ដំរីព្រៃ​២​ក្បាល​ឆក់​ចរន្តអគ្គិសនី​ងាប់​នៅ​ឥណ្ឌា បន្ទាប់ពី​ហ្វូង​ដំរី​៨០​ក្បាល​អុកឡុក​ភូមិ​អស់​កន្លះ​ខែ​

761
ចែករម្លែក

​ដំរីព្រៃ​២​ក្បាល​បាន​ងាប់​ក្រោយពី​ឆក់​ចរន្តអគ្គិសនី​ពី​ខ្សែ​បញ្ជូន​ចរន្ត​ដែល​ត្រូវ​ចង​ព្យួរ​ទាបៗ​កំពស់​តែ​០,៦​ម៉ែត្រ​ពី​ដី​នៅ​ភូមិ​ឥណ្ឌា​មួយ ក្នុង​រដ្ឋ​បឹង​ហ្កា​ល​ខាងលិច​ភាគ​ខាងកើត​​ប្រទេស​ឥណ្ឌា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​មករា​។​

​សត្វ​មាធ​ធំ​នេះ​ត្រូវបាន​ប្រទះឃើញ​ដេក​ងាប់​ក្នុង​វាលស្រែ​នៅក្នុង​ភូមិ ណេ​ពូ​រ៉ា ក្រោយពី​ដំរី​មួយ​ហ្វូង​ធំ​ប្រមាណ​៨០​ក្បាល​បាន​ចូល​អុកឡុក​ភូមិ​បំផ្លាញ​ដំណាំ​ខ្ទេចខ្ទីរ​​អស់​ពេល​ប្រមាណ​២​សប្តាហ៍​។​

​មន្ត្រី​តំបន់​បាន​និយាយថា ដំរី​ជាច្រើន​ក្បាល​បាន​នៅ​ទីនោះ​អស់​ពេល​ជិត​៣​សប្តាហ៍​និង​បាន​បំផ្លាញ​ហាង​ទំនិញ​និង​ផ្ទះ​អ្នកស្រុក ព្រមទាំង​លួច​ស៊ី​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​តែ​២​ក្បាល​បាន​ឆក់​ងាប់​ដោយ​ខ្សែភ្លើង​នៅ​ជិត​ដី​។​

​មុន​កើតមាន​ឧបទ្ទវ​ហេតុនេះ ពួ​មន្ត្រី​មូលដ្ឋាន​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​អគ្គិសនី​អំពី​ការ​រាយ​ខ្សែភ្លើង​ទាបៗ​ជិត​ដី​ដែល​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​និង​សត្វ​និង​​ក្រោយ​ការកើត​ហេតុ​ឆក់​ងាប់​ដំរី​កាលពី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​អគ្គិសនី​ក៏ត្រូវ​បាន​ប្រាប់​អោយ​រាយ​និង​ចង​ព្យួរ​ខ្សែភ្លើង​ឡើងវិញ ពីព្រោះ​វា​ជា​តំបន់​ដំរី​ឆ្លងកាត់​៕​ដោយ​៖​វាសនា​