(ភ្នំពេញ) ៖ មុនពេលប្រឡងបាក់ឌុបមួយថ្ងៃ ពោលគឺនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ គេសង្កេតឃើញ យុវជន យុវនារីដែលជាបេក្ខជនប្រឡងសញ្ញាប័ត្របាក់ឌុប រាប់ពាន់នាក់ បានមកអុជធូបបន់ស្រន់តាមជំនឿរៀងៗខ្លួន ដើម្បីសុំដល់ព្រះអង្គដងកើដែលប្រជាជនកម្ពុជាជឿជាក់នូវឫទ្ធីបារមីរបស់ព្រះអង្គ ជួយឲ្យពួកគាត់ប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ សម្រាប់សម័យប្រឡងនាថ្ងៃទី២១-២២ ខែសីហា ឆ្នាំ ២០១៧ នេះ។
សូមបញ្ជាក់ថា ឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រលងចំនួន១០៣.១១២នាក់ និងមានមណ្ឌលប្រឡងចំនួន១៧៨មណ្ឌលចែកចេញជា៤.១៥៥បន្ទប់ នៅទូទាំងប្រទេសដោយដំណើរការប្រឡងមានការតឹងរឹងជាងឆ្នាំមុនៗ ជាមួយនឹងអ្នកស្ម័គ្រចិត្តសង្កេតការណ៍ជិត៥.០០០នាក់មកពីគ្រប់ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយចូលរួមតាមដានតាមគ្រប់សកម្មភាពទាំងអស់នៃព្រឹត្តិការណ៍ប្រលងនេះ។
ទោះជាបេក្ខជនប្រឡងសញ្ញាប័ត្របាក់ឌុប ភ្លូកទឹកភ្លូកដីទៅបន់ស្រន់សុំអោយប្រឡងជាប់ក្តី ការប្រឡងឆ្នាំនេះត្រូវរំពឹងថានឹងជាប់ច្រើនដោយសារឃើញមានចលនាខិតខំរៀនពីប្អូនៗត្រូវប្រឡងដោយសារតែឃើញបទពិសោធន៍ប្រឡងកន្លងមកនិងមានការបញ្ជាក់ឬពញ្ញាក់ស្មារតីសិស្សម្តងហើយម្តងទៀតពីក្រសួងអប់រំ៕ដោយ៖វិបុល-វាសនា
(រូប៖វេបសាយ)
