ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បន្ត​ដាំ​កូនឈើ​ដើម្បី​កម្ពុជា​កាន់តែ​ស្រស់បំព្រង​

285
ចែករម្លែក

ដោយ:​សុផល​/កំ​ពត ៖ ក្នុង​កិច្ច​បន្ត​ការខិតខំ​ប្រឹងប្រែង ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​បៃតង និង​ស្រស់បំព្រង ក្រុមការងារ​សង្គមរ​បស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​” បាន​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ដើម្បី​ដាំ​កូនឈើ​កម្រ​ប្រមាណ ៤០០ ដើម​នៅតាម​សាលារៀន​មួយចំនួន​ក្នុង​ខេត្តកំពត​។

​គំនិត​ផ្តួចផ្តើម​ដាំ​កូនឈើ​នេះ គឺជា​កម្មវិធី​ទំនួល​ខុសត្រូវ​ក្នុងសង្គម​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន “​លើកកម្ពស់​ការយល់ដឹង​ស្តីអំពី​បរិស្ថាន និង​ការដាំ​កូនឈើ​” ដែល​បាន​ធ្វើឡើង​កាលពី​ខែធ្នូ​ក្នុង​ឆ្នាំមុន​ដើម្បី​ជួយ​លើក​កម្ពស់​សម្រស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ស្អាត និង​លើកកម្ពស់​ការយល់ដឹង​ស្តីអំពី​សារសំខាន់​នៃ​បរិស្ថាន និង​ធម្មជាតិ​។​

នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ លោក Pern Chen បាន​មានប្រសាសន៍ថា “​សកម្មភាព​យកចិត្តទុកដាក់​ទៅលើ​បរិស្ថាន​របស់​យើង គឺជា​អ្វីដែល​យើង​ផ្តោត​ជាពិសេស​”​។ “​ដើមឈើ ផ្តល់​ខ្យល់​បរិសុទ្ធ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​។ តាម​ការសិក្សា​ស្រាវជ្រាវ បាន​បង្ហាញថា ដើមឈើ​ធំ​ដែលមាន​ស្លឹក​ច្រើន​មួយ​ដើម អាច​ផលិត​ខ្យល់​អុកស៊ីសែន​គ្រប់គ្រាន់​ក្នុង​មួយឆ្នាំ​សម្រាប់​មនុស្ស ១០ នាក់​ដកដង្ហើម ខណៈ​វា​អាច​ស្រូបយក​ឧស្ម័ន​ពុល​កាបូ​និ​ច​បាន​រហូតដល់ ២១ គីឡូក្រាម​។ ចំណែក​ម្លប់​របស់​វា ក៏​ជួយ​កាត់បន្ថយ​កម្តៅ​នៅ​បរិវេណ​ជុំវិញ​ផងដែរ​ដែល​វា​អាច​កាត់បន្ថយ​កម្តៅ​បាន​ពី​ពីរ​ទៅ​បី​អង្សារ​”​។

លោក​បាន​លើកឡើងថា “​ការដាំ​កូនឈើ​ថ្មី មាន​សារៈសំខាន់​ណាស់​ដែល​យើង​ទាំង​អស់គ្នា​អាច​ធ្វើបាន​ដើម្បី​លើកកម្ពស់​បរិស្ថាន និង​សុខុមាលភាព​របស់​សិស្សានុសិស្ស លោកគ្រូ​-​អ្នកគ្រូ និង​សហគមន៍​របស់​យើង​។ ចាប់តាំងពី​ឆ្នាំ ២០១៤ មក ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន​ដាំ​កូនឈើ​ជាង ៣.៣០០ដើម​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​តាមរយៈ​ការពន្យល់​ណែនាំ​ស្តីអំពី​វិធី​ថែរក្សា និង​អភិរក្ស​បរិស្ថាន​របស់​ក្រសួង​បរិស្ថាន សិស្សានុសិស្ស​ទាំងអស់​នឹង​យល់​កាន់តែច្បាស់​អំពី​តម្លៃ​នៃ​ការអភិរក្ស​បរិស្ថាន​។ ខ្ញុំ​សូម​ជំរុញ​អ្នក​ទាំងអស់គ្នា​ឲ្យ​ចូលរួម​ជាមួយ​យើង និង​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​បៃតង និង​ស្រស់បំព្រង​ជាង​មុន​”​។

លោក ជៀប ប៊ុន​អ៊ាង ប្រធាន​នាយកដ្ឋាន​អប់រំ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន បាន​កោត​សរសើរ​ដល់​កម្មវិធី​នេះ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី និង​ធម្មជាតិ​​ផងដែរ​។ “​យើង​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​នេះ​ក្នុង​ការជួយ​កាត់បន្ថយ​ផល​ប៉ះ​ពាល់​​នៃ​បម្រែបម្រួល​អាកាសធាតុ​ដែលជា​បញ្ហា​ដ៏​ធំ​បំផុត​មួយ​ដែល​ពិភពលោក​កំពុង​ប្រឈម និង​ព្រួយបារម្ភ​ក្នុងពេល​បច្ចុប្បន្ន​។ ដើមឈើ ស្រូបយក​ឧស្ម័ន​ពុល​កាបូ​និ​ច​ពី​ក្នុង​បរិយាកាស និង​បញ្ចេញ​មកវិញ​នូវ​ខ្យល់​អុកស៊ីសែន ដូច្នេះ​ដើមឈើ មាន​សារៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​ជីវិត​របស់​យើងទាំងអស់គ្នា​”​។

​លោក ហេង រស្មី អនុប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​កំពង់ត្រាច បាន​មានប្រសាសន៍​ផងដែរ​ថា “​ការផ្តល់​ម្លប់​ធម្មជាតិ​នៅក្នុង​ទីធ្លា​សាលារៀន គឺជា​អ្វីដែល​ក្រសួង​តែងតែ​លើកទឹកចិត្ត​ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​សិក្សា​រៀនសូត្រ​ប្រសើរ​ជាង​មុន​”​។ លើសពីនេះ ឫស​ឈើ ស្រូបយក​ទឹក និង​ទប់ស្កាត់​ការហូរ​ច្រោះ​នៃ​ដី​ដែល​ជួយ​កាត់បន្ថយ​ទឹកជំនន់​ដែល​បណ្តាល​ឲ្យ​សាលារៀន​ផ្អាក​ដំណើរការ និង​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​”​។

លោក ឃឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច បាន​មានប្រសាសន៍ថា “​យើង​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ទាំងអស់​ដែល​ជួយ​ធ្វើ​ឲ្យ​បរិស្ថាន​នៅក្នុង​សហគមន៍​របស់​យើង​ប្រសើរ​ឡើង​”​។ ចំណែក​លោក ណែន វុទ្ធី នាយក​សាលាបឋមសិក្សា​កោះ​ទ្រមូង បាន​ថ្លែងអំណរគុណ​ដល់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​កូនឈើ​កម្រ​ទាំងនេះ​ដល់​សាលារៀន​របស់​យើង​”៕B/



#