ឌុ​ម កែវ​ដា អាច​ស្វែងរក​ជ័យជំនះ​បាន​ឬទេ​សប្ដាហ៍​នេះ​?

1097
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា / ភ្នំពេញ​៖ អ្នក​ប្រដាល់​ឌុ​ម កែវ​ដា ដែលជា​អ្នកខ្លាំង​មួយរូប​ដែរនោះ សម្រាប់​ការចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​បារ​លី​ប្លេ​ក​លើក​នេះ គេ​ហាក់ដូចជា​វ៉ៃ​អន់​មែនទែន​។​

២​ប្រកួត​ហើយ​ដែល​អ្នក​ប្រដាល់​រូបនេះ ទទួល​បរាជ័យ​ហើយ​ដែល​ការបរាជ័យ​នេះ ធ្វើ​ឲ្យ​រូបគេ​បាត់បង់​ឱកាស​ទាំងស្រុង ក្នុងការ​ឈានទៅ​ក្ដោប​ក្ដាប់​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​។ នៅ​ថ្ងៃទី​១៨​មីនា លើស​ង្វៀន​អាស៊ីអាគ្នេយ៍​ក្នុងការ​ប្រកួត​លើក​ទី​៣ កែវ​ដា ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ លូក តុ​ន (Luok Ton) ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ២​ប្រកួត​របស់គេ​ចាញ់​ទាំង ២​ប្រកួត​ដែរ​។​

​គេ​មិនដឹងថា អ្នក​ប្រដាល់​រូបនេះ វ៉ៃ​អន់​ដោយសារតែ​ខ្ជីខ្ជារ​ក្នុងការ​ហ្វឹកហាត់ ឬក៏​យ៉ាងណា​នោះទេ ឬក៏​ត្រូវ​មន្តអាគម​អូមអាម​នោះដែរ តែ​គេ​វ៉ៃ​អន់​មែនទែន​។ ការប្រកួត​នេះ នឹងធ្វើ​ឲ្យ​អ្នក​ប្រដាល់​មួយរូប​បន្ត​ចាញ់ និង​មាន​មួយរូប​ស្គាល់​ឈ្នះ​ជា​លើកដំបូង​។​

​កែវ​ដា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​ដង ឈ្នះ​៦៩​ដង ចាញ់​១៦​ដង និង ស្មើ​ពិន្ទុ ៣​ដង​។ ចំពោះ លូក តុ​ន វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៥៤​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ នរណា​ជា​អ្នក​ស្គាល់​ជ័យជំនះ នៅក្នុង​ការប្រកួត​នេះ​? ទោះជា​យ៉ាងណា ក៏​ពួកគេ​ទំនង​គ្រាន់តែ​ប្រកួត ដើម្បី​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ព្រោះ​ចាញ់​២​ប្រកួត​ហើយ​ការស្ដារ​ពិន្ទុ​ឡើងវិញ​ពិតជា​មិនអាច​ឡើយ​។​

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ វេ​ង សុភ័ក្ត្រ នៃ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ កូ​ភាប ដាំ (Kolap Dam)​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ២​ប្រកួត​របស់គេ​ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត​ដូចគ្នា តែ​ឱកាស​ដណ្ដើម​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ក៏​ទំនងជា​គ្មាន​ដែរ​ហើយ​។​

​កូ​ឡាប ដាំ ជា​អ្នក​ប្រដាល់​ដែល​ល្អ​មួយរូប​លំបាក​បង្ក្រាប​ខ្លាំងណាស់ ឯ វេ​ង សុភ័ក្ត្រ ក៏​មិន​ណ​យ​ដែរ​។ ការប្រកួត​នេះ ទាំងសងខាង​សុទ្ធតែ​មានឱកាស​ឈ្នះ​ដូចគ្នា ហើយក៏​អាច​ផ្ដួល​គ្នា​បាន​មុន​ទឹក​៥​ទៀតផង ប្រសិនបើ​នរណា​ប្រហែស​នោះ​។ ប្រសិនបើ​គេ​ប្រកួត​គ្នា​រហូត​ចប់​ទឹក​ទី​៥ ទាំង​អ្នកចាញ់​ទាំង​អ្នកឈ្នះ​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ហើយ​។​

​សុភ័ក្ត្រ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៦៦​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង ចំពោះ កូ​ឡាប ដាំ វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​ដង ឈ្នះ ៨០​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ នរណា​បន្ថែម​ស្ថិតិ​ឈ្នះ​ក្នុង​កំណត់ត្រា​ប្រកួត​របស់ខ្លួន​?៕L