ឌី​កា​ព្រី​យ៉ូ​ស្ថិតក្នុង​ចំណោម​តារា​ជាច្រើន​ដួង គាំទ្រ​គំនិត​ផ្តួចផ្តើម​អាកាសធាតុ​ថ្មី​

265
ចែករម្លែក

​តារា​សម្តែង ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ បាន​ចូលរួម​ជាមួយ​អតីត​អនុ​ប្រធានាធិបតី​អាម៉េរិក​លោក អាល់ ហ្គ័​រ (Al Gore) និង​បុគ្គល​ល្បីៗ​ដទៃទៀត​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ក្នុង​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​។​

​ឥស្សរជន​ឈានមុខ​គេ​មកពី​នយោបាយ​សេដ្ឋកិច្ច​វិទ្យាសាស្ត្រ​និង​វិស័យ​កម្សាន្ត​កំពុងផ្តល់​ការគាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ឈ្មោះ Countdown ដែល​ព្យាយាម​បង្កើត​ការគាំទ្រ​ដល់​ការលុបបំបាត់​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​និង​ត្រូវបាន​រៀបចំឡើង​ដោយ​វេទិកា​សន្និសីទ TED​។​

​លោក គ្រី​ស អ៊ែន​ឌឺ​សុន ប្រធាន​វេទិកា TED និង​លោកស្រី គ្រី​ស្ទា​ណា ហ្វី​ហ្គើ​រ៉េ​ស អតីត​ប្រធាន​ផ្នែក​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ បានចាប់ផ្តើម​កម្មវិធី​នេះ​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ពុធ​។​

​លោក​អ៊ែន​ឌឺ​សុន​និយាយថា “​គំនិត​ផ្តួចផ្តើម​នេះ​មិនមែន​ដើម្បី​ប្រកួតប្រជែង​នឹង​គំនិត​ផ្តួចផ្តើម​ដទៃទៀត​ដែលមាន​ស្រាប់​នោះទេ ប៉ុន្តែ​នឹង​កំណត់​ស្វែងរក​ដំណោះស្រាយ​ល្អ​បំផុត​ដើម្បី​ពង្រីក​និង​ធ្វើឱ្យ​សកម្ម​ដោយ​ប្រមូលផ្តុំ​ក្រុម​ផ្សេងៗ​គ្នា​ទាំងអស់នោះ​”​។​

​អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស ប្រធាន​ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ លោក ហូ​សាំង លី និង តារា​សម្តែង ជូ​លៀ ល្វី​ស​ដ្រេ​យ​ហ្វូ​ស និង ចាវ​គ្វី​ន ហ្វូ​និ​ច ក៏​ស្ថិត​ក្នុងចំណោម​ជន​ល្បីៗ​ដែល​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម Countdown ផងដែរ​។​

​វេ​ប​សាយ YouTube អង្គការ Global Citizen និង​អង្គការ Climate Reality Project ក៏បាន​ចូលរួម​ក្នុង​ភាពជា​ដៃគូ​នេះ​ផងដែរ​។​

​ការសហការ​គ្នា​នេះ​គឺ​ស្វែងរក​ការបង្កើត​នូវ​សំណើ​ល្អ​បំផុត​សម្រាប់​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​តំបន់​ថាមពល តំបន់​បរិស្ថាន​ដែល​គេ​បង្កើតឡើង វិស័យ​ដឹកជញ្ជូន​អាហារ​និង​ធម្មជាតិ​នានា​ដើម្បី​សម្រេចបាន​នូវ​ការ​បំ​ភាយ​កាបូន​សូន្យ​ត្រឹម​ឆ្នាំ ២០៥០​។​

​សេចក្តីប្រកាស​ព័ត៌មាន​អំពី​គំនិត​ផ្តួចផ្តើម​នេះ​បាន​និយាយថា ការផ្តល់​យោបល់​ល្អ​បំផុត​បន្ទាប់មក​នឹង​បង្កើតជា​មូលដ្ឋាន​នៃ​កិច្ចពិភាក្សា​ដែល​នឹងត្រូវ​ថ្លែង​នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ប៊ឺ​ហ្គេ​ន​ប្រទេស​ន័​រ​វែ​ស​ក្នុង​ខែតុលា​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

តារា​សម្តែង ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