ឌី ថារ៉េន ម្ចាស់បទ «អន្លង់វែងស្នេហា»

699
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត
ភ្នំពេញៈ
បទចម្រៀង «អន្លង់វែងស្នេហា» កំពុងតែត្រូវបានមហាជនចាប់អារម្មណ៍ និងស្លុងអារម្មណ៍ទៅតាមអត្ថន័យនិងមនោសញ្ចេតនានៃបទចម្រៀងមួយបទ ដែល រៀប រាប់ពីប្រវត្តិស្នេហារបស់កំលោះក្រមុំក្នុង សម័យសង្រ្គាមក៏ដូចជាការពណ៌នា អំពីទេសភាពតាមតំបន់ជ្រលងភ្នំដងរែកផងដែរ។

អមជាមួយនឹងសំឡេងក្រអួនក្រអៅ ពីអតីតជ័យលាភីលេខមួយទូទាំងប្រទេស ឌី ថារ៉េន បានបង្ហាញអារម្មណ៍ថា នេះជាមោទនភាពមួយដែលខ្លួនបានច្រៀងចម្រៀង បែបប្រវត្តិសាស្រ្ត ដែលរៀបរាប់ពីប្រវត្តិស្នេហាបែបប្រវត្តិសាស្រ្ត ។លោកថា ពេលបាន ច្រៀងបទនេះ រូបលោកហាក់បីដូចជាបានទៅដល់កន្លែងតំបន់អន្លង់វែង ដែលជាតំបន់ ជំរកចុងក្រោយរបស់ខ្មែរក្រហមរស់នៅ និងជាតំបន់ដែលមានទេសភាព ស្រស់ស្អាត លើសពីការរៀបរាប់ទៅទៀត ប្រសិនបើស្តាប់អត្ថន័យចម្រៀងហើយ បណ្តែត អារម្មណ៍ បិទភ្នែក ស្រម៉ៃទៅតាមការរៀបរាប់។

តារាចម្រៀង ឌី ថារ៉េន សង្ឃឹមថា តាមរយៈបទចម្រៀងមួយបទនេះ និងធ្វើឲ្យ កេរ្តិ៍ឈ្មោះ របស់លោកត្រូវបានមហាជនទទួលស្គាល់ព្រោះ កន្លងមក ថ្វីត្បិតតែ លោក ជាតារាចម្រៀងជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងកម្មវិធីប្រឡងចម្រៀងដែលរៀបចំ ឡើង ដោយក្រសួងវប្បធម៌ និងមានបណ្តាប្រទេសផ្សេងៗទៀតចូលរួមជិត១០ប្រទេស ប៉ុន្តែលោកមិនសូវមានគេស្គាល់ និងមិនដែលធ្លាប់ចេញច្រៀងកម្មវិធីថ្នាក់ជាតិ ម្តង ណាទេ។ លោកលើកឡើងថា ក្នុងនាមជាបេក្ខភាព ប្រឡងចម្រៀង ក្នុងកម្មវិធី «មហោស្រពប្រឡងចម្រៀងថ្នាក់ជាតិខ្មែរសកល២០១១» ជាប់ចំណាត់ថ្នាក់លេខមួយ លោកសុំ ត្រឹមការមើលឃើញពីភាពសមត្ថភាព របស់លោកនិងចង់ បានការឡើង ទៅបក ស្រាយចម្រៀងតាមបណ្តាកម្មវិធីផ្សេងៗដែលរៀបចំ ឡើងដោយ ក្រសួង ណាមួយ ព្រោះសព្វថ្ងៃលោកមិនត្រូវបានខាងក្រសួង ឬ ខាងក្រុមហ៊ុនណា ទាក់ទង លោកច្រៀងឡើយ ពោលគឺទីផ្សារសិល្បៈរបស់លោកត្រូវបានត្រឹមតែច្រៀង តាមវង់ តន្រ្តី ធម្មតាៗឬ តាមកម្មវិធីមង្គលការប៉ុណ្ណោះ។ លោកចង់បានទីផ្សារសិល្បៈ បានល្អ ប្រសើរជាងនេះ។ ប្រសិនបើអាច លោកចង់បានការងារសិល្បៈដ៏ពេញលេញមួយ​ដើម្បី ចិញ្ចឹមជីវិត។

