ណា​តា​ហ្សា ចូលឆ្នាំថ្មី​បី​ថ្ងៃ សម្ងំ​កើប​លុយ មិន​ខ្ចី​ដើរលេង​ហ៊ឺហា​

1657
ចែករម្លែក

(​ភ្នំពេញ)​៖ តារា​សម្តែង​សិច​ស៊ី កញ្ញា ណា​តា​ហ្សា ពេល​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ បាន​សម្ងំ​កើប​លុយ ដោយ​មិន​ខ្ចី​ដើរលេង​ចាយលុយ​ហ៊ឺហា ឱ្យ​សប្បាយៗ ដូច​តារា​ដទៃទៀត​។​
​ ​
​ខណៈ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស នាំគ្នា​អបអរ និង​ដើរ​កម្សាន្ត ក្នុង​ពិធី​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​បី​ថ្ងៃនោះ ណា​តា​ហ្សា បែរជា​បង្ហាញ​មុខជា​សាធារណៈ នៅ​រមណីយដ្ឋាន​វត្តភ្នំ ស្ថិតក្នុង​តូប​លក់​សម្លៀកបំពាក់ នៃ​ពិធី​តាំង​ពិរ​ព័​ណ៍​ផលិតផល និង​ពិធី​រាំ​កម្សាន្ត​នៃ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដែល​នាង​ឈរ​ស្រែក​ហៅភ្ញៀវ មក​មើល និង​ទិញ​ឥ​វ៉ាន់​របស់​នាង​។​

​តារា​ល្បី​រូបនេះ បានឱ្យដឹងថា សម្រាប់​ថ្ងៃ​ឈប់សម្រាក រយៈពេល​បី​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​នេះ នាង​សម្រេចចិត្ត​យក​ពេល ដាក់លក់​អីវ៉ាន់​របស់​នាង ដែលជា​រឿង​ល្អ និង​ចំណេញ​ពេលវេលា​។ មុខរបរ​លក់​សម្លៀក​បំពាក់​ស្រីៗ ដែល​ស្រស់ស្អាត និង​ម៉ូត​ថ្មី​នេះ នាង​ធ្វើ និង​រកស៊ី​តាំងពី​យូរ​មកហើយ គឺ​ឱ្យ​តែមាន​ពេលទំនេរ​ពី​ការងារ​សិល្បៈ​នាង​នឹងធ្វើ ហើយ​។ បើ​ដល់​ពេលណា នាង​ក៏​ថត​បង្ហោះ និង Live Video ផ្សាយ​លក់​អីវ៉ាន់​របស់​នាង ដែលមាន​ច្រើន​មុខ​។ មុខរបរ​នេះ នាង​រក​មួយរយៈ​នេះ គឺមាន​ការទទួល​គាំទ្រ និង​លក់ដាច់ ណាស់​។
​ ​
​សូមបញ្ជាក់ថា កញ្ញា ណា​តា​ហ្សា ជា​កូន​ខ្មែរ កាត់​អ៊ីស្លាម ជា​តារា​សម្តែង​ល្បី ដែល​កើតចេញ ពី​ការធ្វើជា ឌី​ជេ និង​ពិធី​ការិនី​។ នាង​បាន​ល្បីឈ្មោះ​ខ្លាំង ក្នុង​ខ្សែភាពយន្ត “​កំណត់ហេតុ នាង​នាថ​” ដែលមាន​យុវវ័យ​ស្រឡាញ់​គាំទ្រ​នាង ក្នុង​រឿងបុរាណ​មួយ​នោះ​។​

​តារា​សម្តែង​ដែល​ហ៊ាន​ថត​រឿង​ពិបាកៗ និង​និយម​លេងខ្លួន​សិច​ស៊ី​រូបនេះ​កំពុងតែ​ហក់​ខ្លាំង លើ​វិស័យ​លក់​សម្លៀកបំពាក់ និង​គ្រឿងសម្អាង​របស់​នារីៗ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ បច្ចុប្បន្ននេះ នាង​កំពុង​តែមាន​ប្រជាប្រិយ​ខ្លាំង​ផងដែរ លើ​អាជីព ជា​ពិធី​ការិនី ដោយ​នាង ឧស្សាហ៍​ទទួល​កម្មវិធី​នៅតាម​ខេត្ត​៕ ដោយ​៖ បូ​រិ​ន​