ដំឡើង​ពន្ធ និង​ឈប់​ផ្សាយពាណិជ្ជកម្មលើ​ថ្នាំជក់ គ្រាន់តែ​ជា​ផ្នែក​មួយ តែ​សំខាន់​ខ្លួន​យើង​ម្នាក់ៗ​

677
ចែករម្លែក

​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ អ្នកជំនាញ​បាន​លើកឡើង​ថា ដើម្បី​កាត់បន្ថយការស្លាប់ និង​ការខាតបង់​បណ្តាលមកពី​ប្រើប្រាស់​ថ្នាំជក់​អ្នកជំនាញ​លើកឡើង​ជាការ​ស្នើសុំ​ដល់រាជរដ្ឋាភិបាល​កម្ពុជា គប្បី​ដំឡើងពន្ធ​លើ​ថ្នាំជក់​ឱ្យដល់ ៧០ ទៅ ៧៥ ភាគរយ ខណៈ​បច្ចុប្បន្ន ពន្ធ​លើ​ថ្នាំជក់​នៅកម្ពុជា ត្រឹមតែ ៣១ ភាគរយ​ប៉ុណ្ណោះ​។ នៅ​ប្រទេស​ថៃ បច្ចុប្បន្ន អត្រាពន្ធ​លើបារី​ខ្ពស់​ជាងគេ គឺមាន​ចំនួន ៧០​ភាគរយ​។​

​អ្នកជំនាញ លើកឡើងថា កម្ពុជាខាតបង់​ធំធេង​ណាស់ ដោយសារ​ថ្នាំជក់ ​ព្រោះថ្នាំ​ជក់​ហើយ និយាយ​ឲ្យ​ចំ គឺ​បារី​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា ១ ម៉ឺន​នាក់ ក្នុង ១ ឆ្នាំៗ​ហើយ​បានចំណាយ​ជាង ២០០ លាន​ដុល្លារទៅលើការទិញ​បារី និង​ជាង ១៦៣ លាន​ដុល្លារ​ក្នុងការ​ព្យាបាលជំងឺ​ដោយសារ​ថ្នាំជក់នៅក្នុង ១​ឆ្នាំៗ​។​

​រីឯ​នៅ​ទូទាំង​ពិភពលោក​វិញ ថ្នាំជក់ ត្រូវបាន​អ្នកជំនាញអះអាងថា ជា​មូលហេតុ​ធំជាងគេ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ដោយនៅ​ទូទាំង​ពិភពលោក ថ្នាំជក់​បានសម្លាប់​មនុស្ស ប្រមាណ​ជា ៦ លាន​នាក់​ក្នុង ១ ឆ្នាំៗ​។
​ ​
​អ្នកជំនាញ​លើកឡើងថា ការដំឡើង​ពន្ធ​លើ​ថ្នាំជក់ គឺជា​មធ្យោបាយឈ្នះ ឈ្នះ ដោយ​រដ្ឋាភិបាល មិនត្រូវ​ការចំណាយ​អ្វី​ឡើយ ហើយ​ថែមទាំងនាំឱ្យ​បានចំណូល​ជាតិ​ខ្ពស់​ធ្វើឱ្យ​ថ្នាំជក់​ឡើងថ្លៃ អ្នក​ជក់​ថយចុះ​អត្រា​មរណៈ និង​ជំងឺ​ដែល​បណ្តា​លពី​ការប្រើប្រាស់​ថ្នាំជក់​ក៏​ថយចុះ​ដែរ​។​
​ ​
​ក្រៅពី​វិធាន​ការស្នើ​ឲ្យ​រាជរដ្ឋាភិបាល បង្កើន​ពន្ធ​លើ​ថ្នាំជក់ មកដល់ពេលនេះ រាជរដ្ឋាភិបាល​បានសម្រេច​បញ្ឈប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ថ្នាំជក់គ្រប់​រូបភាព សូម្បីតែ​នៅលើ​ផ្ទាំង​ប៉ាណូ​តាមផ្លូវ ហើយ​សូម្បីតែ​ទូ​លក់​បារី ក៏​លែង​ឲ្យ​តាំង​តាម​ហាង​លក់ទំនិញ ឬក៏​តាម​ចិញ្ចើមផ្លូវ​ទៀតហើយ​។​
​ ​
​លើសពីនេះ​ទៀត រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឲ្យ​បិទ​ស្លាក​ព្រមានសុខភាព នៅលើ​កញ្ចប់​បារី ដោយមាន​ទាំង​សារ​ជា​អក្សរ​ធំៗ ដូចជា ជក់បារី នាំ​ឲ្យ ខូចសុខភាព ជក់បារីនាំ​ឲ្យ​កើត​ជំងឺ​សួត … ជាដើម​។ រូបភាពនៅលើ​កញ្ចប់​បារី ក៏​ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ឲ្យ​ក្រុមហ៊ុន​បារី​ទាំងអស់ បិទ​នៅលើ​កញ្ចប់​បារី បង្ហាញ​ពី​ជំងឺ​ខូច​សួត ជំងឺ​កើត​ពី​ថ្នាំជក់ មហារីក​មាត់ និង​រូបភាព​ជំងឺ​ជាច្រើន រាប់មិនអស់​ផ្សេងទៀត​។​
​ ​
សារ​ជា​អក្សរ សារ​ជា​រូបភាព​លើ​កញ្ចប់​បារី ការឈប់​ផ្សាយពាណិជ្ជកម្ម​គ្រប់រូប​ភាព​រួមទាំង​ការមិនដាក់តាំង​លក់​បារី​ជា​ចំហ ​រួមទាំង​វិធានការ​ហាមឃាត់​ការជក់បារី​នៅ​កន្លែង​សាធារណៈ និង​ឯកជនមួយចំនួន គឺ​រាជរដ្ឋាភិបាល និង​ច្បាប់​បានសម្រេច​រួចហើយ​។