តារាចម្រៀង ឌី ថារ៉េន ក៏បានអរគុណ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបាន មើលឃើញពីតម្លៃ សមត្ថភាពរបស់លោក ឲ្យបកស្រាយបទចម្រៀង «អន្លង់វែងស្នេហា» លោកសង្ឃឹមថា តាមរយៈបទចម្រៀង បែបប្រវត្តិសាស្រ្តនេះ​និងធ្វើ ឲ្យកេរ្តិ៍ឈ្មោះរបស់លោកបានល្បី និងមានទីផ្សារការងារសិល្បៈឡើងវិញ។

សូមរំលឹកថា បទចម្រៀង «អន្លង់វែងស្នេហា» ក្នុងផលិតកម្ម តន្រ្តីឥន្ទធនូ និពន្ធ ទំនុកច្រៀង និងបទភ្លេងដោយ ស៊ុំ សារឿន រៀបចំផលិតដោយ សន ប៊ុនស៊ីម ចងក្រង និងការរក្សាសិទ្ធដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ។តាមរយៈការផ្តល់ សម្ភាសន៍ ពីលោកនាយក មជ្ឈមណ្ឌលឯកសារកម្ពុជា ឆាំង យុ បានរៀបរាប់ អត្ថន័យ នៃបទនេះគឺបាន បរិយាយអំពីសាច់រឿងរបស់បុរសម្នាក់ដែលជាអតីត យោធាខ្មែរ ក្រហម ហើយបានលង់ស្នេហ៍លើស្រ្តីម្នាក់។ ស្រ្តីរូបនោះគឺតំណាងឲ្យប្រទេសកម្ពុជា។ បុរសដែលជាអតីតយោធាខ្មែរក្រហម បានសុខចិត្តទម្លាក់អាវុធចុះដើម្បីមក រួមរស់ ជាមួយនារីដែលខ្លួនស្រឡាញ់និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តចំពោះសេចក្តីស្នេហា របស់ខ្លួន។នារីដ៏ស្រស់សោភាបានសន្យាថាមានសេចក្តីស្នេហាប៉ុន្តែ មិនបានប្តេជ្ញាចិត្ត ចំពោះសេចក្តីស្នេហានោះឡើយ។ ដូច្នេះហើយ នាងត្រូវបានប្រៀបប្រដូចទៅនឹងពពក នៅក្នុងវប្បធម៌ខ្មែរ។ ពពកមានភាពស្រស់ស្អាតនិងគួរឲ្យចាប់អារម្មណ៍។ ប៉ុន្តែពពក នោះ ក៏អាចប្រែទៅជាព្យុះភ្លៀងមួយរំពេច។ នៅពេលដែលទឹកភ្លៀងធ្លាក់ដល់ដី វានឹងប្រែទៅជាភក់ជ្រាំ។ សាច់រឿងនៃបទចម្រៀងនេះតំណាងឲ្យតំបន់អន្លង់វែង ដែលជាទីតាំងកាន់កាប់ចុងក្រោយរបស់ខ្មែរក្រហម ហើយដែលបានទម្លាក់អាវុធចុះ និងប្តេជ្ញាចិត្តរួមរស់ក្នុងសង្គមជាតិ ដោយជំនួសឲ្យការសន្យាមួយ៕

រូបៈលោក ឌី ថារ៉េន ម្ចាស់បទ អន្លង់វែងស្នេហា(រូបថត មជ្ឈមណ្ឌលឯកសារកម្ពុជា)