រដ្ឋាភិបាល​ចិនផ្តល់​ជំនួយសម្ភារៈ​សម្រាប់​បម្រើ​ការងារ​វិស័យ​ស​កម្ម​ភាព​មីន​ដល់​កម្ពុជា​

199

ភ្នំពេញ​: ក្នុង​គោលបំណង​ជួយ​ទៅដល់​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា រដ្ឋាភិបាល​ចិន តាមរយៈ​ស្ថានទូត​ចិននៅ​កម្ពុជា​បាន​ផ្តល់ជំនួយ​ជា​សម្ភារៈ​ឧបករណ៍​ជាច្រើន​សម្រាប់​បម្រើ​ការងា​រ​វិស័យ​សកម្មភាព​មីន​ដល់​កម្ពុជា​។​ការផ្តល់ជំនួយ​លើ​វិស័យ​សកម្មភាព​មីន​របស់​ចិន​នេះ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​បានប្រកាស​លែង​ផ្តល់ជំនួយ​ដល់កម្ពុជា​លើ​វិស័យនេះ​។​

​រដ្ឋាភិបាល​ចិន ផ្តល់​ជំនួយសម្ភារៈ​សម្រាប់​បម្រើ​ការងារ​វិស័យ​ស​កម្ម​ភាព​មីន​ដល់​កម្ពុជា​(​រូប
សុផល​)

 


​សូមបញ្ជាក់ថា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​១១ វិច្ឆិកា កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឹ​ឈាង បាន​សន្យា​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា នឹងជួយ​ដោះមីន​នៅ​កម្ពុជា​។​​ពិធី​ប្រគល់​និង​ទទួល​ជំនួយ​ជា​ផ្លូវការ​បាន​ត្រូវធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដោយមាន​ការចូលរួម​ពី​លោក​ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធាន​ទី​១​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុច អគ្គលេខាធិការ​អាជ្ញាធ​រ​មីន និង​លោក សុង ប៉ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​
​លោក​ទេសរដ្ឋមន្ត្រី លី ធុច បាន​មានប្រសាសន៍​ឱ្យដឹងថា​ជំនួយ​នេះ​បង្ហាញ​ពី​ទឹកចិត្ត​សប្បុរស​របស់​ម​ហា​មិត្ត​ចិន​ចំពោះ​សុខទុក្ខ​របស់​ប្រជាជន​កម្ពុជា​ជា​បងប្អូន​។​សំភារៈ​ជំនួយ​ទាំងនោះ​រួមមាន ម៉ូតូ​ចំនួន​៤០​គ្រឿង កុំព្យូទ័រ​យ​ឬ​ដៃ​១៤​គ្រឿង កុំព្យូទ័រ​លើ​តុ​ពីរ​គ្រឿង អាយ​ផេ​ដ​១០​គ្រឿង រទេះ​ជនពិការ​១២០០​គ្រឿង តង់​ចល័ត​៣៤០​សម្រាប់ ម៉ាស៊ីនរាវរក​ជាតិ​ដែក​ចំនួន​១៨​គ្រឿង ម៉ាស៊ីន​កំទេច​គ្រាប់​១៨​គ្រឿង សម្លៀកបំពាក់​ការពារ​ពេល​ដោះមីន​១៨​កំ​ប្លេ ឧបករណ៍​បោសសម្អាត​មីន​១៨​គ្រឿង​។​​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា នាពេល​កន្លងមក​ប្រទេស​ចិន​ក៏បាន​ផ្តល់ជំនួយ​ជាច្រើន​ដល់​កម្ពុជា​លើ​វិស័យ​សកម្មភាព​មីន​រួមមាន​ថវិកា សម្ភារៈ ការបណ្តុះបណ្តាល​ផងដែរ​។​

ចំណែកលោក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ដោយសារ​មីន​បន្សល់​ពីសម័យ​សង្គ្រាម​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​កម្ពុជា​និង​សេដ្ឋកិច្ចកម្ពុជា​។​ជា​រៀងរាល់ឆ្នាំ​មនុស្ស​ជិត​១០០​នាក់រងគ្រោះ​ដោយសារ​មីន​។​ការ​បោសសម្អាត​មីន​ជា​បុព្វហេតុ​នាំ​សេចក្តីសុខ​ដល់​មនុស្សជាតិ​។​ដូច្នេះ​រដ្ឋាភិបាល​ចិន​បានទទួល​កាតព្វកិច្ច​មនុស្សធម៌ និង បាន​គាំទ្រ​យ៉ាងសកម្ម​នូវ​បុព្វហេតុ​បោសសម្អាត​មីន ។​លោក​ទូត បាន​បញ្ជាក់ថា​រដ្ឋាភិបាល​ចិន នៅតែ​បន្ត​ជួយ​និង​សហការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បោសសម្អាត​មីន ៕MN/ដោយៈសុផល