ឋានានុក្រម​, ឋាន​, ឋានីយ​, ទិវា​, ទិនានុប្បវត្តិ​, ទិន្នន័យ​, ទិនានុលេខន៍​, យល់សប្ត​, យល់​, យាន​, យ៉ាង​, យុត្តិធម៌​, យុគន្ធរ​, ដង្ហែ​, ដណ្ដប់​, ដណ្ដឹង​, ដំណាល​

2087
ចែករម្លែក
  • 2
    Shares

​ឋានានុក្រម ឋា ន៉ា នុ ក្រំ បា​.; សំ​. ( ន​. ) (​ឋាន + អនុ​ក្កម > ឋា​នា​នុ​ក្កម​; ស្ថាន + អនុក្រម > ស្ថា​នា​នុ​ក្រម​) លំដាប់​ឬ​របៀប នៃ​ទី​, នៃ​ងារ​, នៃ​មុខងារ​, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើពាក្យ​នេះ​ជា​តំណែង​នៃ​សមណស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជាគណៈ តាម​លំដាប់​ចុះមក : និមន្ត​ព្រះ​ភិក្ខុសង្ឃ​រាជាគណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត ។

​ឋាន បា​.; សំ​. ( ន​. ) (​ស្ថាន​) ទី​, កន្លែង​, តំបន់​, ប្រទេស​, ទីតាំង​, ទី​តម្កល់ ។​ល​។ : ឋានមនុស្ស​, ឋានសួគ៌​, ឋានព្រហ្ម​; នៅ​ឋាន​ណា ? មកពី​ឋាន​ណា ? ។ តួ​ផ្ទៃរាប​ដែល​លាបថ្នាំ​ឆ្លាស់ពណ៌ : ឋានស​, ឋានលឿង​…​។ តួ​ផ្ទៃ​គ្រឿង​រចនា ត្រង់​ដែល​រាប ដែល​រលីង : ក្រោម​ក្បាច់​ត្របកឈូក ត្រូវ​ទុក​ឲ្យ​មាន​ឋាន​ទំហំ ៤ ឆ្នាប់ ។

​ឋានីយ –​នី ឬ –​ណី បា​.; សំ​. ( ន​. ) (​ស្ថានីយ​) ទី​សម្រាប់​សម្នាក់​, ទីសំចត​, ទី​ចត​, ដំណាក់​សម្រាប់​ឈប់សម្រាក​, សម្រាប់​ដាក់រទេះ​ជាដើម​; ភូមិ​, ស្រុក​, ។​ល​។ : ឋានីយ​រទេះ​, ឋានីយ​រថយន្ត​, ឋានីយ​រទេះភ្លើង​… (​ច្រើន​ប្រើ ស្ថានីយ ជាង ឋានីយ​) ។

ទិវា សំ​. ( ន​. ) ថ្ងៃ ។ (​សំ​. បា​. និ​.) ក្នុង​វេលា​ថ្ងៃ​, នៅវេលា​ថ្ងៃ ។ ខ្មែរ​យើង​ច្រើន​និយាយថា ទិវារាត្រី គឺ​ទាំង​ថ្ងៃ ទាំងយប់ (​ព​. ទេ​.) ។

ទិនានុប្បវត្តិ ទិ​នា​នុប​-​ប៉ៈ វ័ត បា​. ( ន​. ) (​ទិន “​ថ្ងៃ​” + អនុ “​តាម​, លំដាប់​, ហូរហែ​…” + បវត្តិ “​ដំណឹង​” > ទិនានុប្បវត្តិ​) ដំណឹង​ដែលមាន​រាល់ថ្ងៃ​; សំបុត្រ​ឲ្យ​ដំណឹង​តាម​លំដាប់​ថ្ងៃ គឺ​សំបុត្រ​ចេញ​ប្រាប់​ដំណឹង​ផ្សេងៗ រាល់ថ្ងៃ​ឲ្យ​អ្នក​ទាំងពួង​ដឹង (​កាសែត​) ។

