ឌឺដង​សំដី​ដាក់គ្នា មុន​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ មកដល់​

294
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖
អ្នក​ប្រដាល់ ឆៃ សា​រ៉ា នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ និង វង្ស វិឆ័យ របស់​ក្លិប​កងទ័ព​ឆ័​ត្រ​យោង ៩១១ បាន​ផ្ដោះផ្ដង​សំដី​ដាក់គ្នា មុន​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍ Boosrrong Gold Medal fighter on Fire ឈានចូល​មកដល់​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៅ​ព្រឹក​ថ្ងៃទី​២៥ សីហា ខាងមុខនេះ លើស​ង្វៀន​អាស៊ីអាគ្នេយ៍​។ ព្រឹត្តិការណ៍ Boosrrong Gold Medal fighter on Fire នេះ បានចាប់ផ្ដើម ពីថ្ងៃ​ទី​១៦ មិថុនា មក ដោយមាន​អ្នក​ប្រដាល់​កម្ពុជា ចំនួន ៨ រូប អ្នក​ប្រដាល់​ចិន​មួយរូប អូស្ត្រាលី​មួយរូប អ៊ីរ៉ង់ ២ រូប និង​ថៃ ៤ រូប ចូលរួម ។ ការប្រកួត ធ្វើតាម​រូបមន្ត​ជម្រុះ (Knock-Out) គឺ​អ្នកចាញ់​ត្រូវ​ធ្លាក់ ។

ឆៃ សា​រ៉ា និង វង្ស វិឆ័យ ពេល​បញ្ចេញ​សំដី ឌឺដង​គ្នា​

​នៅក្នុង​ព្រឹត្តិការណ៍​នេះ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនទាន់​ស្គាល់​ចាញ់​ដូចគ្នា តែ​សម្រាប់​ជុំ​ចុង​ក្រោយនេះ នឹងមាន​ម្នាក់​ស្គាល់​ចាញ់ និង​ម្នាក់ ជា​អ្នក​បន្ដ​ឈ្នះ​។ អ្នកឈ្នះ នឹង​បានទទួល​មេដាយមាស និង​ជា​ម្ចាស់​ខ្សែក្រវាត់ ដែល​អមដោយ​ថវិកា ៥.០០០ ដុល្លារ ចំពោះ​អ្នកចាញ់ បាន​មេដាយប្រាក់ ដែលមាន​រង្វាន់​អម ចំនួន ២.០០០ ដុល្លារ​។​

​ឆៃ សា​រ៉ា មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៨​ដង ឈ្នះ​៨០​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​វិឆ័យ​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៥​ដង ឈ្នះ​៤០​ដង និង​ចាញ់​៥​ដង ។​

​ក្នុងជំនួប​ទល់មុខ​គ្នា មុនពេល​ប្រកួត សា​រ៉ា បាន​និយាយ ដោយ​អំណួត​ថា ខ្សែក្រវាត់ និង​មេដាយមាស​នេះ ជា​របស់គេ​។ គេ​នឹង​យក​វា​មក​គ្រប់គ្រង ឲ្យ​ទាល់តែ​បាន ។ គេ​ត្រៀមខ្លួន​រួចហើយ ដើម្បី​ស្ពាយ​ខ្សែក្រវាត់​នេះ ត្រឡប់ទៅផ្ទះ នៅពេល​ប្រកួត​ចប់ ។​

ជើង​ខ្លាំង ដែល​ត្រូវ​ប្រកួត​គ្នា​

​ចំពោះ​វិឆ័យ ក៏បាន ក្អេងក្អាង​ដែរ​ថា ខ្សែក្រវាត់​នេះ ជា​របស់គេ​ទេ ។ ខ្សែក្រវាត់​នេះ សក្តិសម​នឹង​រូបគេ​ណាស់ គេ​ត្រូវតែ​យក​វា​ទៅផ្ទះ ឲ្យ​ទាល់តែ​បាន​។ គ្មាន​នរណាម្នាក់ សក្តិសម​នឹង​ស្ពាយ​វា យកទៅ​ផ្ទះ​ទេ មានតែ​រូបគេ​ម្នាក់​តែប៉ុណ្ណោះ ។​

​សុទ្ធតែ​ប្រកាសថា ខ្លួន​ខ្លាំង រៀងៗ​ខ្លួន​បែបនេះ នរណា មាន​សមត្ថភាព ពិតប្រាកដ ក្នុងការ​ប្រជែង​យក មេដាយមាស សម្រាប់​ព្រឹត្តិការណ៍​នេះ ?​។​

​ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ និង យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ដែល​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូចគ្នា​នោះ ត្រូវ​ប្រជែង​គ្នា​ដណ្ដើម ចំណាត់ថ្នាក់​លេខ​៣ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ស្ថិតក្នុង​ភាពស្ងប់ស្ងាត់ ដោយ​មិន​បញ្ចេញ​សម្លេង ឌឺដង​គ្នា​ឡើយ ។​

​អ្នកឈ្នះ ក្នុងការ​ដណ្ដើមយក ចំណាត់ថ្នាក់​លេខ​៣ នេះ នឹង​បានទទួល​រង្វាន់​លួង​ចិត្ត ចំនួន ២.០០០ ដុល្លារ រីឯ​អ្នកចាញ់ នឹង​បាន​រង្វាន់​លួង​ចិត្ត តែ ៥០០ ដុល្លារ​ប៉ុណ្ណោះ​។ នរណា ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៣ ? ៕v

#