ណាហ្គា​វើ​លដ៍ តំណាង​ប្រទេស​កម្ពុជា​ឈ្នះ​ពានរង្វាន់​ការងារ​សង្គម​ឆ្នើម​

938
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ណាហ្គា​វើ​លដ៍​បានឈ្នះ​ពានរង្វាន់ “​ឧត្តមភាព​ការងារ​សង្គម​ទូទៅ​ល្អ​ដាច់​គេ​តំណាង​ប្រទេស​កម្ពុជា​” ពី​កម្មវិធី​ប្រគល់​រង្វាន់​ការងារ​សង្គម​សកល​ប្រចាំឆ្នាំ​២០១៨ លើក​ទី​១០ ដែលជា​កម្មវិធី​ប្រគល់​រង្វាន់​ការងារ​សង្គម​ល្បី​បំផុត​មួយ ក្នុង​ទ្វីបអាស៊ី ដែល​បាន​ធ្វើឡើង​ក្នុងពេល​ថ្មីៗ​នេះ​ក្នុង​ទីក្រុង​ឡុ​ម​បុក (Lombok) ប្រទេស​ឥណ្ឌូនេស៊ី​។

​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១០​ដែល​កម្មវិធី​ប្រគល់​រង្វាន់​ការងារ​សង្គម​សកល​នេះ​ទទួលស្គាល់ និង​ផ្តល់រ​ង្វាន់​ដល់​ក្រុមហ៊ុន​ណា​ដែលមាន​កម្មវិធី​ការងារ​សង្គម​ឆ្នើម​ដាច់​គេ ការបន្ត​ការងារ​សង្គម និង​ការផ្តល់​ផលប្រយោជន៍​ដល់​អ្នក និង សហគមន៍​ដែល​ជួប​ការលំបាក ព្រមទាំង​អភិរក្ស​បរិស្ថាន ខណៈ​កំពុង​ប្រកប​អាជីវកម្ម​របស់ខ្លួន ។

​លោក ភើ​ន ឈិន​( Pern Chen) នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​កិត្តិយស​ដែល​បានទទួល​ពានរង្វាន់​នេះ​។​វា​គឺជា​ស្នាដៃ​ឆ្នើម​មួយទៀត​នៃ​ការបន្ត​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍ និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍ ។ យើង​ជឿជាក់ថា គន្លឹះ​ដើម្បី​ទទួលបាន​ឧត្តមភាព​ការងារ​សង្គម គឺ​ត្រូវ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ប្រកបដោយ​និរន្តរភាព ពោលគឺ​យកចិត្តទុកដាក់​ទៅលើ​សហគមន៍ បុគ្គលិក ម្ចាស់​ភាគហ៊ុន និង​ប្រទេស​កម្ពុជា​ទាំងមូល ” ។

​រៀបចំ​ដោយ​ក្រុមហ៊ុន Pinnacle Group International ពានរង្វាន់​ការងារ​សង្គម​សកល​នេះ បាន​ក្លាយជា​ស្តង់ដារ​កំពូល​រួមមួយ​នៅក្នុង​ចំណោម​សហគមន៍​ជាច្រើន ។ ក្នុងចំណោម​ក្រុមហ៊ុន​ជាង​៣០០​មាន​ក្រុមហ៊ុន​ចំនួន​៦០​ប៉ុណ្ណោះ​ដែល​បានឈ្នះ​ពានរង្វាន់​លំដាប់​កំពូល​នេះ​ក្នុង​ប្រភេទ​ពាន ១០ ផ្សេងៗ​គ្នា ។ អ្នក​ដែល​ប្រគល់​ពានរង្វាន់ គឺ​អ្នកស្រី Kurleni Ukar ដែលជា​នាយករង​នៃ​នាយកដ្ឋាន​ឧស្សាហកម្ម និង​បញ្ញត្ត​នៃ​ក្រសួងទេសចរណ៍​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ។

​ពានរង្វាន់​នេះ​គឺ​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ណាហ្គា​វើ​លដ៍​ដែល​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ស្នូល​របស់​ក្រុមហ៊ុន​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព និង​កសាង​ប្រទេស​កម្ពុជា​។​កម្មវិធី​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​លដ៍ ផ្តោតលើ​សសរស្តម្ភ​ធំៗ​ចំនួន ៤ គឺ អភិវឌ្ឍ​វិស័យ​អប់រំ ចុះជួយ​តាម​សហគមន៍ អភិវឌ្ឍ​វិស័យ​កីឡា និង​អភិរក្ស​បរិស្ថាន ។

​ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៤ ដោយ​បុគ្គលិក​ស្ម័គ្រចិត្ត​ណាហ្គា​វើ​លដ៍ បាន​ចូលរួម​ធ្វើ​ឲ្យ​បរិយាកាស​សិក្សា​កាន់តែ​ប្រសើរឡើង និង​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ជាង ១៥២.០០០ នាក់​នៅតាម​សាលារៀន​ជាង ១០០ នៅតាម​បណ្តា​ខេត្ត​ក្នុងប្រទេស​កម្ពុជា ។ លើសពីនេះទៅទៀត ណាហ្គា​វើ​លដ៍ បាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Naga Academy ក្នុង​ឆ្នាំ ២០១២ ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ដែល​កន្លងមក មជ្ឈមណ្ឌល​នេះ បានផ្តល់​ផលប្រយោជន៍​ដល់​យុវជន​-​យុវនារី​កម្ពុ​ជាជាង ២.៥០០ នាក់ ។

​កម្មវិធី​ការងារ​សង្គម​ដែល​កំពុង​បន្ត​ផ្សេងទៀត រួមមាន​ការលើកកម្ពស់​ការយល់ដឹង​ស្តីអំពី​សុវត្ថិភាព​អគ្គិភ័យ​ដល់​សិស្សានុសិស្ស ផ្តល់ឱកាស​ដល់​យុវជន​កម្ពុជា​តាមរយៈ​ក្លឹប​បាល់ទាត់​ណាហ្គា​វើ​លដ៍ និង​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​តាមរយៈ​ការសហការ​ជាមួយ​គណកម្មាធិកា​ជាតិ​អូឡាំពិក​កម្ពុជា​ក៏ដូចជា​លើកកម្ពស់​ការយល់ដឹង​ស្តីអំពី​បរិស្ថាន​តាមរយៈ​យុទ្ធនាការ ៣ R (​កាត់បន្ថយ ប្រើប្រាស់​ឡើងវិញ​និង​កែច្នៃ​ឡើងវិញ​)៕

Naga Event