រកួត​នៅ​ចម្ងាយ​ពីរ​ទៅ​បី​គីឡូម៉ែត្រ​ពី​ឧទ្យាន​ជាតិ​។​

  • ភ័យ​ស្លន់ស្លោ បន្ទាប់មក​ស្លាប់​

​មួយសន្ទុះ​ក្រោយពី​ក្រុម​សេត​វិមាន​បាន​ប្រមូល​ផ្តុំគ្នា យន្តហោះ​អាម៉េរិក ដែល​ភាគច្រើន​ជា​ឧទ្ធម្ភាគចក្រ​ស្លាប​ពីរ​ធុន CH-47 បាន​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​អាល់​សា​អាដ​នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់​។​

​ក្នុងពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក អា​ល់បាក​ដា​ឌី​បាន​ស្លាប់​។​

​ក្តី​សង្ស័យ​ដំបូង​បានកើត​ឡើង នៅពេល​អ្នកភូមិ​ឃើញ​ឧទ្ធម្ភាគចក្រ​ហោះ​ទាប​នៅ​ជើងមេឃ​។​

​អ្នកភូមិ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​និយាយថា “​យើង​បាន​ចេញទៅ​ខាងក្រៅ​យ៉រ​ដើម្បី​មើល ហើយ​ពួកគេ​បានចាប់ផ្តើម​បាញ់​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​។ ដូច្នេះ​យើង​បាន​ចូល​ទៅខាង​ក្នុងផ្ទះ​លាក់ខ្លួន​”​។ បន្ទាប់មក​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​។ លោក​ត្រាំ​និយាយថា​ទាហាន​បាន​បំផ្ទុះ​រន្ធ​មួយ​នៅ​ចំហៀង​នៃ​អគារ ព្រោះ​ពួកគេ​ខ្លាច​ច្រកចូល​អាចជា​អន្ទាក់​ដ៏​បង្ហូរឈាម​។ អា​ល់បាក​ដា​ឌី​បាន​ភៀសខ្លួន​ទៅក្នុង​បណ្តាញ​លេណដ្ឋាន​ក្រោម​ដី​និង​ផ្លូវ​រូង​ក្រោម​ដី ដែល​សង់​នៅក្នុង​បរិវេណ​លាក់ខ្លួន​នោះ​។​

​មេដឹកនាំ​អាយ​ស៊ី​ស​ពុកចង្ការ​ដុះ​ស្កូវ​រូបនេះ​បាន​ពាក់​អាវកាក់​គ្រាប់បែក​ធ្វើអត្តឃាត ហើយ​អូស​ក្មេង​បីនាក់​ទៅជា​មួយ ពេលដែល​គាត់​រត់គេច​ពី​កងទ័ព​អាម៉េរិក​។​

​លោក​ត្រាំ​បាន​និយាយថា នៅពេលដែល​កងទ័ព​អាម៉េរិក​និង​ឆ្កែ​របស់​ពួកគេ​បាន​បិទទ្វារ​ចេញ​អស់ហើយ​នោះ ជន​សកម្មប្រយុទ្ធ​នោះបាន “​ស្រែកថ្ងូរ​និង​ស្រែកយំ​” រហូត​ដល់ពេល​គាត់​មរណា​។​

​លោក​ត្រាំ​និយាយថា “​គាត់​បានរ​ត់ទៅ​ដល់ទី​ទាល់ច្រក​នៃ​រូងភ្នំ ខណៈ​ឆ្កែ​របស់​យើង​បាន​ដេញតាម​គាត់​។ គាត់​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន​និង​កូន​ទាំង​បីនាក់​”​។​

  • “​វា​ជា​គាត់​មែន​”

​សាកសព​របស់លោក​អា​ល់បាក​ដា​ឌី​បាន​ដាច់​ជា​បំណែកៗ​ក្នុងការ​ផ្ទុះ​នោះ ហើយ​រូង​ក្រោម​ដី​បាន​បាក់​សង្កត់​លើ​គាត់​។ ដើម្បី​ទៅដល់​សាកសព កងទ័ព​ត្រូវ​ជីក​កម្ទេចកម្ទី​នោះ​។​

​លោក​ត្រាំ​បាន​និយាយថា “​មិនមាន​អ្វី​នៅសល់​ច្រើន​ទេ​។ ប៉ុន្តែ​នៅសល់​បំណែក​ខ្លះ ដែល​ពួកគេ​បាន​នាំ​ត្រឡប់មកវិញ​។​

