ណា​តូ​ត្រៀម​យក​ខែធ្នូ​ប្រកាស​ទី​អវកាស​ជា​ព្រំដែន​សង្គ្រាម​អនាគត

599
ចែករម្លែក

​ការសម្រេចចិត្ត​នេះ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ដើមខែ​ធ្នូ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ កន្លែង​ដែល​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​គ្រោង​នឹងចូលរួម​។ ណា​តូ​នឹង​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ការប្រយុទ្ធ​គ្នា​អាចធ្វើ​ឡើង​មិន​ត្រឹមតែ​នៅលើ​គោក​លើ​អាកាស​លើ​សមុទ្រ​និង​លើ​បណ្តាញ​កុំព្យូទ័រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​លំហ​អាកាស​ផងដែរ​។​

​អ្នកការទូត​ជាន់ខ្ពស់​ណា​តូ​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចពិភាក្សា​នេះ​បាន​និយាយថា “​មាន​កិច្ចព្រមព្រៀង​ដែល​យើង​គួរតែ​យក​លំហ​អាកាស​ធ្វើជា​ព្រំដែន​មួយ ហើយ​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ឡុង​ដ៍​គឺជា​កន្លែង​ល្អ​បំផុត​ដើម្បី​ធ្វើឱ្យ​កិច្ចព្រមព្រៀង​ក្លាយជា​ផ្លូវការ​”​។​

​ទោះយ៉ាងណា អ្នកការទូត​រូបនេះ​បាន​ព្រមាន​ថា ការងារ​គោលនយោបាយ​បច្ចេកទេស​នៅ​កំពុង​រៀបចំ​នៅឡើយ​។​

​អ្នកការទូត​ណា​តូ​ផ្សេងទៀត​បដិសេធថា​សម្ព័ន្ធ​មិត្ត​នេះ​នឹងមិន​ធ្វើសង្គ្រាម​នៅ​លំហ​អាកាស​ទេ ប៉ុន្តែ​និយាយថា​ការប្រកាស​លំហ​អាកាស​ជា​ព្រំដែន​មួយ​នឹងធ្វើ​ឱ្យមាន​ការជជែក​ដេញដោល​គ្នា​ថា​តើ​ទីបំផុត​ណា​តូ​គួរតែ​ប្រើ​អាវុធ​អវកាស ដែល​អាច​បិទ​ប្រព័ន្ធ​មី​ស៊ី​ល​និង​ខែល​ការពារ​អាកាស ឬ បំផ្លាញ​ផ្កាយរណប​របស់​សត្រូវ ឬ​យ៉ាងណា​។​

​តាម​សេចក្តីរាយការណ៍​នានា​លើកឡើងថា​បារាំង​និង​អាម៉េរិក​បច្ចុប្បន្ន​ជា​អ្នកតស៊ូ​មតិ​គាំទ្រ​ដ៏​សំខាន់​ក្នុងការ​ផ្តួចផ្តើម​ចាត់ទុក​ទី​អវកាស​ជា​សមរភូមិ​ជួរមុខ​មួយ​។​

​បារាំង​បាន​រិះគន់​និង​ចោទប្រកាន់​រុស្ស៊ី​រួចមកហើយ​ថា​បាន​ប្រើ​លំហ​អាកាស​ជា​មធ្យោបាយ​ដើម្បី​កំណត់​គោលដៅ​វាយប្រហារ​លើ​ប្រទេស​ផ្សេងទៀត​។​

​កាលពី​ខែកក្កដា​បារាំង​បានប្រកាសថា​ខ្លួន​នឹង​បាញ់​បង្ហោះ​ខែល​ការពារ​ផ្កាយរណប​ដើម្បី​ការពារ​កង​ផ្កាយរណប​របស់ខ្លួន បន្ទាប់ពី​មានការ​អះអាងថា រុស្ស៊ី​បាន​ប្រើប្រាស់​ផ្កាយរណប​ផ្ទាល់ខ្លួន​សម្រាប់​ចារកម្ម ដែលមាន​មូលដ្ឋាន​នៅលើ​លំហ​។​

​ហើយ​កាលពី​ដើមខែ​នេះ​ប្រមុខ​ទីបញ្ជាការ​អវកាស​អាម៉េរិក​ដែល​ទើប​បង្កើត​ថ្មី​បាន​ព្រមាន​ថា​ចិន​ទំនងជា​នឹង​ប៉ុនប៉ង​បិទ​ផ្កាយរណប​ក្នុងពេល​មាន​សង្គ្រាម​។​

​ការបារម្ភ​នេះ​ប្រហែលជា​មិន​ហួសហេតុ​ពេក​នោះទេ ព្រោះ​រុស្ស៊ី​ថ្មីៗ​នេះ​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម​មួយ ដែល​រចនា​ឡើង​ដើម្បី​ជួបជុំ​ជាមួយ​ផ្កាយរណប​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

នៅ​ខែធ្នូ​ខាងមុខ ណា​តូ​នឹង​ប្រកាស​យក​លំហ​អាកាស​ជា​សមរភូមិ​ជួរមុខ​មួយ