ដំរី​ជំទង់​២​ក្បាល​ត្រូវបាន​សង្គ្រោះ​ពី​ទឹកសមុទ្រ​នៅ​ស្រីលង្កា​

1024
ចែករម្លែក

​ដំរី​ជំទង់​ពីរ​ក្បាល ដែល​រអិល​ជើង​ធ្លាក់ចូល​សមុទ្រ​នោះ ត្រូវបាន​សង្គ្រោះ​ពី​ការ​លង់ទឹក​កាលពី​ថ្ងៃអាទិត្យ ទី​២៣ កក្កដា ដោយ​កងទ័ពជើងទឹក​ស្រីលង្កា ក្នុង​ឧបទ្ទវហេតុ​បែបនេះ​ជា​លើក​ទី​ពីរ​នៅក្បែរ​កោះ​ដដែល​ក្នុង​ពីរ​សប្តាហ៍​មកនេះ​។

​កងទ័ពជើងទឹក​និយាយថា ដំរីព្រៃ​ពីរ​ក្បាល​នេះ​ត្រូវបាន​នាំមក​ច្រាំង​វិញ បន្ទាប់ពី “​ការប្រឹងប្រែង​ទ្រង់ទ្រាយ​ធំ​” ដែលមាន​ការចូលរួម​ពី​ក្រុម​មុជទឹក​របស់​កងទ័ពជើងទឹក ខ្សែពួរ និង ទូក​មួយក្រុម ដើម្បី​សណ្តោង​ដំរី​មក​ទឹក​រាក់ៗ​វិញ​។

​រូបភាព​ជាច្រើន​បានបង្ហាញ​ដំរី​ក្នុង​ក្តី​ភិតភ័យ​ទាំងពីរ ដែល​ស្ទើរ​លើក​ប្រមោយ​មិន​ផុតពី​ផ្ទៃ​ទឹក​ផង​នោះ ស្ថិតនៅក្នុង​សមុទ្រ​ទឹក​ជ្រៅ​ឆ្ងាយ​ពី​ឆ្នេរ​ស្រីលង្កា​ប្រហែល ១ គីឡូម៉ែត្រ​។

​ដំរី​ទាំងពីរ​ក្រោយមក​ត្រូវបាន​នាំមក​ច្រាំង​ដោយ​មិនមាន​របួស​អ្វី​ទាំងអស់ ហើយ​ក្រោយមក​បាន​ព្រលែង​ចូល​ព្រៃ​វិញ​។

​កាលពី​ពីរ​សប្តាហ៍​មុន កងទ័ពជើងទឹក​បាន​ធ្វើ​ប្រតិបត្តិ​ការសង្គ្រោះ​ស្រដៀង​គ្នា​នេះដែរ​ក្នុង​តំបន់​ដដែល ដើម្បី​សង្គ្រោះ​ដំរី​មួយ​ក្បាល ដែល​ធ្លាក់ចូល​សមុទ្រ​ប្រហែល ៨ គីឡូម៉ែត្រ​ពី​ឆ្នេរ​ស្រីលង្កា​ក្នុង​សមុទ្រ​ទឹក​ជ្រៅ​នៃ​មហាសមុទ្រ​ឥណ្ឌា​៕ ដោយ៖ កញ្ញាដាលីស

ដំរី​ជំទង់​ពីរ​ក្បាល​ត្រូវបាន​សង្គ្រោះ​ពី​សមុទ្រ​កាលពី​ថ្ងៃអាទិត្យ​នៅក្បែរ​ឆ្នេរ​ស្រីលង្កា