ឌុយ​ទែ​តេ ៖ ប្រសិនបើ​យន្តហោះ​របស់ខ្ញុំ​ផ្ទុះ សូម​សួរ​ក្រុម​CIA

1082
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បាន​និយាយ​អួតអាង​និង​សរសើរ​ចិន​និង​រុស្ស៊ី​ដែល​ផ្តល់​គ្រឿង​សព្វាវុធ​មក​ឱ្យ​លោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​​បាន​រារាំង​សំណើ​របស់​លោក​។​

​ដោយ​បាន​និយាយ​នៅ​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា លោក​ឌុយ​ទែ​តេ បាន​រិះគន់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ទប់ស្កាត់ការ​លក់​អាវុធ​​ដែល​បាន​គ្រោងទុក ហើយ​ថា​ក្រុម​CIA របស់​អាមេរិក កំពុង​កំណត់​គោលដៅ​មកលើ​លោក​។​

​លោក​បាន​និយាយថា “​ការពិត គឺ​ជនជាតិ​អាមេរិក មិន​គោរព​ពាក្យ​សម្ដីរ​បស់​ពួកគេ​ទេ​”​។​

​បើ​យោង​តាម​សារព័ត៌មាន Al Jazeera​លោក​បាន​និយាយ​បន្តថា ” យ៉ាងហោចណាស់ ប្រសិនបើ​យន្តហោះ​របស់ខ្ញុំ​ផ្ទុះ ឬ​ប្រសិនបើ​គ្រាប់បែក​តាម​ដងផ្លូវ ផ្ទុះ ប្រហែល​ជា​អ្នក​អាច សួរ​ក្រុម​CIA “​។​

​លោក ឌុយ​ទែ​តេ បាន​កំពុង​ស្វែងរក​អាវុធ​ដើម្បី​បង្កើន​ការប្រយុទ្ធ​ប្រឆាំង​ក្រុម​អ៊ិស្លាម​និយ​ម​ចាប់តាំងពី​លោក​បាន​ឡើងកាន់​តំណែង កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៦​មក ។​

​ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​បដិសេធ​មិន​ផ្តល់​គ្រឿង​អាវុធ ដោយសារ​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន​។​ដោយហេតុនេះ​ហើយ​លោក​បាន​ងាក​ទៅ​​រក​ចិន​និង​រុស្ស៊ី​ដើម្បី​ទទួលបាន​គ្រឿង​អាវុធ​ហើយ​អាវុធ​មួយចំនួន ត្រូវបាន​ផ្តល់ឱ្យ ដោយ​មិន​បង់ប្រាក់​ថែម​ទៀត​។​

​បន្ទាប់​ពី លោក ឌុយ​ទែ​តេ ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន រុស្ស៊ី បាន​ដឹក​កាំភ្លើង​វែង​AK ជិត​៥.០០០​ដើម និង​រថយន្តយោធា​២០​គ្រឿង​មក​​ឱ្យ​ហ្វីលីពីន ហើយ​កាលពី​ឆ្នាំមុន ចិន​បាន​ផ្តល់​កាំភ្លើង​វែង​រាប់ពាន់​ដើម​និង​គ្រាប់រំសេវ​ជាច្រើន​ទៀត ដល់​ហ្វីលីពីន​។​ប៉ុន្តែ​ទោះ​យ៉ាងនេះក្តី លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ ​បានបញ្ជាក់​ថា មិន​មាន​សម្ពន្ធភាព​យោធា​រវាង​ប្រទេស​ទាំងនេះ​ទេ​៕​សោយ​៖​សុខា​/SN