ណូអែល គឺជាបុណ្យរបស់គ្រិស្តបរិស័ទ ដណ្តើមយកពីពួកសាសនាព្រះអាទិត្យ

458
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ បុណ្យណូអែល ឬ បុណ្យ គ្រិស្តម៉ាស ត្រូវបានមនុស្សក្នុងសង្គមខ្មែរដឹងហើយថា គឺជាបុណ្យរបស់អ្នកកាន់គ្រិស្តសាសនា។ ប៉ុន្តែទិដ្ឋភាពធ្វើឱ្យបញ្ញាជនទាំងឡាយគ្រវីក្បាលហួសចិត្តនោះ គឺមនុស្សក្នុងសង្គខ្មែរ ជាពិសេសគ្រឹះស្ថានអប់រំឯកជន ដែលជាអ្នកកាន់ ព្រះពុទ្ធសាសនា បាននាំគ្នា និងដឹកនាំកុមារ និងយុវជន ដែលជាអ្នកបន្តវេនថែរក្សា ការពារ លើកតម្កើង ព្រះពុទ្ធសាសនា ប្រារព្ធពិធីពុណ្យ ណូអែល របស់អ្នកកាន់គ្រិស្តសាសនា យ៉ាងគគ្រឹកគគ្រេងទៅវិញ ខណៈសាលាឯកជនខ្លះ ថែមទាំងរៃអង្គាសថវិកាពីសិស្ស ដើម្បីធ្វើពិធីនេះទៀតផង។

ចំណែកឪពុកម្តាយ ឬ អាណាព្យាបាលរបស់សិស្សទៀតសោត ក៏បានដូចចិត្តណាស់ដែរ គឺឱ្យកូនៗរបស់ខ្លួនទៅចូលរួមយ៉ាងខ្ញៀវខ្ញា ហើយថែមទាំងផ្តល់ថវិកាទៅកូនៗ តាមការរៃ​អង្គាសរបស់សាលា សម្រាប់ធ្វើពិធីគ្រិស្តម៉ាស នេះទៀតពិតហើយថា វាគឺជាសិទ្ធិរសេរីភាព របស់បុគ្គលម្នាក់ៗ ហើយសិទ្ធិនេះទៀតសោត ក៏ត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជាដែរ ។ ប៉ុន្តែច្បាប់ទាំងនោះ គ្រាន់តែបើកសិទ្ធិ និង សេរីភាព សម្រាប់ជំនឿសាសនា និង វប្បធម៌ ជាដើម តែប៉ុណ្ណោះ ប៉ុន្តែមិនមែនច្បាប់នោះតម្រូវថា ត្រូវតែតែចូលរួមលើកតម្កើងសាសនា ឬ វប្បធម៌ ទាំងនោះឡើយ ។

ផ្ទុយទៅវិញ ក្នុងឋានៈជាសមាសភាគ នៃ ប្រជាជាតិមួយ បុគ្គលគ្រប់រូបមានភារកិច្ច រួមចំណែក អភិរក្ស ថែរក្សា ការពារ និង លើកតម្កើង សាសនា ប្រពៃណី វប្បធម៌ ជាតិរបស់ខ្លួនឱ្យបានគង់វង្ស និង ថ្កុំថ្កើង រុងរឿង ។

អត្ថបទនេះ មិនមានគោបំណងប្រកាន់រើសអើងសាសនា ទេ ហើយក៏មិនមែនជាការជីករំលើក បើកគាស់កាយនូវអតីតភាពរបស់សាសនាណាមួយ ឬ បន្ទច់បង្អាក់ ដល់សិទ្ធិសេរីភាពរបស់បុគ្គល ឬ ក្រុមណាមួយ ក៏ទេដែរ ប៉ុន្តែវាគឺជាប្រការដែលបុគ្គលគ្រប់រូបក្នុងសង្គម គប្បី យល់ដឹងឱ្យបានច្បាស់លាស់ អំពីអ្វីដែលខ្លួនកំពុងធ្វើ កាតព្វកិច្ចដែលគេត្រូវធ្វើ ភារកិច្ចដែលពួកគេគប្បីធ្វើ និង មិនគប្បីធ្វើ ។