​ទិន្នន័យ ទិន​-​នៈ នៃ បា​. ( ន​. ) (​ទិន្ន​+​ន​យ​) ន័យ​ឬ​សេចក្ដីពន្យល់​ដែល​គេ​បាន​ឲ្យ​ហើយ​, ចំណុច​សំខាន់​យ៉ាងពិត​ប្រាក​ដដែល​បាន​ពន្យល់​រួចហើយ : គប្បី​ធ្វើតាម​ទិន្នន័យ​នេះ​ចុះ​មិន​ខុស​ទេ ។

​ទិនានុលេខន៍ ទិ​-​នា​-​នុ​-​លេក បា​. ( ន​. ) (​កំណត់​តូច ឬ​កូនសៀវភៅ​សម្រាប់​កត់ត្រា កិច្ចការ ដែល​ត្រូវធ្វើ​រៀងរាល់ថ្ងៃ​: ទិនានុលេខន៍​ជាវ​ត្ថុ​មាន​ប្រយោជន៍​សំខាន់​មួយ​ក្នុងការ​កត់ត្រា ចំណាំ​នូវ​កិច្ចការ​ផ្សេងៗ​រៀងរាល់ថ្ងៃ​ដើម្បី​កុំ​ឲ្យ​ភ្លេច ឬ​ភ័ន្តច្រឡំ ។

​យល់សប្ត –​សប់ សំ​. បា​. ( កិ​. ) (​សុប្ត ឬ សុ​ប្តិ​; សុ​ត្ត ឬ សុ​ត្តិ ជា​គុ​. ឬ​ន​. “​ដែល​ដេកលក់​; ដំណើរ​ដេកលក់​”) ដេកលក់​ឃើញ​អារម្មណ៍​ផ្សេងៗ (​ម​. ព​. យល់សប្ន ផង​) ។ យល់សប្តិ​

​យល់ ( កិ​. ) ឃើញ​ដោយ​ប្រាជ្ញា​, គិត​ឃើញច្បាស់ : យល់​ការខុសត្រូវ ។ យល់ចិត្ត ឃើញ​ជ្រៅ​ដល់​ទឹកចិត្ត ។ យល់ព្រម ព្រម​តាម​, អនុលោម​តាម​, ឃើញ​ត្រូវ​ជាមួយ ។ យល់មុខ យោគយល់​ឬ​អត់ ឱន​ដោយ​ឃើញថា​មានមុខ​មានឈ្មោះ​, រើសមុខ : ឲ្យ​ដោយ​យល់មុខ​, លម្អៀង​ព្រោះ​យល់មុខ ។​ល​។

​យាន សំ​. បា​. ( ន​. ) គ្រឿង​ដឹកនាំ​, គ្រឿង​នាំ​បន្ទុក​ទៅមក​, គ្រឿង​សម្រាប់​ជិះ ដូច​យ៉ាង​រទេះ​, រថ​, ទូក ជាដើម : ជិះ​យាន​, ទៅដោយ​យាន ។ យានជំនិះ យាន​សម្រាប់​ជិះ ។ យានដ្ឋាន (​យា​-​ន័ត​-​ឋាន​) កន្លែង​ដាក់​យាន​, កន្លែង​សំចត​យាន ។ យានពាហនៈ ឬ យានវាហនៈ (​ម​. ព​. ពាហនៈ​) ។ យានវិសេស ឬ យានពិសេស យាន​ដែល​ប្លែក​ឬ​យាន ដែល​ទុក​សម្រាប់​ប្រើ​ដោយឡែក​ម្តងៗ ។

​យ៉ាង ( ន​. ) បែប​, ទំនង​, មុខ​, ភាព : មាន​ច្រើនយ៉ាង ។ យ៉ាងខ្ញុំ បែប​ខ្ញុំ​, ឯខ្ញុំ ។ យ៉ាងដូច ឬ ដូច​យ៉ាង​, បែប​ដូច ឬ​ដូច​បែប​, ដូចជា ។ យ៉ាងណា បែបណា​, ទំនង​ណា​, ភាព​ណា​, មុខ​ណា ។ យ៉ាងនេះ បែបនេះ​,…​។ យ៉ាងម៉េច ? ដូចម្តេច ? ។ យ៉ាងហ្នឹង បែប​ហ្នឹង​….. ។​ល​។

