ណាហ្គា​វើ​លដ៍ ឧបត្ថម្ភ​២​លាន​ដុល្លារ​សម្រាប់​សាងសង់​ស្តា​ត​ និង​អភិវឌ្ឍ​យុវជន​និង​កីឡា​

436
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ដែលជា​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​លើកកម្ពស់ “​ការអភិវឌ្ឍ​យុវជន និង​កីឡា​ក្នុង​ខេត្តកំពង់ស្ពឺ​”​។​

លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​. បានទទួល​មូល​ប្ប​ទា​នប​ត្រ ពី​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍លោក Pern Chen នៅក្នុង​ពិធី​ប្រគល់​ទទួល​ថវិកា​ដែល​បានធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​ក្រោម​ដី​ណាហ្គា​ស៊ី​ធី​វ៉ក​។​

គោលបំណង​នៃ​កម្មវិធី​អភិវឌ្ឍ​យុវជន​នេះ គឺ​ដើម្បី​លើកកម្ពស់​ទេពកោសល្យ ជំរុញ​ការអភិវឌ្ឍ​យុវជន និង​ផ្តល់ឱកាស​បន្ថែម​ដល់​យុវជន​កម្ពុជា​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អនាគត និង​ក្តី​បំណង​របស់ខ្លួន​ក្នុង​វិស័យ​កីឡា និង​វិស័យ​ផ្សេងៗ​ទៀត​។ តាមរយៈ​ការឧបត្ថម្ភ​នេះ​នឹង​បន្ត​ផ្តល់​ប្រយោជន៍​ដល់​យុវជន​កម្ពុជា​ដូចដែល​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បាន​អនុវត្ត​ក្នុង​ខេត្តកំពង់ស្ពឺ​កន្លង​មកក្រោម​ការគាំទ្រ​របស់លោក ហ៊ុន ម៉ា​នី ។ គម្រោង​ទាំងនេះ រួមមាន កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​រយៈពេល ២​ឆ្នាំ ដែល​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ បង្ហាត់កីឡា​បាល់ទាត់​អាជីព​ដល់​គ្រូ​អនុវិទ្យាល័យ និង​វិទ្យាល័យ បូករួម​នឹង​ការឧបត្ថម្ភ​សម្ភារៈ​កីឡា និង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ជា​បន្តបន្ទាប់​។​

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ លោក Pern Chen បាន​មានប្រសាសន៍ថា “៧០% នៃ​ប្រជាជន​កម្ពុជា​សរុប មាន​អាយុ​ក្រោម ៣៥​ឆ្នាំ​។ យើង​ជឿជាក់ថា ការវិនិយោគ​ទៅលើ​យុវជន គឺជា​ការវិនិយោគ​ទៅលើ​អនាគត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ការលើកស្ទួយ​យុវជន គឺ​ការបង្កើត​ការផ្លាស់ប្តូរ​កាន់តែ​ប្រសើរ​នៅក្នុង​សហគមន៍​។​យើង​រួមគ្នា​ផ្តល់ឱកាស​ប្រសើរ​ជាង​មុន​ដើម្បី​ឲ្យ​ពួកគេ​បង្កើន​គុណភាព​នៃ​ជីវិត​របស់​ពួកគេ​ផ្ទាល់ និង​គ្រួសារ​របស់​ពួកគេ​។ យើង​សង្ឃឹមថា ការឧបត្ថម្ភ​សម្រាប់​កម្មវិធី​ទាំងនេះ នឹង​ជួយ​បង្កើន​សក្តានុពល​របស់​យុវជន​ក្នុង​ខេត្តកំពង់ស្ពឺ​សម្រាប់​សង្គមជាតិ​ហើយ​ដែល​ការ​នេះ​នឹង​ផ្តល់​ត្រឡប់មកវិញ​ដល់​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​ទាំងមូល​”​។

លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​មានប្រសាសន៍ថា​ក្នុង​បុព្វហេតុ​លើកស្ទួយ​យុវជន​ឲ្យ​ក្លាយជា​សសរទ្រូង​ដ៏​រឹងមាំ​របស់​សង្គម និង​ប្រទេសជាតិ ស​.​ស​.​យ​.​ក​. បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កៀរគរ​កិច្ចសហការ​ជាមួយ នឹង​ដៃគូ​នានា​ដើម្បី​បង្កើតជា​វេទិកា​ឲ្យ​យុវជន​បាន​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ បំ​ណិ​ន​ជីវិត កិច្ច​ហាត់​ការ ក៏ដូចជា​ការ​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ទូទាំងប្រទេស​។ ជាក់ស្តែង ក្រោម​គម្រោង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​នេះ យុវជន​នឹងមាន​ឱកាស​កាន់តែ​ប្រសើរ និង​ច្រើនជាង​មុន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឈានទៅ​ចាប់យក​អាជីព​ក្នុង​វិស័យ​កីឡា និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។ ភាពជោគជ័យ​ដែល​កើតចេញពី​កិច្ចសហការ​នេះ នឹង​នាំទៅដល់​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហការ និង​បាន​នូវ​ការរីកចម្រើន​សម្រាប់​ទាំងអស់គ្នា​។​