អត្ថន័យ និង ប្រវត្តិ នៃ ពាក្យថា គ្រិស្តម៉ាស ឬ ណូអែល

ពាក្យថា Christmas ( Christmas Day , Xmas ) មកពីពាក្យថា Christ’s Mass បង្កើតនៅឆ្នាំ១១៣១ នៃ គ.ស មានន័យជាខេមរភាសាថា “ បណ្តុំ នៃ អ្នក គ្រិស្តនិយម “ ឬ “ ប្រជុំ នៃ ពួកជនអ្នកកាន់គ្រិស្តសាសនា “ ដោយហេតុថា បុណ្យ Christmas ឬ បុណ្យណូអែល គឺជាបុណ្យរបស់ពួកគ្រិស្តសាសនិកសុទ្ធសាធ ។ គេធ្វើបុណ្យ ណូអែល ដើម្បីលើកតម្កើង ផ្សព្វផ្សាយ បញ្ជ្រាប និង ពង្រីកឥទ្ធិពលគ្រិស្តសាសនា ឬ ដើម្បី ទាក់ទាញមនុស្សឱ្យកាន់គ្រិស្តសាសនា ( ចូរកុំច្រឡំថា បុណ្យចូលឆ្នាំសកល ជាបុណ្យចូលឆ្នាំរបស់គ្រិស្តសាសនិកឡើយ ដ្បិតពិភពលោកបានចូលឆ្នាំសកលនៅថ្ងៃទី ០១ ខែ មករា តាំងពីជិត ៥០ ឆ្នាំ មុន ព្រះគ្រិស្តប្រសូតមកម៉្លេះ ) ។

គ្រិស្តសាសនិក ធ្វើបុណ្យ Christmas ដើម្បី រំឭកដល់ថ្ងៃកំណើតរបស់ព្រះយេស៊ូ គ្រិស្ត ហើយដើមឡើយ ពួកគេ ប្រារព្ធ បុណ្យ Christmas នេះ នៅថ្ងៃទី ៦ ខែ មករា ឯណោះទេ ព្រោះ ថ្ងៃកំណើតពិតប្រាកដរបស់ព្រះគ្រិស្ត គ្មានអ្នកណាម្នាក់ដឹងឡើយ គេគ្រាន់តែស្មាន​ថា ប្រហែលជា ពីចន្លោះថ្ងៃទី៧-២ ខែ មករា មុនគ្រិស្តសករាជ ។ រហូតដល់ឆ្នាំ ៣៨០ នៃ គ.ស ទើបគ្រិស្តបរិស័ទប្រារព្ធបុណ្យណូអែល នៅថ្ងៃទី ២៥ ខែ ធ្នូ ។ ចំណែកនៅប្រទេស រុស្ស៊ី គ្រិស្តសាសនិក ប្រារព្ធបុណ្យគ្រិស្តម៉ាស់ នៅថ្ងៃទី ៧ ខែ មករា រហូតមកដល់សព្វថ្ងៃ ។

ហេតុអ្វីគ្រិស្តម៉ាស់នៅថ្ងៃ ២៥ ធ្នូនៅឯទីក្រុង រ៉ូម នៃ អាណាចក្ររ៉ូម៉ាំង ដ៏មហិមាឯណោះ មានពិធីបុណ្យមួយដែលគេធ្វើនៅថ្ងៃទី ២៥ ខែ ធ្នូ ឈ្មោះថាបុណ្យ Dies Natalis Solis Invicti ដែលមានន័ថា “ ព្រះអាទិត្យដ៏មហិមាគ្មានអ្នកណាអាចផ្ទឹមបាន ជាពិធីបុណ្យរបស់ពួកអ្នកកាន់សាសនាព្រះអាទិត្យ ហើយពួកគេមិនទទួលកាន់គ្រិស្តសាសនាឡើយ ពោលគឺ អ្នកកាន់សាសនាព្រះអាទិត្យនោះ និង អ្នកកាន់គ្រិស្តសាសនា គឺជាសត្រូវស្លាប់រស់នឹងគ្នា អស់កាលជាយូរមកហើយ ហើយពួកគេតែងតែវាយប្រហារគ្នាទៅវិញទៅមកជារៀងរហូតមក។