​នោះ​ហើយ​ជា​ពេលដែល​ការ​វាយឆ្មក់​របស់​យោធា​បានប្រែក្លាយ​ទៅជា​ប្រតិ​ប​ត្ដិ​ការ​កោសល្យវិច័យ ហើយ​កងកម្លាំង​ពិសេស​បានរៀបចំ​ធ្វើតេស្ត​មើល​។​

​ពួកគេ​បាន​យក​គំរូ DNA របស់​អា​ល់បាក​ដា​ឌី​មកជា​មួយ​។​

​ទាហាន ដែល​បានធ្វើការ​វាយឆ្មក់​គិតថា​បុរស​ដែល​បាន​រត់គេចខ្លួន​នោះ​មើលទៅ​ដូច​អា​ល់បាក​ដា​ឌី ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ​។ កំណត់ហេតុ​មុនៗ​ធ្លាប់បាន​រៀបរាប់​អំពី​មរណភាព​របស់គាត់ តែ​ក្រោយមក​គាត់​បាន​លេចមុខ​វិញ​ដដែល​។​

​លើក​នេះ​គឺ​ពុំមាន​ការសង្ស័យ​ទៀត​ទេ​។​

​អ្នកបច្ចេកទេស​មន្ទីរ​ពិសោធន៍​បានធ្វើ​តេស្ត DNA នៅនឹងកន្លែង​ដើម្បី​ធ្វើឱ្យ​ប្រាកដ ហើយ​ក្នុង​រយៈពេល ១៥ នាទី​នៃ​មរណភាព​របស់គាត់ ក៏បាន​កំណត់​ឃើញ​អត្តសញ្ញាណ​ជា​វិជ្ជមាន​។​

​លោក​ត្រាំ​និយាយថា “​វា​គឺជា​គាត់​មែន​”​។​

​សាកសព​របស់​អា​ល់បាក​ដា​ឌី​មិនបាន​ប្រមូល​យកមក​ទាំងអស់​នោះទេ​។​

​លោក​ត្រាំ​និយាយថា កងទ័ព​អាម៉េរិក​បាន​បន្ត​ស្ថិតនៅក្នុង​បរិវេណ​នោះ​ប្រហែល​ពីរ​ម៉ោង បន្ទាប់ពី​មរណភាព​របស់លោក​អា​ល់បាក​ដា​ឌី និង​បាន​រកឃើញ​ឯកសារ​រសើប​ខ្លាំង​អំពី​ក្រុម​រដ្ឋ​អ៊ីស្លាម​រួមទាំង​ព័ត៌មាន​អំពី​ផែនការ​អនាគត​របស់​ពួកគេ​។​

​បន្ទាប់ពី​កងទ័ព​អាម៉េរិក​បាន​ដកថយ​វិញ យន្តហោះ​ចម្បាំង​អាម៉េរិក​បាន​បាញ់​រ៉ុក្កែត​ចំនួន ៦ គ្រាប់​ដើម្បី​កម្ទេច​ផ្ទះ​នោះ​ចោល​។​

  • ការ​បង្ហើប​ដំណឹង​ដ៏​ធំ​

​លោក​ត្រាំ​រំភើបចិត្ត​មិនអាច​ទប់​អារម្មណ៍​ខ្លួនឯង​បានឡើយ​។ លោក​បាន​បង្ហើប​ពី​ប្រតិបត្តិការ​យោធា​ដែល​ទទួលបាន​ជោគជ័យ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​សរសេរ​យ៉ាងខ្លី​លើ Twitter ថា “​រឿង​ដ៏​ធំ​សម្បើម​មួយ​ទើបតែ​បានកើត​ឡើង​!”​។ អ្នកនាំពាក្យ​សេត​វិមាន​លោក ហូ​ហ្គា​ន ហ្គី​ដ​លី បានប្រកាសថា លោក​ប្រធានាធិបតី​នឹងធ្វើ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។​

​ការណ៍​នោះបាន​ធ្វើឱ្យ​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​និង​មជ្ឈិមបូព៌ារ​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ហើយ​អង្គភាព​ព័ត៌មាន​នានា​បានបញ្ជាក់​ភ្លាមៗ​ថា​កងកម្លាំង​អាម៉េរិក​ត្រូវគេ​ជឿថា​បានសម្លាប់​បុរស​ដែល​អាម៉េរិក​តាម​ចាប់ខ្លួន​បំផុត​។​

