ណា​ណៃ លេចមុខ​លេង​កំប្លែង នៃ​កម្មវិធី​កំប្លែង “​ផ្ទះ​សំណើច​”

869
ចែករម្លែក

​ភ្នំពេញ​៖ ហឺ​ហឺ​! តារា​សម្តែង ណា​ណៃ ពេលនេះ រូប​សម្រស់​កាន់តែ​ស្រស់ស្អាត​ជាង​មុន ហើយ​មាន​ប្រជាប្រិយភាព​ថែមទៀត បានលេចមុខ​ក្នុង​ក្រុម​តារា​ល្បីៗ នៃ​កម្មវិធី​កំប្លែង “​ផ្ទះ​សំណើច​” របស់​ស្ថានីយទូរទស្សន៍បាយ័ន​។​

​តារា​សម្តែង​វ័យក្មេង កញ្ញា ណា​ណៃ ដែល​ទស្សនិកជន ស្គាល់​ថា ជា​ស្រី​តូច​ច្រឡឹង គួរឱ្យ​ស្រឡាញ់​នោះ បានបង្ហាញ​វត្តមាន​សម្តែង ជាមួយ​ក្រុម​កំប្លែង​នាយ​ចាប​ចៀន ក្នុង​វិធី​កម្សាន្ត​របស់​ទូរទស្សន៍​បាយ័ន “​ផ្ទះ​សំណើច​” ។ តារា​ស្រី​រូបនេះ​ត្រូវបាន​អ្នកគាំទ្រ របស់​នាង ពេញចិត្ត និង​នាំគ្នា​សរសើរ​ចំពោះ​នាង ដែល​នាង​ចេះ​មកលេង​កំប្លែង និង​ចេះ​មកលេង​កូរ​ពេញ​ឆាក ជាមួយ​តារា​កំប្លែង​ជាច្រើន​ដួង​។​

​កញ្ញា ណា​ណៃ បាន​ប្រាប់ថា ទស្សនិកជន​ខ្លះប្រាកដជា​មិន​ស្គាល់​នាង​នោះទេ ដោយនាង​កន្លងមក មិនដែល​លេចមុខ​លេង​កំប្លែង ឬ​ឡើង​សម្តែង​តាម​ឆាក​ណា​ឡើយ​។ ប៉ុន្តែ លើក​នេះ នាង​អាច​បង្ហាញ​សមត្ថភាព​បានក្នុង​កំប្លែង​មួយ​នេះ​ដើម្បី​បម្រើ​ទស្សនិកជនបាន ​នាង​ក៏​ថ្លែងអំណរគុណ​ដល់​អ្នកដឹកនាំ​កម្មវិធី និង​រៀមច្បង​តារា​កំប្លែង​ទាំងអស់​រាប់អាន ស្រឡាញ់​លេង​កំប្លែង​ជាមួយគ្នា​បាន​យ៉ាង​ល្អ​។ ប្រសិនបើ​មាន​កំហុស ឬ​ខុសឆ្គងចំណុច​ណាមួយមិន​សម នាង​សូម​លើក​ដៃសំពះសុំទោស ដល់​ទស្សនិកជន និង​អ្នកគាំទ្រ ទាំងអស់​ហើយ​នាង​នឹង​ខំប្រឹង​ធ្វើយ៉ាងណាឱ្យ​ល្អប្រសើរ​ជាងមុន ដើម្បី​ទស្សនិកជន​។​

​សូម​រំលឹកថា កញ្ញា ណា​ណៃ ជា​តារា​សម្តែង​វ័យក្មេង​រូប​ស្រស់ សម្បុរ​ស្រអែម ទើបតែប្រឡូក​ក្នុង​វិស័យ​សម្តែងបាន​ជាង​មួយឆ្នាំ ខណៈ​នាង ចូល​សិល្បៈ តាំងពី​ឆ្នាំ​២០១៦ មក ។ កាលពីពេល​ថ្មីៗ​នេះ នាង​ទើប​ទទួលបាន​ការចូល​រួម​សម្តែង​ពី​ស្ថានីយទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ក្នុង​រឿង​ភាគ “​ជញ្ជីង​ជីវិត​”​។​
​ ​
​សម្រាប់​ទីផ្សារការងារ​វិញ នាង​ត្រូវបាន​ផលិតករ និង​អ្នកដឹកនាំ​ជាច្រើន​ពេញចិត្ត​ចំពោះការសម្តែង​របស់​នាង​កន្លងមក ហើយ​នាង​ក៏​ឧស្សាហ៍​ចេញមុខ​ថត​សម្តែង​វី​ឌី​អូ​បទចម្រៀង ឱ្យ​បណ្តា​ផលិតកម្ម​ចម្រៀង​ជាច្រើន​ផងដែរ​។​

កញ្ញា ណា​ណៃ មាន​ភាព​លេចធ្លោ និង​ត្រូវបាន​មហាជន​ស្គាល់​នៅពេល​នាង​បាន សម្តែងក្នុង​រឿង​មួយ ដែល​នាង​ដើរតួ​ជា​ម្តាយ និង​មនុស្ស​ឆ្កួត បាត់បង់​ស្មារតី ដែល​ត្រូវបាន​ផលិតករសរសើរ ចំពោះ​សមត្ថភាព​របស់​នាង​។

​តារា​ស្រី​រូបនេះ ក៏​ធ្លាប់ជា​តារា​កិត្តិយស ក្នុង​កិច្ចសម្ភាសន៍ កម្មវិធី “​កុន​ខ្ញុំ​” របស់​ស្ថានីយទូរទស្សន៍​ជាតិ​ផងដែរ ពិធីករ ប្រុសក្នុង​កម្មវិធី​នោះ លោក សុខ សំណាង ក៏បានសរសើរចំពោះ​ខ្សែជីវិត​នៃ​ការតស៊ូ និង​ការព្យាយាម​របស់​នាង​ក្នុង​វិថី​សិល្បៈ កន្លងមក ជាមួយ​សមត្ថ​ភាពខ្លាំង​របស់​នាង ៕ ដោយ​៖​បូ​រិ​ន/Ha