ដំរី​១១​ក្បាល​ហែ​ថ្វាយ​កិត្តិយស​ដល់​ស្តេច​ថ្មី​របស់​ថៃ​

857
ចែករម្លែក

​សត្វ​ដំរី​១១​ក្បាល​ជាមួយនឹង​ភ្លុក​យ៉ាង​ស្អាត​ត្រូវបាន​ហែ​ក្បួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​៧​ឧសភា​នៅក្នុង​ក្រុង​បាងកក​ដើម្បី​ជា​ការថ្វាយ​កិត្តិយស​ដល់​ព្រះបាទ មហា វិជ្ជ​រ៉ា​ឡុងកន​។​

​ក្បួន​ដង្ហែ​«​ដំរី​នៃ​ទឹកដី​ដើម្បី​សម្តែង​គារវកិច្ច​ចំពោះ​ព្រះមហាក្សត្រ​» ត្រូវបាន​រៀបចំ​ឡើង​ក្រោម​ការតុបតែង​យ៉ាង​ស្អាត​ដោយ​មាន​ការចូលរួម​ពី​ហ្មដំរី​និង​បុគ្គលិក​មណ្ឌល​ថែរ​រក្សា​​ដំរី​នៅ​ខេត្ត​អាយុ​ទ្យា​។​

​ពួក​ហ្ម​ស្លៀកពាក់​បែប​ប្រពៃណី​ពណ៌​លឿង ខណៈ​ពួកគេ​បាន​ធ្វើដំណើរ​លើ​ខ្នង​ដំរី​ពី​បញ្ជាការ​ការ​ជាតិ​ជាតិ កាត់​តាម​ផ្លូវ​សា​ណា​ម​ឆៃ និង​ឈប់​នៅ​ចំពោះមុខ​ប្រសាទ​ព្រះ​កែវ​មរកត​​មុន​បាន​បត់​ឆ្វេង​ទៅ​ឈប់​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​។​

​ក្រោយ​ពី​ដើរ​បែប​ព្យុហយាត្រា ពពួក​ដំរី​នេះ​បន្ទាប់​មក​លត់​ជង្គង់​ចុះ​និង​ធ្វើ​គារវកិច្ច​ចំពោះ​រូបថត​ស្តេច​អស់​១៩​វិនាទី ហើយ​តំណាង​បាន​ដាក់​កម្រងផ្កា​នៅមុខ​រូបគំនូរ​ស្តេច​។​

​ស្តេច​វិជ្ជ​រ៉ា​ឡុងកន​កាល​ពី​ថ្ងៃសៅរ៍​បាន​ចូលរួម​ក្នុង​ពិធី​បែប​សាសនាព្រះពុទ្ធ​និង​ហិណ្ឌូ ដែល​បង្កើត​ឋានៈ​របស់​ទ្រង់​ជា​ព្រះមហាក្សត្រ​ពេញសិទ្ធិ​ជាមួយ​អំណាច​ដ៏​ថ្លៃថ្លា​ពេញទី​។​

​ដោយ​គេ​ស្គាល់​ផង​ដែរ​ថា ស្ដេច​រាមា​ទី​១០ ដែល​ជា​ស្ដេច​ទី​១០ នៃ​រជ្ជកាល​ចក្រី ព្រះអង្គ​វិជ្ជ​រ៉ា​ឡុងកន​បាន​ក្លាយជា​ស្តេច​ចាប់តាំងពី​ការ​ចូល​ទិវង្គត​របស់​ព្រះមហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត ដែល​ជា​ព្រះមហាក្សត្រ​គ្រងរាជ្យ​អស់​រយៈពេល ៧ ទសវត្សរ៍​៕ ដោយ​៖ កញ្ញា​ដា​លី​ស​/​វាសនា​