ដំឡូង​រលួស​ឬ​ប៉ិកួៈ​នៅ​ស្រុក​កំពង់សៀម​ចាប់​ប្រមូល​ផល​បណ្តើរៗ​ហើយ​ជាមួយ​តម្លៃ​ល្អ

611
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ ដំឡូង​រលួស ឬ​ប៉ិកួ​:​ជា​ភាសា​ចិន ដែល​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេមេគង្គ ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​និយម​ដាំ​នោះ គឺ​បាន​ប្រមូល​ផល​ជា​មើម​បណ្តើរៗ​ហើយ​។ បន្ទាប់ពី​ចំណាយពេល​ដាំ​ដុះ និង​ថែរក្សា​ប្រមាណ​ជាង ៩០ ថ្ងៃ គឺ​ទទួលបាន​តម្លៃ​ល្អ​ខ្ពស់ជាង​ឆ្នាំមុន​។​

លោក ជឹម ពោ កំពុង​ប្រមូល​ប៉ិកួ​:​នៅ​ចម្ការ​មួយកន្លែង​សិ្ថ​ត​ក្នុងភូមិ​ថ្មី ឃុំ​រំចេក ស្រុក​កំពង់សៀម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២ មករា​នេះ​ថា គ្រួសារ​លោក​បាននាំគ្នា​គាស់​យក​មើម​ប៉ិកួ​: ពី​ក្នុង​ដី​ទំហំ​ទទឹង ១៧ ម៉ែត្រ និង​បណ្តោយ​៨០ ម៉ែត្រ ចំនួន​បី លើកចុងក្រោយ​នេះ​។ ដោយ​សរុប​បាន​ផល​ជា​មើម​សរុប​ទម្ងន់ ១,៥០ តោន​។​

ម្ចាស់​ចម្ការ​វ័យ ៦៥ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀង​ថា ក្នុងនោះ​លក់​ឲ្យ​ឈ្មួញ​ដែល​បញ្ជា​ទិញ​យកទៅលក់​បន្ត បាន​តម្លៃ​មួយ គីឡូក្រាម ៩០០ រៀល​។ តម្លៃ​នេះ​ខ្ពស់ជាង​កាលពី​ឆ្នាំ​២០១៨ ចំនួន ២០០ រៀល​។​ប៉ុន្តែ​ជា​ចម្ការ​ប៉ិកួ​:​ប្រមូល​ផល​លើកដំបូង​នេះ វា​បាន​ថយ​ទិន្នផល​មើម​តូច ដោយសារ​ដី​ថ្មី គឺ​ពុំមែន​ជា​ដីល្បាប់​ទន្លេមេគង្គ​។

បុរស​ដែលមាន​បទពិសោធន៍​ជាង ២០​ឆ្នាំ ខាង​ដំណាំ​ប៉ិកួ​:​ម្នាក់នេះ​បាន​បន្តថា ទំហំ​ចម្ការ​ខាងលើ បើសិន​ដី​មាន​ជីជាតិ​គ្រប់គ្រាន់​វិញ គឺអាច​ផ្តល់​ទិន្នផល​ជាង​បួន​តោន​។ ប៉ុន្តែ​ចម្ការ​មួយ​នេះ​វា​គ្រប់​អាយុ​ហើយបី​ខែ​ហើយ​បែរជា​មើម​តូច ក៏​សម្រេច​ប្រមូល​ផល ដើម្បី​យក​ដី​ដាំ​ពោតស​បន្ត​។ ម្យ៉ាង​គ្រួសារ​លោក​នៅមាន​ចម្ការ​ប៉ិកួ​:​នេះ​នៅ​តំបន់​នេះ​ចំនួន ប្រាំ កន្លែង​ផ្សេងទៀត ដែល​អាច​ផ្តល់​ប្រាក់ចំណូល​ក្នុង​មួយ​រដូវ​ចំនួន​៦.០០០ ដុល្លារ​ដែរ​។

អ្នកស្រី រ៉េ​ន សុភ​ក្តី ជា​អ្នកជា​អ្នកលក់​មើម​ប៉ិកួ​:​នៅក្បែរ​ផ្លូវ​ក្រុង​កំពង់ចាម​-​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​បាន​ឲ្យ​ដឹងថា អ្នកស្រី​បានទទួល​មើម​ប៉ិកួ​:​ពី​អ្នក​ដាំ មក​ដាក់​ចំនួន បួន ថ្ងៃ​ហើយ​។ ដោយ​ក្នុង​មួយថ្ងៃ​លក់បាន​ពី ១០០ ទៅ ១៥០ គីឡូក្រាម គឺ​ភាគច្រើន​ជា​អតិថិជន​ជា​អ្នកធ្វើដំណើរ​តាម​រថយន្ត​បាន​ឆ្លងកាត់​។ ក្នុង​ម្នាក់​ទិញ​ចាប់ពី ១០ ទៅ ២០ គីឡូក្រាម​។​

អ្នកស្រី សុភ​ក្តី បាន​បន្ថែមថា តម្លៃ​មើម​ដល់​ដំបូងដៃ​នេះ​ចាប់ពី ១.០០០ ដល់ ១.៥០០ រៀល តាម​ទំហំ​តូចធំ នៃ​មើម​របស់​ប៉ិកួ​:​។ តម្លៃ​នេះ អាច​នឹង​ស្រុត​ចុះក្រោម នៅ​ប្រមាណ ១០ ថ្ងៃ ទៀត​ខាងមុខនេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​តម្លៃ​មើម​ប៉ិកួ​: ឆ្នាំនេះ នឹងមាន​តម្លៃ​ថេរ​ពី មួយ​គីឡូក្រាម ៥០០ ទៅ ១.៥០០​រៀល ដូច​តម្លៃ​រយ​:​ពេល បួន ឆ្នាំ​ដែល​អ្នកស្រី​បាន​ប្រកប​របរ​លក់ ប៉ិកួ​:​នេះ​ទៅ​ចុះ​៕B/