ឌុយ​ទែ​ត និយាយថា​ចិន​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​រួចហើយ និង​ប្រាប់​អាមេរិក​អោយ​ឈប់​ធ្វើ​សមយុទ្ធ​

901
ចែករម្លែក
  • 431
    Shares

ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌុយទែត(Rodrigo Duterte) កាលពីថ្ងៃព្រហស្បតិ៍ទី១៥វិច្ឆិកា បាននិយាយថាចិនកាន់កាប់សមុទ្រចិនខាងត្បូងជាកម្មសិទ្ធិរួចជាស្រេចទៅហើយនិងថា សមយុទ្ធយោធាដោយសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តបង្កអោយមានការការបែកបាក់ដែលបំផ្លាញកិច្ចខិតខំដោះស្រាយជម្លោះអំពីដែនទឹកនេះរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងប្រទេសជិតខាងខ្លួន។

លោកឌុយទែតបានប្រាប់អ្នកយកព័ត៌មាននៅក្រៅជំនួបកំពូលអាស៊ាននៅសិង្ហបុរីថា« ចិនកាន់កាប់សមុទ្រចិនខាងត្បូងរួចហើយ។វាស្ថិតនៅក្នុងដៃរបស់គេ។ដូច្នេះហេតុអ្វីអ្នកបង្កការបែកបាក់…តើវានឹងនាំអោយមានចម្លើយតបពីចិន?។ចិននៅទីនោះ វាជាការពិត ហើយអាមេរិកនិងគ្រប់គ្នាគួរដឹងថាពួកគេនៅទីនោះ»។

ប្រធានាធិបតីដែលចូលចិត្តនិយាយមិនទប់សម្តីរូបនេះ បាននិយាយទៀតថា បើសង្រ្គាមផ្ទុះឡើងនៅក្នុងសមុទ្រចិនខាងត្បូង«ប្រទេសរបស់ខ្ញុំនឹងរងគ្រោះមុនគេ»។

ចិនអះអាងជាកម្មសិទ្ធិស្ទើរទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាផ្លូវដឹកជញ្ជូនទំនិញតំលៃ៣លានលានដុល្លារក្នុងមួយឆ្នាំៗ។ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេនិងកោះតៃវ៉ាន់អះអាងប្រជែងជាមួយចិននៅផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។

បើតាមលោកឌុយទែត ជម្លោះអំពីសមុទ្រចិនខាងត្បូងយកល្អគួរដោះស្រាយតាមការពិភាក្សារវាងចិននិងអាស៊ានដោយគ្មានអាមេរិកនិងសម្ពន្ធមិត្តដែលតែងបង្កកំដៅតាមរយៈសម្ញែងកម្លាំង ដែលចាត់ទុកវាជា«សេរីភាពនៃការអនុវត្តនាវាចរណ៍»។

លោកបានប្រាប់អ្នកយកព័ត៌មានថា» អ្វីៗល្អប្រសើរណាស់រវាងចិននិងផ្នែកខ្លះរបស់អាស៊ាន លើកលែងតែការពិតដែលមានការបែកបាក់រវាងប្រជាជាតិលោកខាងលិចនិងចិន»។

ចំពេលអនុប្រធានាធិបតីអាមេរិកមានវត្តមាននៅក្នុងជំនួបកំពូលអាស៊ាននេះ នាវាផ្ទុកយន្តហោះ២របស់អាមេរិក ជាមួយនឹងយន្តហោះប្រមាណ១៥០គ្រឿងកំពុងធ្វើសមយុទ្ធនៅសមុទ្រហ្វីលីពីន ក្នុងការបង្ហាញកម្លាំងនៅក្នុងដែនទឹកនៅខាងត្បូងចិន៕ដោយ៖វាសនា

#