ឌី​អេ​ហ្គោ កូ​ស្តា ត្រៀមខ្លួន​ចរចា​ជាមួយ​ក្លិប អេ​វឺ​តុ​ន ខណៈ​ខ្សែប្រយុទ្ធ​រូបនេះ​ពិចារណា ចាក​ចេញពី​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​

293
ចែករម្លែក

ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ត្រៀម​ចរចា​ជាមួយ​ក្លិប​អេ​វឺ​តុ​ន​( Everton) ជុំវិញ​ការវិល ត្រឡប់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​បន្ទាប់ពី​ចាក​ឆ្ងាយ​អស់​រយៈពេល​ពីរ​ឆ្នាំ​។

​ការមកដល់​របស់​កីឡាករ ចូ​អាវ ហ្វេ​លី​ក (Joao Felix) និង​ការសម្រេច​កិច្ចព្រមព្រៀង អចិន្ត្រៃយ៍​របស់​កីឡាករ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) មានន័យថា កីឡាករ​វ័យ​៣០ ឆ្នាំ​រូបនេះ​អាច​ចាក​ចេញពី​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid )​នៅ​រដូវក្តៅ​នេះ​។

​តាម​ព័ត៌មាន​ថា ខ្សែប្រយុទ្ធ​រូបនេះ​ហៀបនឹង​ចូលរួម​ជាមួយ​ក្លិប អា​វឺ​តុ​ន ទៅហើយ កាលពី​ឆ្នាំ​២០១៧ ហើយ​នៅពេលនេះ​មាន​ព័ត៌មាន​ថា ទំនាក់ទំនង​រកាំរកូស​របស់ខ្លួន ជាមួយ​ក្លិប Atletico Madrid មានន័យថា កូ​ស្តា នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។

​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​រូបនេះ​ធ្លាប់​ជាប់​បម្រាម​៨​ប្រកួត​កាលពី​រដូវ​កាល​មុន​ដោយសារ​ប្រមាថ​មន្ត្រី​អាជ្ញាកណ្តាល អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​បា​សេ​ឡូ​ណា​។ កូ​ស្តា មាន ទាំង​ភាពចម្រូងចម្រាស​និង​ជោគជ័យ​អំឡុងពេល​ចំណាយពេល​បី​រដូវ​កាល​នៅ​ក្លឹប ឆេ​ល​ស៊ី​។

​កូ​ស្តា ធ្លាប់​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក ក្រោម​ការដឹកនាំ​របស់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ប៉ុន្តែ​ពេលវេលា​របស់​កីឡាករ រូបនេះ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge បានបញ្ចប់​ទាំង​អារម្មណ៍​មិន​សប្បាយចិត្ត នៅពេល​កីឡាករ​រូបនេះ​គេច​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​និង​ចោទប្រកាន់​ក្លឹប​ឆេ​ល​ស៊ីថា ប្រព្រឹត្ត​លើ​ខ្លួន​ដូចជា​ឧក្រិដ្ឋជន​។

​វា​អាចជា​គ្រោះថ្នាក់​ផងដែរ សម្រាប់​ក្លិប Everton ដែល​ព្យាយាម​ចង់​នាំយក កូ​ស្តា ត្រឡប់​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ ប៉ុន្តែ​គេ​ជឿថា កីឡាករ​រូបនេះ​អាច​នឹង​ចុះសម្រុង​គ្នា ជាមួយនឹង​ក្រុមការងារ​នៅ​ពហុ​កីឡដ្ឋាន Goodison ៕ ប្រែ​សម្រួល​: ពិសិដ្ឋ