លោក​បានឱ្យដឹងថា​៖​នៅ​ថ្ងៃទី​១៥​ខែធ្នូ ឆ្នា​២០១៩​ខាងមុខ នឹង​ប្រារព្ធ​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់ផ្តើម​សាងសង់​កីឡដ្ឋាន​នាទី​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​តាមរយៈ​ជំនួយ​នេះ នឹង​ជួយ​លើកស្ទួយ​វិស័យ​កីឡា​ខេត្តកំពង់ស្ពឺ​ឱ្យ​កាន់តែ​ប្រសើរ ហើយ​នាពេល​អនាគត​រំពឹងថា​ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​នឹងមាន​យុវជន​មកពី​ខេត្តកំពង់ស្ពឺ​។​

ផ្សារភ្ជាប់​ជាមួយនឹង​កម្មវិធី​អភិវឌ្ឍ​យុវជន និង​កីឡា​ក្នុង​ខេត្តកំពង់ស្ពឺ ផងដែរ​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ក៏បាន​លើកទឹកចិត្ត​ឲ្យ​យុវជន​កម្ពុជា​ចុះឈ្មោះ​និង​ដាក់ពាក្យ​ដើម្បី​ក្លាយជា​បុគ្គលិក​កម្មសិក្សា​នៃ​“​កម្មវិធី​ជ្រើសរើស​បុគ្គលិក​កម្មសិក្សា​ថ្មី​”​ដើម្បី​ឲ្យ​យុវជន​របស់​យើង​ស្វែងយល់​ពី​ឱកាស​ការងារ និង​អភិវឌ្ឍ​ជំនាញ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​ណាហ្គា​វើ​លដ៍​។​គំនិត​ផ្តួចផ្តើម​នៃ​ការងារ​ទំនួល​ខុសត្រូវ​សង្គម​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស មាន​គោលបំណង​លើកទឹកចិត្ត​ឲ្យ​យុវជន​អភិវឌ្ឍ​សមត្ថភាព និង​ទទួលបាន​បទពិសោធន៍​ការងារ​ដ៏​មានតម្លៃ​នៅក្នុង​មុខតំណែង​ជាច្រើន​។

នៅពេល​ជាប់​ជា​ស្ថាពរ បុគ្គលិក​កម្មសិក្សា​នឹង​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​រហូតដល់ ៣០០​ដុល្លារ​ក្នុង​មួយខែ ការ​ញ៉ាំ​ម្ហូបអាហារ និង​ភេសជ្ជៈ​ឥត​កំណត់ ឱកាស​បណ្តុះបណ្តាល​បន្ថែ​ម​ពេញ​មួយឆ្នាំ​កន្លែង​ស្នាក់​នៅតាម​ការស្នើសុំ​និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។

សាធារណជន​ទូទៅ យុវជន សិស្ស​វិទ្យាល័យ និស្សិត​សាកលវិទ្យាល័យ និង​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ទាំងអស់ អាច​ដើរចូល​សម្ភាសន៍​ដោយ​សេរី​រៀងរាល់ថ្ងៃ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Naga Academy (​អគារ​លេខ ១៤ ផ្លូវ​លេខ ២៥២ រាជធានី​ភ្នំពេញ​) ពី​ម៉ោង ១១​ព្រឹក​ដល់ ៩​យប់ ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ឬ​ពី​ម៉ោង ៩​ព្រឹក​ដល់ ៥​ល្ងាច នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។

ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន និង​កំពុង​ធ្វើ​សកម្មភាព​សង្គម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។ ក្នុង​ខែមីនា​ឆ្នាំ​២០១៤ ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដែលមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ដើម្បី​លើកកម្ពស់​ការធ្វើការ​ស្ម័គ្រចិត្ត​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល​ដោយ​ផ្តោតទៅលើ​សសរស្តម្ភ ៤ គឺ​ការលើកកម្ពស់​វិស័យ​អប់រំ ការផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការអភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន​។ មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ២០៤.០០០ នាក់​បានទទួល​ផលប្រយោជន៍​ពី​កម្មវិធី​ទាំងនេះ​៕B/