ឌី​ជេ “​កា​តយ​” ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក្នុងការ​ឆ្មក់​ឆែកឆេរ​រក​គ្រឿងញៀន​តាម​ក្លិប​រាត្រី​នៅ​ប៉ាត់​តា​យ៉ា​

1583
ចែករម្លែក

និមិត្តរូប​យុវវ័យ​លើ​អ៊ី​ន​ធឺ​ណេ​ត គឺ​ឌី​ជេ កា​តយ (DJ Katoy) ដែលមាន​ឈ្មោះ​ពិត​ថា កនិកា ណាំ​វី​ចា គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស ៦ នាក់ ដែល​ធ្វើតេស្ត​ឃើញ​ប្រើប្រាស់​ថ្នាំញៀន បន្ទាប់ពី​ការ​ឆ្មក់​បង្ក្រាប​លើ​ក្លិប​រាត្រី​មួយ​នៅ​ប៉ាត់​តា​យ៉ា​កាលពី​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ពុធ ទី​១១ មេសា​នេះ​។

​ប៉ូលិស​សង្កាត់​បាង​ឡា​មុង និង ប៉ូលិស​ក្រុង​បាត់​តា​យ៉ា បាន​ចុះទៅ​បង្ក្រាប​ក្លិប​រាត្រី​ឈ្មោះ Burn Club នៅ​ផ្លូវ​សយ​បួ​ខៅ វេលា​ម៉ោង ៤ ព្រឹក ដើម្បី​ឆែក​រកមើល​ភ្ញៀវ​មិនទាន់​គ្រប់​អាយុ និង ភស្តុតាង​នៃ​ការប្រើប្រាស់​គ្រឿងញៀន​។

​កនិកា អាយុ ២៤ ឆ្នាំ ដែលមាន​អ្នកគាំទ្រ​ជាង ២០ ម៉ឺន​នាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក និង ធ្វើការ​ជា​ឌី​ជេ​នៅ​ក្លិប​រាត្រី​ខាងលើ គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស ៦ នាក់ ដែល​ទឹកនោម​ពួកគេ​បង្ហាញ​សញ្ញា​នៃ​ការប្រើប្រាស់​គ្រឿងញៀន​។

​តាម​ដឹង នាង​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា នាង​បាន​សេព​ថ្នាំញៀន​ឈ្មោះ កេ​តា​មីន កាលពី​៣​ថ្ងៃមុន​។

​ម្ចាស់​ក្លិប ឈ្មោះ អាណា​ប៉ាត់ រឿង​យូ​រ៉ៃ អាយុ ៥០ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ បើក​ក្លិប​យប់​ជ្រៅ​ពេក បើក​ក្លិប​ដោយ​គ្មាន​ការអនុញ្ញាត និង លក់​គ្រឿង​ស្រវឹង​ហួសពេល​វេលា​កំណត់​ស្របច្បាប់​៕ ដោយ៖ កញ្ញាដាលីស

ឌី​ជេ​កា​តយ​ស្ថិត​ក្នុងចំណោម​មនុស្ស ៦ នាក់ ដែល​ទឹកនោម​ពួកគេ​បង្ហាញ​សញ្ញា​នៃ​ការប្រើប្រាស់​គ្រឿងញៀន