យុត្តិធម៌ យុ​ត​-​តិ​-​ធ័​រ បា​. សំ​. ( ន​. ) (​យុ​ត្តិ​, យុ​ក្តិ “​សេចក្តី​ត្រឹមត្រូវ​, ទៀងត្រង់​, ការគួរ​តាមច្បាប់​” + បា​. ធម្ម​, សំ​. ធម៌​) ធម៌​ដែល​គួរ​កាន់​; សេចក្ដី​ទៀងត្រង់​; ការប្រព្រឹត្ត​ត្រឹមត្រូវ : វិនិច្ឆ័យ​ក្តី​ដោយ​យុត្តិធម៌​; កាត់ក្តី​ដោយ​សុចរិត យុត្តិធម៌ ។ ខ្មែរ​ប្រើ ពាក្យ​នេះ​ជា​ឈ្មោះ​ក្រសួង​សេនាបតី​សម្រេច កិច្ច​ខាង​តុលាការ​ផង : ក្រសួងយុត្តិធម៌​, សេនាបតី​ក្រសួងយុត្តិធម៌ ។ សម័យនេះ​ប្រើ​ជា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

យុគន្ធរ យុគ​ន់​-​ធ សំ​. បា​. ( ន​. ) (​ប្រដាប់​ទ្រទ្រង់​នូវ​គូ (​ទូក​រទេះ​; ចន្ទាស​រថ​; ដងរ៉ែក​) ។ ភ្នំ​ដែល​ទ្រទ្រង់ នូវ​គូ​នៃ​ព្រះអាទិត្យ​និង​ព្រះចន្ទ្រ (​ឈ្មោះ​ភ្នំ​មួយ​ក្នុង​ពួក​ភ្នំ​សត្តបរិភណ្ឌ​) : ភ្នំ​យុគន្ធរ ។

​ដង្ហែ ( កិ​.​ឬ កិ​. វិ​. ) រៀបរៀង​គ្នា​ជា​ជួរ​តាម​មុន​ក្រោយ​មើលទៅ​ឃើញ​មាន​របៀប​ហូរហែ : ដើរ​ដង្ហែ​គ្នា​រជយ ។

​ដណ្ដប់ ( កិ​. ឬ កិ​. វិ​. ) គ្រប​ខ្លួន​ដោយ​សំពត់ : ដណ្ដប់សំពត់​, ដណ្ដប់ភួយ​, ដណ្ដប់ក្រមា ។ ដើរ​ឬ​បោល​បៀត​ខ្លួន​ប៉ះ​ទប់​នឹង​ទូក​រទេះ (​គោ​) : អា​មួយ​ខាងឆ្វេង ចេះតែ​ដណ្ដប់​ទូក​រទេះ ។

ដណ្ដឹង ( កិ​. ) សាកសួរ​ឲ្យ​ដឹង ។ ធ្វើ​របៀប​ចងពន្ធ​, ចងស្ពានមេត្រី ក្នុងការ​ផ្សំផ្គុំ​កូនប្រុស​ស្រី មុន​រៀប​មង្គលការ​អាពាហ៍ពិពាហ៍ : ដណ្ដឹងកូនក្រមុំ ដើម្បី​កូនកំលោះ ។

​ដំណាល ( គុ​. ) ដែល​ស្មើ​អាយុ​គ្នា​, ស្មើ​ឆ្នាំ​គ្នា​, ស្មើ​កាល​គ្នា : អ្នកនឹង​ខ្ញុំ​កើត​ឆ្នាំ​ដំណាលគ្នា​; ចេញទៅ​ក្នុងពេល​ដំណាលគ្នា ។ កិ​. វិ​. ព្រម​គ្នា​, ជាមួយគ្នា : ទៅ​ដំណាលគ្នា​, មកដល់​ដំណាលគ្នា ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​