ឌូ​តឺ​តេ​ប្រាប់​ឱ្យ​ចាប់​បោះ​ពួក​អ្នកស៊ើប​អង្កេត​សិទ្ធិមនុស្ស​របស់​អ​.​ស​.​ប​ឱ្យ​ក្រពើ​ស៊ី

3369
ចែករម្លែក

​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ និយាយថា ក្រុម​មេធាវី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែល​មក​ប្រទេស​ហ្វីលីពីន​ដើម្បី​ស៊ើបអង្កេត​ការសម្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន នឹងត្រូវ​បោះ​ឱ្យ​ក្រពើ​ស៊ី​។​

​លោក​ឌូ​តឺ​តេ​និយាយថា ពួកគេ​មិន​ស្គាល់​ច្បាប់​អី​ទេ ហើយ​អ្នកអនុវត្ត​ច្បាប់​ពុំគួរ​និយាយ​ជាមួយ​ពួកគេ​នោះឡើយ ក្រៅពី​ស្វាគមន៍​ពួកគេ​។​

​លោក​និយាយថា “​នេះ​គឺ​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​យើង គឺ​រដ្ឋធម្មនុញ្ញ​របស់​យើង​”​។ លោក​និយាយ​នេះ​គឺ​ចង់​សំដៅលើ​សិទ្ធិ​ក្នុង​ការរក្សា​ភាព​ស្ងៀមស្ងាត់ មិនមែន​ចាប់​ពួក​មេធាវី ICC បោះ​ឱ្យ​ក្រពើ​ស៊ី​តាម​ន័យចំ​នោះទេ​។​

​លោក​ឌូ​តឺ​តេ​ថ្លែង​ទៅកាន់​កងទ័ព​នៅ​ទីបញ្ជាការ​មិន​ដា​ណាវ​ភាគ​ខាងលិច​កាលពី​ថ្ងៃ​សៅរ៍​ទី​១០​មីនា​យ៉ាង​ដូច្នេះ “​ទុក​រឿងនេះ​ឱ្យ​ខ្ញុំ​ចាត់ការ​។ ពួកគេ​នឹង​មក​ទីនេះ តើ​អ្នកមាន​ក្រពើ​ចេះ​ស៊ី​មនុស្ស​នៅទីនេះ​ទេ​? បោះ​ពួក​កូន​សំផឹង​ឱ្យ​ក្រពើ​ស៊ី​ទៅ​”​។​

​លោកស្រី ហ្វា​ទូ បិ​ន​ស៊ូ​ដា រដ្ឋអាជ្ញា​របស់ ICC កាលពី​ខែ​មុន​បាន​បើក​ការស៊ើបអង្កេត​បឋម​លើ​ការ​ពាក្យបណ្តឹង​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ដាក់​ប្តឹង​ប្រឆាំង​រូបលោក​ឌូ​តឺ​តេ និង មន្ត្រី​១១​នាក់​ផ្សេងទៀត​របស់លោក​ឌូ​តឺ​តេ ជុំវិញ​ការចោទប្រកាន់​អំពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់គាត់​៕ ​ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស/sn

លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ អំឡុងពេល​ជួបជុំ​ជាមួយ​កងទ័ព​នៅ​ទីបញ្ជាការ​មិន​ដា​ណាវ