​វា​ជា​វិធានការ​ក្នុង​បរិយាកាស​តានតឹង​នៅ​វ៉ាស៊ីនតោន កន្លែង​ដែល​អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​ពីររូប​គឺប្រធាន​សភា​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និង​លោក អា​ដាំ ស៊ី​ហ្វ ដែលជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ភា មិនបាន​ទទួលដំណឹង​ជាមុន​ពី​លោក​ត្រាំ​អំពី​ប្រតិបត្តិការ​នេះ​ទេ​។​

​លោក​ត្រាំ​មិន​ទុកចិត្ត​ពួកគេ​ដើម្បី​រក្សា​ការណ៍​សម្ងាត់​ឡើយ​។​

​លោក​ត្រាំ​និយាយថា “​វ៉ាស៊ីនតោន​គឺជា​ម៉ាស៊ីន​បែកធ្លាយ​ព័ត៌មាន​”​។ ក្នុងករណីនេះ​គាត់​បាន​និយាយថា “​គ្មាន​ការ​លេច​ធ្លាយ​ទេ គ្មានអ្វី​ទេ​។ មនុស្ស​ដែល​បានដឹង​រឿង​គឺជា​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​ខ្ញុំ​បាន​ទាក់ទង​ជាមួយ​”​។​

  • ការ​លាតត្រដាង​នេះ ជា​ព្រឹត្តិការណ៍​ធំជាងគេ​បំផុត​

​លោក​ត្រាំ​បានជ្រើសរើស​យក​បន្ទប់​ការទូត​ដើម្បី​ធ្វើការ​ប្រកាស​ដ៏​ធំ​របស់គាត់​នៅ​ថ្ងៃអាទិត្យ​។​

​នៅក្នុង​ការប្រកាស​អំពី​មរណភាព​របស់លោក​អា​ល់បាក​ដា​ឌី លោក​ត្រាំ​បានធ្វើការ​ប្រៀបធៀប​ប្រតិបត្តិ​ការដែល​ទទួលបាន​ជោគជ័យ​នេះ​ជាមួយនឹង​បេសកកម្ម​ឆ្នាំ ២០១១ ដើម្បី​សម្លាប់​មេក្លោង​នៅ​ពីក្រោយ​ថ្ងៃ ១១ កញ្ញា លោក​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន​។​

​លោក​ត្រាំ​និយាយថា ខណៈ​ប៊ី​ន​ឡា​ដិ​ន​បានរៀបចំ​ការវាយប្រហា​រ​ភេរវកម្ម​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក ការសម្លាប់​អាល់​បា​កដា​ឌី ដែល​ធ្លាប់បាន​ជួយ​ក្រុម​អាយ​ស៊ី​ស​ត្រួតត្រា​ដែនដី​ទំហំ ៨៨.០៦០ គីឡូម៉ែត្រ​ការ៉េ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី គឺ ជា​ព្រឹត្តិការណ៍​ធំជាងគេ​បំផុត​។

​នៅក្នុង​ការប្រកាស​នោះ លោក​ត្រាំ​បាន​ចំណាយពេល​ជាង ៤៥ នាទី​ដើម្បី​និយាយ​និង​ទទួលយក​សំណួរ​អំពី​ការ​វាយឆ្មក់​នេះ​។​

​នៅ​រសៀល​ថ្ងៃអាទិត្យ ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ត្រាំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រែក្លាយ​ការ​វាយឆ្មក់​នេះ​ចូលទៅក្នុង​រដ្ឋធានី​នយោបាយ​។ វា​បាន​ផ្ញើ​សារ​ទៅកាន់​អ្នកគាំទ្រ​ដោយ​និយាយថា “​លោក​ត្រាំ​បាន​កាត់ទោស​មេដឹកនាំ​ភេរវ​ករលេខ ១​។ គាត់​បាន​រក្សា​សុវត្ថិភាព​ដល់​អាម៉េរិក​”៕ ដោយ៖កញ្ញាដាលីស

លោក​ត្រាំ​ប្រកាស​អំពី​បេសកកម្ម​កម្ចាត់​មេ​អាយ​ស៊ី​ស​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​តុលា​នៅ​សេត​វិមាន