រដ្ឋមន្ត្រី​មហាផ្ទៃ​ផ្ដល់​អនុសាសន៍​ប្រាំ​ចំណុច​ដល់​វេទិកា​ស្តីពី​មុខងារ​នីតិកម្ម និង​កែទម្រង់​រាជរដ្ឋាភិបាល​

412
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​វេទិកា​ស្តីពី​មុខងារ​នីតិកម្ម និង​ការងារ​កែទម្រង់​របស់​រាជរដ្ឋាភិបាល កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​


​សម្ដេច​ក្រឡាហោម ស ខេង បានផ្ដល់​អនុសាសន៍​ចំនួន​ប្រាំ​ចំណុច ដល់​វេទិកា​ស្តីពី​មុខងារ​នីតិកម្ម និង​ការងារ​កែទម្រង់​របស់​រាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តាម​អ្វីដែល​បានកំណត់​។ អនុសាសន៍​ទាំង​ប្រាំ​ចំណុច​រួមមានៈ ទី​១. លើកទឹកចិត្ត​ឲ្យ​រៀបចំ​វេទិកា​ស្ដីពី​មុខងារ​នីតិកម្ម និង​ការងារ​កំណែទម្រង់​រាជរដ្ឋាភិបាល​នេះ ជា​ទៀងទាត់​រយៈពេល​១​ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ក្លាយជា​អភិក្រម​មួយ សម្រាប់​ការប្រមូលផ្ដុំ​គំនិត និង​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ ដើម្បី​ស្វែងរក​នូវ​ដំណោះស្រាយ​រួមគ្នា លើ​ការងារ​កំណែទម្រង់ និង​ការងារ​នីតិកម្ម​។ ទី​២. ស្នើ​ដល់​ក្រុមប្រឹក្សា​នីតិកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ សហការ​ជាមួយ​លេខាធិការដ្ឋាន​នៃ​កំណែទម្រង់​ទាំង​៤ និង​អង្គភាព​នីតិកម្ម​នៃ​ក្រសួង ស្ថា​ប័​នានា​នា ដើម្បី​យក​លទ្ធផល​នៃ​វេទិកា​នេះ​ទៅ​ជជែក​ពិភាក្សា​រៀបចំ​យន្ដការ និង​វិធានការ​នានា​ដើម្បី​បង្កើន​ប្រសិទ្ធភាព ការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស​ការងារ​កំណែ​ទម្រង់ និង​ការងារ​នីតិកម្ម​។ ទី​៣. យើង​បានទទួល​ស្គាល់​ទាំងអស់គ្នា​ថា មុខងារ​នីតិកម្ម​ពិតជា​មាន​ភាព​ចាំបាច់​ក្នុងការ​គាំទ្រ ដល់​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ន​នីមួយៗ ត្រូវ​រៀបចំ​ឲ្យ​មាន​យន្ដការ​ស្ថាប័ន​ជាក់លាក់​សម្រាប់​ទទួល​បន្ទុក ការងារ​នីតិកម្ម ដើម្បី​ចូលរួម និង​គាំទ្រ​ដល់​ការងារ​កំណែទម្រង់​ស្នូល​ទាំង​៤ និង​កំណែទម្រង់​តាម​វិស័យ​នីមួយៗ​។ ទី​៤. ដើម្បី​ធានាបាន​នូវ​ការងារ​ចូលរួម​យ៉ាងសកម្ម និង​ការគាំទ្រ​ប្រកបដោយ​ប្រសិទ្ធភាព ដល់​ការងារ​កំណែទម្រង់ អង្គភាព​នីតិកម្ម នៃ​ក្រសួង ស្ថាប័ន​នីមួយៗ​ចាំបាច់ ត្រូវ​ពង្រឹងសមត្ថភាព អង្គភាព​របស់ខ្លួន ត្រូវមាន​របៀបរបប​ការងារ​ច្បាស់លាស់ និង​មាន​ផែនការ​សកម្មភាព​ជាក់លាក់​។ ទី​៥. ក្រសួង ស្ថាប័ន​អង្គភាព​នីតិកម្ម នៃ​ក្រសួង ស្ថាប័ន​នីមួយៗ ត្រូវ​បន្ដ​ខិតខំ​ពិនិត្យ និង​តំ​រិម​គោលនយោបាយ យុទ្ធសាស្ដ្រ និង​លិខិតបទដ្ឋាន គិត​យុ​ត្តិ ក្នុង​វិស័យ​របស់ខ្លួន​ឲ្យ​មាន​ភាពត្រឹមត្រូវ ច្បាស់លាស់ និង​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅនឹង​កំណែទម្រង់​ស្នូល​ទាំង​បួន​របស់​រាជរដ្ឋាភិបាល​៕ SRN