ដំរី​ស្រុក​នឹង​បាន​រំដោះខ្លួន​ចេញពី​ទាសករ​របស់​ម្ចាស់​គេ​

263
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: វាសនា​ដំរី​ស្រុក​ពេលនេះ មាន​ភ័ព្វសំណាង​ប្រហាក់ប្រហែល​សត្វ​គោក្របី​នា​សម័យ​នេះដែរ គឺ​លែង​ត្រូវបាន​ធ្វើជា​ទាសករ​សម្រាប់​បម្រើ​ឲ្យ​ការ​ជិះ​​កម្សាន្ត ឬអ្វី​ជា​មហិច្ឆតា​របស់​មនុស្ស​ទៀតហើយ​។​

​ថ្មីៗ​នេះ​ដំរី​៥​ក្បាល នៅ​អង្គរវត្ត​ខេត្តសៀមរាប ត្រូវបាន​លែង​ឲ្យ​រស់នៅ​ក្នុងព្រៃ​បែប​ធម្មជាតិ​វិញ គឺ​លែង​ឲ្យ​ស្ថិតក្នុង​កណ្តាប់ដៃ​ម្ចាស់​គេ​ទៀតហើយ​។ គេ​(​ដំរី​)​លែង​ត្រូវបាន​បង្ខំ​ឲ្យ​ដឹក​ភ្ញៀវទេសចរ​ទាំង​ស្រេកឃ្លាន និង​គ្មាន​សេរីភាព​ទៀតហើយ​។​

​លោក ឃុន ឌី​យ៉ូន ប្រធាន​អង្គការ​អភិរក្ស​សត្វ​ដំរី​ប្រចាំខេត្ត​មណ្ឌលគិរី បាន​ប្រាប់​រស្មី​កម្ពុជា​នៅថ្ងៃនេះ ដោយ​ស្វាគមន៍​និង​អបអរសាទរ​ដែល​បាន​ឭ​ដំណឹង​បែបនេះ​។ ចំណែក​ដំរី​របស់​អង្គការ​មួយ​នេះ​នៅ​ខេត្តមណ្ឌលគិរី​វិញ មាន​ជាង​៦០​ក្បាល បាន​លែង​ឲ្យ​មនុស្ស​ជិះ​ធ្វើ​អាជីវកម្ម​ទាញយក​ផលប្រយោជន៍​តាំងពី ១០​ឆ្នាំមុន​មកម្ល៉េះ​។ គឺ​គ្រាន់តែ​ឲ្យ​ភ្ញៀវ​មើល​ឲ្យ​ចំណី​កាន់​ពាល់​ឬថត​ជាមួយ​ដំរី​តែប៉ុណ្ណោះ​។​ល​។ លោក​ថា ការដែល​ឲ្យ​ដំរី​បញ្ឈប់​ការ​ជិះ​លើ​ខ្នង​ដើរ​រយៈពេល​យូរ​ពេលវេលា​ជា​ប្រការ​វិជ្ជមាន​មួយ​ល្អ​ណាស់។ គឺ​ធ្វើ​ឲ្យ​ដំរី​បាន​សម្រាក​ក្នុង​ភាព​ស្រណុក​ស្រួល​របស់​វា។ មាន​សេរីភាព និង​អាច​រួមភេទ​ជាមួយគ្នា​វា​នៅ​ក្នុងព្រៃ​បាន​ទៀតផង​។ អាច​បង្កើន​សុខភាព​ពន្យារ​អាយុ​បាន​វែង។ រួមចំណែក​អភិរក្ស​ដំរី ដែល​ប្រភេទ​សត្វ​មួយ​នេះ​ចេះតែ​ក្រ​ទៅៗ​នៅ​កម្ពុជា​។​

​លោកស្រី ច​ន្តា ក្លែ​រ ប្រធាន​អង្គការ​អៃ​រាវ​ត្តា​នៅ​ខេត្តរតនគិរី បាន​ប្រាប់​រស្មី​កម្ពុជា​ដែរ​ថា ដំរី​គាត់​មានតែ​៤​ក្បាល​ទេ​។ ដំរី​គាត់​រស់នៅ​ក្នុងព្រៃ​បែប​ធម្មជាតិ​ ហើយ​នៅមាន​ការធ្វើ​អាជីវក​ម្ម​ឲ្យ​ភ្ញៀវ​ជិះ​​តិចតួច​ទេ​។ មិន​ធ្វើ​អាជីវកម្ម​ឲ្យ​ជិះ​ធ្ងន់ធ្ងរ​នោះទេ​។ យើង​អាច​ឲ្យ​ទេសចរ​ចូលទៅ​មុជទឹក​ឲ្យ​វា ឲ្យ​ចំណី​វា ដើរលេង​ជាមួយ​វា​ឬឲ្យ​ភ្ញៀវ​ជិះ​វា​បន្តិចបន្តួច​។ធ្វើជា​ហ្មរ និង​មានពេលខ្លះ​គេ​ជួ​លវា​ធ្វើជា​ថតកុន​ជួល​ឲ្យ​ទៅ​ចូលរួម​ពិធីមង្គលការ​ហែរ​ជំនូន​ជាដើម​។ ស្ថានភាព​រស់នៅ​សត្វ​ដំរី​នៅ​ខេត្តសៀមរាប​ខុសពី​របៀបរបប​រស់នៅ​ដំរី​ខេត្តរតនគិរី​។ ដំរី​ខេត្តសៀមរាប គឺ​ធ្វើ​អាជីវកម្ម​ដឹក​ទេសចរ ត្រូវ​ដើរ​លើផ្លូវ​លំបាកៗ​ជាច្រើន​ម៉ោង បម្រើឲ្យ​ម្ចាស់​គេ​។ ចំណី​មិន​គ្រប់គ្រាន់ ទឹក​ផឹក​មិន​ឆ្អែត រស់នៅក្នុង​ធាតុ​អាកាស​ក្តៅ​ជាង​រតនគិរី​។​

​ក៏ប៉ុន្តែ​លោកស្រី ចិន្តា ក្លែ​រ និង​លោក ឃុន ឌី​យ៉ូន បាន​និយាយ​ដូចគ្នា​ថា នៅ​វៀតណាម​និង​ប្រទេស​ថៃ ដំរី​ស្រុក​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ទេសចរ និង​ធ្វើ​អាជីវកម្ម​ផ្សេងៗ ជា​ប្រយោជន៍​របស់​ម្ចាស់​វា ដោយ​មិន​គិតពី​អ្វី​ថា ជាការ​ធ្វើ​ទារុណកម្ម​ទៅលើ​សត្វ​ដ៏​កម្រ​មួយ​នេះ​ទេ​៕ ល​/សរន