ណា​សា​ត្រៀម​រាប់​ថយក្រោយ​សម្រាប់​ការបាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​ភព​អង្គារ​

1350
ចែករម្លែក

​អង្គការ​ណា​សាបាន​រាប់​ថយក្រោយ​នៅ​ថ្ងៃ​សៅរ៍​ទី​៥​ឧសភា​នេះ​ចំពោះ​ការបាញ់​បង្ហោះ​យានអវកាស​ស្រាវជ្រាវ​ភព​អង្គារ​ចុងក្រោយ​បំផុត​របស់ខ្លួន គឺ យាន InSight ដែល​គេ​បង្កើតឡើង​ដើម្បី​ចុះចត​លើ​ផ្ទៃ​ភព​ក្រហម​នេះ និង​ស្តាប់ “​រញ្ជួយ​ដី​លើ​ភព​អង្គារ​”​។​

​យានអវកាស​នេះ​គ្រោង​នឹង​បាញ់​បង្ហោះ​លើ​រ៉ុក្កែត Atlas V នៅ​ម៉ោង ៤:០៥ នាទី​ព្រឹក​ថ្ងៃ​សៅរ៍ (​ត្រូវ​នឹង​ម៉ោង ១១:០០ ម៉ោង​សកល​) ពី​មូលដ្ឋាន​ទ័ពអាកាស​វ៉ាន់​ដេ​ន​បឺ​ក ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​អាកាសធាតុ​ចុះ​អ័ព្ទ​គឺជា​ការព្រួយបារម្ភ​ផ្នែក​បច្ចេកទេស​តែមួយគត់ មុនពេល​បាញ់​បង្ហោះ ហើយ​មន្ត្រី​សុវត្ថិភាព​របស់​អង្គការ​ណា​សា​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការចុះ​អ័ព្ទ​អាច​នឹង​រសាត់​អស់​មើលឃើញ​ធម្មតា​វិញ ដូច្នេះ​ការបាញ់​បង្ហោះ​អាច​ដំណើរការបាន​។​

​គម្រោង​តម្លៃ ៩៩៣ លាន​ដុល្លារ​នេះ​គឺមាន​គោលបំណង​ពង្រីក​នូវ​ចំណេះដឹង​របស់​មនុស្ស​អំ​ពី​ស្ថានភាព​នៅលើ​ភព​អង្គារ ជូនដំណឹង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ជូន​មនុស្ស​ទៅ​រុករ​កនៅ​ទីនោះ និង​បង្ហាញថា​តើ​ភព​ថ្ម​ធំៗ​ជាច្រើន​ក៏ដូចជា​ភពផែនដី កកើតឡើង​កាលពី​រាប់លាន​ឆ្នាំមុន​ដោយ​របៀប​ណា​។​

​ប្រសិនបើ​អ្វីៗ​ទាំងអស់​ដំណើរ​ទៅតាម​ការគ្រោងទុក​នោះ យាន InSight នឹង​ចុះចត​លើ​ភព​ក្រហម​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា​៕ ដោយ៖ កញ្ញាដាលីស

យាន InSight នឹង​បង្ហោះ​នៅ​ថ្ងៃ​សៅរ៍​នេះ