ដំរីព្រៃ​នៅតែ​បន្ត​ចូល​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ក្នុងស្រុក​អូររាំង​

1165
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: នៅក្នុង​រដូវវស្សា​ឆ្នាំ​២០១៨​នេះ មានការ​លើកឡើងថា ដូចជា​ប្លែក ខណៈ​ដំរីព្រៃ​ចេះតែ​ចូលលុកលុយ​ភូមិឋាន និង​ចម្ការ​ដំណាំ​របស់​អ្នកភូមិ បង្កក្តី​ភ័យខ្លាច ជា​បន្តបន្ទាប់​។ ជាក់ស្ដែង នៅ​ថ្ងៃទី​១២​ឧសភា​នេះ ដំរីព្រៃ​ចំនួន​២​ក្បាល​បាន​បន្ត​ចូលក្នុង​ចម្ការ​អ្នកស្រុក​ទៀត ដែល​ព័ត៌មាន​ចុងក្រោយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ គឺ​វា​កំពុងស្ថិត​ក្រោយ​សាលារៀន​ពូ​ជូ ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ហើយ​អាកា​រៈ គឺ​មិន​ខ្លបខ្លាច​និង​មនុស្ស​នោះទេ​។

​សេចក្តីរាយការណ៍​ពី​អ្នកភូមិ​អណ្តូង​ក្រឡឹង​ថា កាលពី​យប់​ថ្ងៃទី​២៩-៣០ មេសា កន្លង​ទៅនោះ គេ​ក៏បាន​ប្រទះឃើញ​ហ្វូង​សត្វ​ដំរីព្រៃ​មាន​មេ​មានកូន​ចំនួន​១៥​ក្បាល ចេញមក​អុកឡុក​ចម្កា​រ​ដំណាំ​របស់​អ្នកស្រុក​អស់​ជាច្រើន នៅ​ភូមិ​អណ្តូង​ក្រឡឹង​នេះដែរ ហើយ​អ្នកភូមិ​បាន​ដុត​ផាវ បំផ្ទុះ ឱ្យ​ពួកវា​ចេញទៅ​វិញ​។

​លោក ខៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​អូររាំង​បាន​ឲ្យ​ដឹងថា ដំរីព្រៃ​ទាំងនោះ តែង​ចេញចូល​បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ជារឿយៗ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។

​អ្នករស់នៅ​ភូមិ​អណ្តូង​ក្រឡឹង បានស្នើ​ដល់​អាជ្ញាធរ ជាពិសេស​មន្ត្រី​ជំនាញ​ផ្នែក​ការពារ​សត្វព្រៃ ជួយ​រក​វិធានការ​ទប់​ស្តា​ត់​សកម្មភាព​របស់​ដំរី​ទាំងនោះ ចូល​ភូមិ ដើម្បី​បង្ក​ការបំផ្លាញ​លើ​ផលដំណាំ​នានា នឹង​ដើម្បី​សុវត្ថិភាព​របស់​អ្នកស្រុក​។​

​ដើម្បី​បង្ការ​ការ​រាតត្បាត ឬ​អុកឡុក​ភូមិ​នាយ​ដែនជម្រកសត្វព្រៃ​កែវ​សីមា លោក ឌិន ប៊ុនធឿន បាន​លើកឡើងថា គ្មាន​វិធី​ណា​អាចជួយ​បាន ក្រៅ​អំពី​ការមិន​ទៅ​ប៉ះពាល់​ដល់ទី​ជម្រក​រប​ស់វា ពិសេស​គឺ​ការកាប់​ឆ្ការព្រៃ​ដែលជា​ជម្រក​របស់​វា នោះ​ជាការ​ល្អ​បំផុត​។​

​នៅក្នុង​ខេត្តមណ្ឌលគិរី នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បញ្ហា​សត្វ​ដំរី បានកើត​ឡើងជា​បន្តបន្ទាប់ គួរ​ឲ្យ​កត់សម្គាល់ រួមទាំង ការអុកឡុក​របស់​ស​ត្វ​ដំរី ទៅលើ​ដីស្រែ​ចម្ការ​របស់​អ្នកស្រុក ករណី​ដំរីចុះប្រេង ករណី​ប្រទះឃើញ​សព​កូនដំរី នៅក្នុង​ព្រៃ ជាដើម​។ ជាក់ស្តែង កាលពី​ពាក់កណ្តាល​ខែមេសា​នេះ​ទៀត សត្វ​ដំរីចុះប្រេង ១​ក្បាល ដែល​គេ​ចងទុក​រយៈពេល​ជិត​មួយខែ​បង្អត់អាហារ ដោយសារ​ការចុះ​ប្រេង ក៏បាន​ងាប់​នៅក្នុង​ចំណង ផងដែរ​។ ដំរី ឈ្មោល​ឈ្មោះ​បឹ​ក​គុ អាយុ​៣៥​ឆ្នាំ ត្រូវបាន​ក្រុម​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ បាន​បង្ក្រាប​ដោយ​ការបាញ់​ថ្នាំ​សណ្តំ ដើម្បី​ឲ្យ​ម្ចាស់​របស់​វា ចាប់ចង​ឡើងវិញ ក្រោយ​ការចុះ​ប្រេង​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ក្នុងភូមិ កាលពី​ចុងខែ​មីនា កន្លងមកនេះ​។ សត្វ​ដំរី​ឈ្មោល​នោះ បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧​មេសា​៕ ល​

#