ដំរី​ប្រាំ​ក្បាល​ហើយ​បាន​ដឹកជញ្ជូន​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​

308
ចែករម្លែក
ដំរី​៥​ក្បាល​ហើយ​ដែល​បាន​ដឹកជញ្ជូន​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​(​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​)​

ដោយ​បាយ័ន​/​សៀមរាបៈ​គិត​មកដល់​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ​សត្វ​ដំរី​ចំនួន​ប្រាំ​ក្បាល​ហើយ​ដែល​បាន​ដឹកជញ្ជូន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ ស្ថិតនៅ​ភូមិ​បុស្ស​ធំ ឃុំ​ខ្នា​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។នេះបើយោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ​។

​ការងារ​នេះ​ធ្វើឡើង​ដោយ​សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បីឱ្យ​សត្វ​ដំរី​ទាំងនោះ​មានជីវិត​រស់នៅ​បែប​ធម្មជាតិ​របស់​វា ក៏ដូចជា​ការអភិរក្ស​សត្វ​ដំរី​ទាំងនោះ​ផង​។​
​ប្រភព​ដដែល​បន្តថា​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា សត្វ​ដំរី​ចំនួន​ពីរ​ក្បាល ត្រូវបាន​ក្រុមការងារ​ជំនាញ​ដឹកជញ្ជូន​តាម​រថយន្ត​ចេញពី​កន្លែង​រស់នៅ​មុខ​ប្រាសាទភ្នំបាខែង សំដៅទៅ​កាន់​ព្រៃ​សហគមន៍​បុស្ស​ធំ ដែលមាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។ នៅ​ព្រឹក​ថ្ងៃទី​១៥​នេះ សត្វ​ដំរី​ចំនួន​បី​ក្បាល​ទៀត ក៏បាន​ធ្វើដំណើរ​ទៅកាន់​កន្លែង​រស់នៅ​ថ្មី​នោះដែរ​។​

ដំរី​៥​ក្បាល​ហើយ​ដែល​បាន​ដឹកជញ្ជូន​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​(​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​)

​គួររំលឹកថា​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​បានបញ្ជាក់​ថា ការងារ​នេះ​ធ្វើឡើង​ដើម្បី​លើកកម្ពស់​ជីវិត​នៃ​ការរស់នៅ​បែប​ធម្មជាតិ​របស់​សត្វ​ដំរី សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើការ​ដឹកជញ្ជូន​ស​ត្វ​ដំរី​ជា​បណ្ដើរៗ​ចេញពី​រមណីយដ្ឋាន​អង្គរ​សំដៅ​ទៅរក​ការបញ្ឈប់​សកម្មភាព​អាជីវកម្ម​ក្នុង​ការយក​សត្វ​ដំរី​មក​ផ្តល់​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​កម្សាន្ត​នៅ​ដើមឆ្នាំ​២០២០តទៅ៕សរន

ដំរី​៥​ក្បាល​ហើយ​ដែល​បាន​ដឹកជញ្ជូន​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​(​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​)