ឌីអេហ្គោ កូស្តា (Diego Costa) បានធ្វើឲ្យអាជីពរបស់ខ្លួនៅឆេលស៊ីមានបញ្ហា ដោយបង្ហាញ រូបភាពក្នុងឈុតរបស់ក្លិប Atletico Madrid និងចំអកដាក់លោក អែនតូនីញ៉ូ កុនតេ (Antonio Conte) ផងដែរ។។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេមើលឃើញពាក់អាវក្រហមឆ្នូតស ហើយភ្ជាប់រូបភាព វីដេអូនៅលើគណនី Instagram របស់ខ្លួន។ កូស្តា ទំនងជាឆ្លើយតបនឹងការអត្ថាធិប្បាយរបស់ខ្សែបម្រើ សេស ហ្វាប្រេហ្គាស (Cesc Fabregas) ។
ហ្វាប្រេហ្គាស បានសើចដាក់កាយវិការចម្លែករបស់ កូស្តា មុនពេលខ្សែប្រយុទ្ធរូបនេះឆ្លើយតបថា “ឱបខ្ញុំបន្តិចមក”។
កូស្តា កំពុងស្ថិតក្នុងដំណើរកម្សាន្តនៅទីក្រុង Lagarto ប្រទេសប្រេស៊ីល ប៉ុន្តែត្រូវបានប្រាប់ថា គ្មានអនាគតទេនៅពហុកីឡដ្ឋាន Stamford Bridge ដោយគ្រូបង្វឹកអ៊ីតាលីលោក កុនតេ ។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានច្រានចោលកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្របខណ្ឌ Chinese Super League ហើយទំនងជាចង់វិលត្រឡប់មកកាន់ប្រទេសអេស្ប៉ាញវិញ។
តាមគេហទំព័រ Mirror.co.uk កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧បានឲ្យដឹងថា ក្នុងរូបភាពនេះ កូស្តា ពាក់អាវរបស់ក្រុម Atletico ដែលសល់តាំងពីលេងនៅរដូវកាលចុងក្រោយជាមួយក្លឹបនេះ។
ប្រសិនបើ កូស្តា វិលត្រឡប់ទៅ Atletico មែន កីឡាកររូបនេះនឹងមិនអាចលេងរហូតដល់ខែមករា៕ ប្រែសម្រួល:ពិសិដ្ឋ