ដំរី​ឈ្មោល​បំ​រ៉ុង​នឹង​ចុះប្រេង​នៅ​មណ្ឌលគិរី ត្រូវ​បង្ក្រាបបាន​ហើយ ដោយ​មន្ត្រី​ជំនាញ​អង្គការ​វ៉ា​យ​អេ​ត​

2153
ចែករម្លែក
  • 252
    Shares

ដោយ​៖ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ ដំរី​ឈ្មោល​ចិញ្ចឹម​បម្រើ​ដល់​វិស័យ​ទេសចរណ៍​មួយ​ក្បាល នៅក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​អ្នកជំនាញ​បង្ក្រាប​ឥទ្ធិពល នៃ​ភាពចុះ​ប្រេង​របស់​វា​បាន​ហើយ បន្ទាប់ពី​វា​បាន​ដាច់​ចំណង​ហើយ​សំងំ​ក្នុងព្រៃ កាលពី​ថ្ងៃទី​២៦​ខែមីនា​២០១៨​កន្លងទៅ​។

​អធិការ​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៨​នេះ​ថា ដំរី​ឈ្មោល​ឈ្មោះ បា​កុ ដែលមាន​ម្ចាស់​ឈ្មោះ ពុក ហាន់ នោះ​ត្រូវ​ចាប់បាន​វិញ​ហើយ បន្ទាប់ពី​មានការ​សហការ​អន្តរាគមន៍​ពី​ជំនាញ​ពេទ្យសត្វ​របស់​អង្គការ​វ៉ា​យ អេ​ត កាលពី​ថ្ងៃទី​២៧​មីនា​ម្សិលមិញ​។ លោក​ថា នៅពេលនេះ ដំរី​ខាងលើ​ត្រូវ​ពេទ្យសត្វ​ចាក់​ថ្នាំបន្សាប​ការចុះ​ប្រេង និង​បង្អត់អាហារ​មួយ​អ​ន្លឺ​សិន ដើម្បី​ឲ្យ​ភាព​កាច​សហាវ ដែល​ត្រៀម​នឹង​ចុះប្រេង​ខ្លាំង​អន់ថយ​ទៅវិញ​។

​មន្ត្រី​ជំនាញ នៃ​អង្គការ​សត្វព្រៃ​ខាងលើ​បញ្ជាក់ថា ដំរី​ខាងលើ​មិនទាន់​អនុញ្ញាត​ឱ្យចូល​រស់នៅក្នុង​ភូមិ​នោះទេ ដើម្បី​កុំឱ្យ​ប៉ះពាល់ ឬ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកភូមិ​។

​គួររំលឹកថា ដំរីចុះប្រេង​មួយ​ក្បាល​ទៀត​រស់នៅ​ក្បែរ​ទឹកធ្លាក់​លែង​ត្រុ​ក ដែល​ស្ថិតក្នុង​ទឹកដី​ក្រុង​សែន​មនោ​រម្យ (​ក្បែរ​ចំណុច​ដំរី​ជាន់​ហ្មរ​សម្លាប់​កាលពីពេល​កន្លងមក​នោះ​) បាន​រួច​ពី​ចំណង​នៅវេលា​យប់​ថ្ងៃទី​២៦​មីនា​។ ដំរី​នោះ បាន​ចូលទៅ​សំងំ​ក្នុងព្រៃ​ចំណុច​អូរ​តេ ដែលមាន​ចម្ងាយ​២​ទៅ​៣​គីឡូម៉ែត្រ ពី​ផ្ទះ​ម្ចាស់​របស់​វា​។ ចាប់តាំងពី​រួច​ពី​ចំណង​រហូតមកដល់​ថ្ងៃ​បង្ក្រាបបាន ដំរី​នោះ​មិនបាន​ធ្វើឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់ ពី​ភាពកាចសាហាវ​របស់​វា​នោះទេ​៕L​