ណាហ្គា​វើ​លដ៍ បង្កើត​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់ និង​បណ្តុះបណ្តាល​គ្រូបង្វឹក

955
ចែករម្លែក
  • 7
    Shares
ណាហ្គា​វើ​លដ៍ បង្កើត​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​និង​បណ្តុះបណ្តាល​គ្រូបង្វឹក​នៅ​ខេត្តកំពង់ស្ពឺ​

ដោយ​: សុផល / ភ្នំពេញ​: ក្រុមការងារ​សង្គមរ​បស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​(​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​) បាន​បង្កើត “​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​”​។ គម្រោង​គំនិត​ផ្តួចផ្តើម​រយៈពេល​២​ឆ្នាំនេះ នឹង​បណ្តុះបណ្តាល​គ្រូ​កីឡា​មកពី ៩៤ អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំង​ខេត្តកំពង់ស្ពឺ ។ កម្មវិធី​នេះ មានការ​គាំទ្រ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

​ក្រោយពី​ការបណ្តុះបណ្តាល​រយៈពេល ៤ ថ្ងៃ ដោយ​ក្លឹប​បាល់ទាត់​ណាហ្គា​វើ​លដ៍​នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ​ពីថ្ងៃ​ទី ២ ដល់ទី ៥ តុលា ២០១៨ គ្រូ​កីឡា​នៅក្នុង​ខេត្ត​នេះ នឹង​ទទួលបាន​វិញ្ញាបនបត្រ D-licence ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។ គ្រូ​កីឡា​ទាំងអស់ នឹង​ទទួលបាន​ពី​ណាហ្គា​វើ​លដ៍​នូវ​អាវ​កីឡា និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ការហ្វឹកហ្វឺន មានដូចជា បាល់ទាត់ និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​នៅតាម​សាលារៀន​របស់​ពួកគេ​ផងដែរ ។

​នៅក្នុង​ពិធី​សម្ពោធ​“​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​” កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ ឧសភា ឆ្នាំ​២០១៨ នៅ​ណាហ្គា​វើ​លដ៍ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ លោក ភើ​ន ឈិន (Pern Chen) បាន​មានប្រសាសន៍ថា “​ណាហ្គា​វើ​លដ៍ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាល ក្នុង​ការជួយ​គាំទ្រ និង​អភិវឌ្ឍ​កីឡាបាល់ទាត់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្កើត​ឲ្យ​មាន​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​ឡើង​” ។​

​លោកនាយក បាន​បន្ថែមថា “​ណាហ្គា​វើ​លដ៍ ក៏បាន​ជួយ​បណ្តុះបណ្តាល​សិស្សានុសិស្ស​នៅតាម​បណ្តា​ខេត្ត​ផងដែរ​តាមរយៈ​កម្មវិធី​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ។ ដើម្បី​បង្កើត​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​កីឡាបាល់ទាត់​ក្នុងប្រទេស​កម្ពុជា យើង​នឹង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ដល់​គ្រូ​កីឡា​ទូទាំង​ខេត្តកំពង់ស្ពឺ​។ កម្មវិធី​បណ្តុះបណ្តាល​នេះ នឹង​បង្រៀន​ដល់​គ្រូ​កីឡា​ឲ្យ​ក្លាយជា​គ្រូ​កីឡា​ប្រកបដោយ​សមត្ថភាព​ដើម្បី​ជួយ​ស្វែងរក​កីឡាករ​វ័យក្មេង​ដែល​ពូកែ​។​នៅពេល​ទទួលបាន​ជំនាញ​ទាំងនេះ គ្រូ​កីឡា​ដែលជា​សិក្ខាកាម នឹង​អាចជួយ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​កីឡាករ​វ័យក្មេង​ជំនាន់​ក្រោយ​របស់​យើង​ជា​បន្តទៀត​“ ។

​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ម៉ៃ តុលា បាន​មានប្រសាសន៍ថា “​ស្តង់ដារ​នៃ​ការបណ្តុះបណ្តាល​បាល់ទាត់​នៅតាម​កម្រិត​មូលដ្ឋាន​ទូទាំង​ខេត្តកំពង់ស្ពឺ នឹងមាន​ការរីកចម្រើន​កាន់តែខ្លាំង​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​យើង​សង្ឃឹមថា យើង​នឹង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​នៅលើ​វាលស្មៅ​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​” ។

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់ថា “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ណាហ្គា​វើ​លដ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​រៀបចំ​កម្មវិធី​នេះ ឡើង​នៅក្នុង​ខេត្ត​របស់​យើង ដែល​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សិស្សានុសិស្ស​ប្រមាណ ១៨.៥០០ នាក់​អាយុ​ចន្លោះ ១២ និង ១៨ ឆ្នាំ​”​។

​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិកា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​ការបណ្តុះបណ្តាល​នៅតាម​សាលារៀន គឺជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​អភិវឌ្ឍ​ជំនាញ​បាល់ទាត់​ក្នុងចំណោម​យុវជន​វ័យក្មេង នៅតាម​បណ្តា​ខេត្តហើយ យើង​គាំទ្រ​កម្មវិធី និង​វត្ថុបំណង​នៃ​កម្មវិធី​នេះ​ពេញទំហឹង​” ។

​លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា “​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​អភិវឌ្ឍ​កីឡា​ទូទាំងប្រទេស ហើយ​យើង​សូម​កោតសរសើរ​ដល់​ណាហ្គា​វើ​លដ៍​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ជួយ​លើកកម្ពស់​ស្តង់ដារ​នៃ​ការបណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​នៅតាម​សាលារៀន​នៅក្នុង​ខេត្តកំពង់ស្ពឺ ហើយ​វា​នឹង​ជួយ​ពង្រឹងសមត្ថភាព​ដល់​កីឡាករ​នៅតាម​ក្លឹប​អាជីព​ក៏ដូចជា​ក្រុម​ជម្រើសជាតិ​ផងដែរ​” ។​

​គួរ​បញ្ជាក់ថា​សាលារៀន​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង “​ការប្រកួត​យុវជន​ខ្នាតតូច​អាយុ​ក្រោម ១៨ ឆ្នាំ​របស់​ណាហ្គា​វើ​លដ៍​” ផងដែរ​ដែល​គ្រោង​នឹងធ្វើ​រយៈពេល​ជាង ២ ថ្ងៃ​ក្នុង​ខែធ្នូ ឆ្នាំ ២០១៨ ឬ​ខែមករា ឆ្នាំ ២០១៩ ។ ការប្រកួត​នេះ មាន​គោលបំណង​ត្រួតពិនិត្យ​អំពី​សមត្ថភាព​របស់​កីឡាករ​ដែល​ជ្រើសរើស​ដោយ​គ្រូ​កីឡា​របស់​ពួកគេ និង​ដើម្បី​ជួយ​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​នៅពេល​ពួកគេ​លេង​បាល់ទាត់ ។

​ក្លឹប​បាល់ទាត់​ណាហ្គា​វើ​លដ៍​ដែលជា​ក្លឹប​ជើងឯក​ពីរ​សម័យ​ដែល​កំពុង​ស្ថិតនៅ​កំពូល​តារាង​នៃ​លី​គ​បាល់ទាត់​កំពូល​កម្ពុជា​និង​មិនទាន់​ធ្លាប់​ចាញ់ នឹង​ចុះ​កុងត្រា​ជាមួយ​សិស្សានុសិស្ស​ណា​ដែល​លេង​ពូកែ​បំផុត​ពី​កម្មវិធី​របស់ខ្លួន​នៅពេល​ពួកគេ​អាយុ​១៨ ឆ្នាំ​៕ ល​