ឌែ​នី អាល​វ៉េ​ស ក្លាយជា​កីឡាករ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​

254
ចែករម្លែក

​កីឡាករ ឌែ​នី អាល​វ៉េ​ស (Dani Alves) បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កាលពី ថ្ងៃអាទិត្យ ខណៈពេល​ក្រុម​ភី​អេស​ជី​( Paris Saint-Germain) លើក​ពាន​ជើងឯក​ក្របខណ្ឌ Ligue 1 ។​
​ ​
កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដែល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ខណៈពេល​កីឡាករ​រូបនេះ​លើក​ពាន​ជើងឯក​ជា​លើក​ទី​៤២​កាលពី​ចុង​សប្តាហ៍​ដោយ​មិន​ទាំង បាន​ទាត់​បាល់​មួយ​ជើង​ផង​នោះទេ​។​
​ ​
​ក្រុម​ឡៃ​( Lille )​ជា​គូប្រជែង​ប្រកិត​ប្រកៀក​បំផុត​ជាមួយ​ក្រុម PSG នោះបាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម ទូ​លូ​ស​(Toulouse) ដែល​ធ្វើ​ឲ្យ​ក្រុម​របស់លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) មានឱកាស​លើក​ពាន​ជើងឯក​ជាថ្មីទៀត ស្របពេល​នៅសល់​៦​ប្រកួត​ក្នុង​ដៃ​។ អាល​វ៉េ​ស មានពាន​សរុប​៤២​ក្នុង​វ័យ​៣៦​ឆ្នាំ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ច្រើន​ជាមួយ​ក្រុម​បា​សេ​ឡូ​ណា (Barcelona) ជូ​វេន​ទុ​ស​( Juventus) និង​ក្រុម PSG នៅពេលនេះ​។​
​ ​
ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​បាន​វ៉ា​ដាច់​វីរបុរស​អេ​ហ្ស៊ី​ប ហូ​សាម ហាសាន (Hossam Hassan) នៅលើ​តារាង​កីឡាករ​ដែល​លើក​ពាន​ច្រើនជាងគេ បន្ទាប់ពី ហាសាន លើក​ពាន​សរុប​៤១ ហើយ​ភាគច្រើន​ជា​ពាន​ជើងឯក​លី​ក​ក្នុងស្រុក​ជាមួយ​ក្លិប​អា​លី អេស​ស៊ី​( Ahly SC) និង​ក្លិប ហ្សា​ម៉ា​លេក​(Zamalek) ។​
​ ​
អាល​វ៉េ​ស ចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប​ប្រេ​ស៊ី​ល Bahia មុនពេល​ចាកចេញ​មក​ចូល រួមជាមួយ​ក្លិប សេ​វី​ល​ឡា​(Sevilla) នៅ​ក្របខណ្ឌ La Liga នៅ​ឆ្នាំ​២០០២៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌែ​នី អាល​វ៉េ​ស (Dani Alves)