ឌី សូ​នី​តា ល្បី​តម្លៃ​ខ្លួន​ថ្លៃ តែ​ទូរទស្សន៍​លេខ​៥ យក​លេង​តួឯក​ទាល់តែ​បាន​

491
ចែករម្លែក

​ភ្នំពេញ​៖ តារា​មាន​ប្រជាប្រិយ​ភាពខ្លាំង កញ្ញា ឌី សូ​នី​តា តាម​កម្មវិធី​ទូរទស្សន៍ និង​លើ បណ្តាញ​សង្គម បានបង្ហាញ​ជាថ្មី​សម្រាប់​វណ្ណ​កម្ម​របស់​ស្ថានីយទូរទស្សន៍​លេខ​៥ ខណៈ​តារា​ស្រី​រូបនេះ ជា​តារា​ល្បី ស៊ីថ្លៃ​ឈ្នួល​ថ្លៃ មិនធម្មតា​។​
​ ​
កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ភាគ​ថ្មី ត្រៀម​ចេញ​ថត “​ភ្លើង​គំនុំ​” ស្ថានីយទូរទស្សន៍​លេខ​៥ បានបង្ហាញ​មុខ​តារា​ជាច្រើន ហើយ​ក្នុងនោះ មាន តារា​ល្បីៗ លេច​មុខជា​តួឯក​ជុំគ្នា​។ ស្នាដៃ​ថ្មី​ទៀត​នេះ បាន​លើក​តួឯក ចំនួន​៤​នាក់ ប៉ះគ្នា ដែល​គ្រោង​នឹង​លេង​ឱ្យ​ល្អមើល ខណៈ​កញ្ញា ឌី សូ​នី​តា​, កញ្ញា ទឹម រដ្ឋា​, លោក ឆឹ​ម សក្កដា និង លោក ដា​នី ជា​តួឯក​រឿង “​ភ្លើង​គំនុំ​” ។​

ជាមួយគ្នានេះ ផលិតករ និង​អ្នកដឹកនាំ បាន​បង្ហើប​ឱ្យដឹងថា ក្នុងចំណោម​នោះ តារា​ស្រី សិច​ស៊ី កញ្ញា ឌី សូ​នី​តា ដែល​កំពុង​តែមាន​ប្រជាប្រិយភាព​នោះ មាន​ហាងឆេង និង​ស៊ី ថ្លៃឈ្នួល​ថ្លៃ​ណាស់​។ ប៉ុន្តែ​ស្ថានីយទូរទស្សន៍​លេខ​៥ នៅតែ​ចរចា និង​ព្រមយក​នាង​ទាល់ តែ​បានជា​តួឯក​ស្រី បើទោះបីជា​តម្លៃ​ខ្លួន​ថ្លៃ យ៉ាងណាក៏ដោយ​។ រឿង​តម្លៃ​ជាក់ស្តែង យ៉ាងណា​នោះ មិនត្រូវ​បានបង្ហាញ និង​បញ្ជាក់​ឡើយ ដោយសារតែ​ជា​រឿង​កិច្ចសន្យា មិន​អនុញ្ញាតឱ្យ​បញ្ចេញ​។

កញ្ញា ឌី សូ​នី​តា បានផ្តល់​កិច្ចសំភាសន៍​ឱ្យដឹងថា រឿង​ភាគ​ថ្មី​នេះ នាង​ពិតជា​សប្បាយចិត្ត ដែល​បានទទួល​ការងារ ជាមួយ​ទូរទស្សន៍​លេខ​៥ ហើយ​មិន​នឹកស្មានថា អាច​ទទួល ការងារ​នេះ ហើយ​ជាពិសេស បានរួម​ការងារ​តារា​យើង​។ លើក​នេះ ក៏​រាង​ប្លែក​ដែរ ពីព្រោះ​តួឯក​ប្រុស​លោក ដា​នី រូបនេះ នាង​ទើប​ប៉ះគ្នា​លេង​ជាមួយគ្នា​ជា​លើក​នេះ ប៉ុណ្ណោះ​។

តារា​ស្រី​រូបនេះ មិន​ប្រាប់​មូលហេតុ​រឿង​ព្រមព្រៀង​ថត​ឱ្យ​ស្ថានីយទូរទស្សន៍​លេខ​៥ និង​រឿង​តម្លៃ​ឡើយ​នាង​គ្រាន់តែ​សុំ​ទុកជា​រឿង​សម្ងាត់​ការងារ​។ ប៉ុន្តែ​នាង​គ្រាន់តែ ឆ្លើយតប​ថា នាង​នឹង​ខំប្រឹង​បញ្ចេញ​សមត្ថភាព​ឱ្យអស់ ដើម្បី​ធ្វើឱ្យ​ល្អជា​មួយ​តួឯក​ប្រុស ទាំងពីរ​នាក់​នេះ ខណៈ​រឿងនេះ ក៏មាន​នាង​តម្រូវ​ដើរតួ​ជា​កូនភ្លោះ មនុស្ស​ពីរ​ផ្សេងគ្នា ដែល​មួយ​ជា​មនុស្ស​កាច​មិន​ខ្លាច ហើយ​ម្នាក់ទៀត ស្លូតបូត​។
​ ​
សូម​បញ្ជាក់ដែរថា ភាពយន្ត​ភាគ​រឿង​”​ភ្លើង​គំនុំ​” នឹង​ដំណើរ​ការចេញ​ផលិត​ចាប់​ពីថ្ងៃ បញ្ចប់​ក្រុង​ពាលី​តទៅ ដោយ​គ្រោង​ចំណាយពេល​ប្រមាណ ៣ ខែ ។ ភាពយន្ត​នេះ នឹង​គ្រោង​ដាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​លេខ​៥ នៅក្នុង​ម៉ោង​មាស នៅ​អំឡុង​ចុងឆ្នាំ ឬ​ដើមឆ្នាំ ២០២០ ខាងមុខនេះ ៕ ដោយ​៖ បូ​រិ​ន​