​ប៉ុន្តែ​ក្នុងសង្គម​យើង បច្ចុប្បន្ន​ទោះបីជា​អត្រា​អ្នក​ជក់បារី​មិន​រីក​រាលដាល ឬក៏​អាច​និយាយថា បាន​កាត់បន្ថយ ដោយ​យុវវ័យ​មួយចំនួន មិន​ជ្រួលជ្រើម​ជក់ បារី​តាម​គ្នា​មែន តែ​បើសិនជា​អ្នក ជក់បារី​វិញ គឺ​ទោះបីជា​លើ​កញ្ចប់​បារី មាន​សារ​ព្រមាន​សុខភាព​ជា​អក្សរ និង​ជា​រូបភាព​ក្តី ក៏​អ្នក​ជក់បារី​ទាំងនោះ នៅតែ​យកលុយទៅ​ទិញ​បារី​មួយកញ្ចប់ៗ រាប់ពាន់​រៀល​យកមក​ជក់​ដដែល​។​

​យ៉ាងណាមិញ ដូចគ្នា​នឹង​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ដែរ ទោះបីជា​អ្នកជំនាញ ខំប្រឹង​លើកឡើងថា ផឹកស្រា នាំ​ឲ្យ​ខូចសុខភាព ហើយ​សេព​គ្រឿងញៀន នាំ​ឲ្យ​ខូច​ទាំង​សុខភាព និង​ខូច​ទាំង​អនាគត យ៉ាងណាក៏ដោយ ក៏​នៅតែមាន​អ្នក​ផឹកស្រា ក៏​នៅតែមាន​អ្នក​សេព​គ្រឿងញៀន​ដដែល​។​

​សរុបមក គឺ​មានតែ​បុគ្គល​ម្នាក់ៗ មិន​ថា ជក់បារី ផឹកស្រា ឬក៏​ប្រើ​គ្រឿងញៀន​នោះទេ គឺ​ត្រូវ​ឈប់ដោយ​ខ្លួនឯង ពោលគឺ​មិន​ជក់បារី មិន​ផឹកស្រា និងមិន​ប្រើ​គ្រឿងញៀន​ឡើយ ព្រោះថា អំពើ​អបាយមុខ​អស់​ទាំងនេះ ពិតជា​នាំ​ឲ្យ ខូចសុខភាព ទាំង​អ្នក​ជក់​ផ្ទាល់ ទាំង​អ្នក​ផឹក​ផ្ទាល់ និង​ទាំង​អ្នក​ប្រើគ្រឿងញៀន ខ្លួនឯង​ផង ព្រមទាំង​នាំ​ផលប៉ះពាល់​ដល់​អ្នកដទៃ ក៏ដូចជា​សង្គម​គ្រួសារ និង​សង្គមជាតិ ទាំងមូល​។​

​ចង់​អ្នកឯង​ផ្សាយពាណិជ្ជកម្មដាក់​រង្វាន់​រាប់លាន​ដុល្លារ ចង់​អ្នកឯង​ជួល​ស្ត្រី​ស្អាត ដើរ​ផ្សាយពាណិជ្ជកម្ម​បារី ហើយ​ចង់​អ្នកឯង​លក់​ថោក​បែបណា តែបុគ្គល​ម្នាក់ៗ មិន​រវីរវល់ និង​មិន​ទិញយកមក​ជក់ យកមក​ផឹក​ទេ នោះ​គឺ​អ្នក​មិនបាន​ចូលរួម​បំផ្លាញ​សុខភាព​ខ្លួនឯង និង​សង្គមជាតិឡើយ​។ ពោលគឺ​មាន​លុយហើយ បែរជា​យកលុយ​ទៅ​ទិញ​ថ្នាំពុល មក​ជក់ មក​ផឹក ដើម្បី​សម្លាប់ខ្លួនឯង​ទៀត តើ​សម​ដែរឬទេ​? ៕ ដោយ​៖ ម៉េង​ឆៃ​/Ha