ប្រហែលជាឆ្នាំ ៣៣០ នៃ គ្រិស្តសករាជ ស្តេចថ្មីព្រះនាម Constantine បានឡើងសោយរាជ្យនៅទីក្រុងរ៉ូម ។ ស្តេចអង្គនេះ និង បក្សពួករបស់ទ្រង់ ភាគច្រើន គឺជាអ្នកកាន់គ្រិស្តសាសនា ពោលគឺពួកអ្នកកាន់គ្រិស្តសាសនាដណ្តើមបានអំណាចនៅទីក្រុង រ៉ូម ។ ស្តេចអង្គនោះ បានប្រើរាជអំណាចរបស់ទ្រង់ បញ្ជាគេឱ្យលុបបំបាត់បុណ្យ Dies Natalis Solis Invicti របស់ពួកសាសនិកព្រះអាទិត្យ ហើយបានបញ្ជាឱ្យគេរៀបចំថ្ងៃបុណ្យរំឭកដល់កំណើតព្រះគ្រិស្ត នៅថ្ងៃទី ២៥ ខែ ធ្នូ ជាជំនួសឱ្យបុណ្យ Dies Natalis Solis Invicti ទៅវិញ ក្នុងគោលបំណងលប់បំបាត់សាសនាព្រះអាទិត្យ ដែលជាគូសត្រូវ ហើយអូសទាញពួកសាសនិក នៃ បុណ្យ Dies Natalis Solis Invicti ឱ្យងាកទៅជឿគ្រិស្តសាសនា ។

ពិតណាស់ នៅពេលដែលស្តេច Constantine ចេញបញ្ជាលប់បំបាត់បុណ្យរបស់ពួកគេ ហើយយកថ្ងៃ ២៥ ធ្នូ ដែលជាថ្ងៃបុណ្យ Dies Natalis Solis Invicti របស់ពួកគេ ទៅធ្វើជាបុណ្យ Christmas ដែលជាបុណ្យ នៃ សាសនា សត្រូវរបស់ពួកគេបែបនោះ ពួកសាសនិក នៃ សាសនាព្រះអាទិត្យ កើតក្តីទោមនស្សក្តៅក្រហាយឥតឧបមា ប៉ុន្តែមិនអាច​​ធ្វើអ្វីបានឡើយ គឺបានត្រឹមតែដេកអោបគំនុំ រង់ចាំថ្ងៃដណ្តើមយកថ្ងៃ ២៥ ធ្នូ របស់ពួកគេមកវិញនៅថ្ងៃណាមួយ ។ ប៉ុន្តែ ស្តេច Constantine និង បក្សពួករបស់ព្រះអង្គក្តោបអំណាចយ៉ាងរឹងមាំ ។ ហេតុនេះការរង់ចាំរបស់ពួកសាសនិកព្រះអាទិត្យ បានត្រឹមតែជាការរង់ចាំរហូតមកដល់សព្វថ្ងៃនេះ ។

បុណ្យ Dies Natalis Solis Invicti នៅថ្ងៃ ទី ២៥ ខែ ធ្នូ របស់ពួកសាសនិកព្រះអាទិត្យ ក៏លែងមានវត្តមានក្នុងលោកតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ ហើយជំនួសដោយបុណ្យ រំឭកថ្ងៃកំណើតព្រះគ្រិស្ត ឬ បុណ្យណូអែលវិញ ។

ប៉ុន្តែការធ្វើដូច្នេះ មានតែពួគគ្រិស្តបរិស័ទនិកាយកាតូលិក ប៉ុណ្ណោះ។ ចំណែកពួកគ្រិស្តបរិស័ទនិកាយ ប្រូតេស្តង់ (ជានិកាយគ្រិស្តសាសនាដ៏ធំមួយក្នុងចំណោមនិកាយធំទាំងពីររបស់គ្រិស្តសាសនា) មិនប្រារព្ធ និងមិនចូលរួមពិធីបុណ្យណូអែល នៅថ្ងៃទី២៥ ខែធ្នូ នេះទេ គឺពួកគេនៅតែធ្វើបុណ្យណូអែល នៅថ្ងៃទី ៦ ឬ ៧ មករា ដដែល។

ដោយសារអំណាចរបស់ស្តេច Constantine នេះ ពួកអ្នកគោរពព្រះអាទិត្យក៏ត្រូវតែងាកទៅឱនលំទោនចំពោះគ្រិស្តសាសនាដែរ ពុំនោះទេ ពួកគេនឹងមានទោសពីបទប្រឆាំងព្រះរាជបញ្ជា ហើយប្រមាណជា ៨ ឆ្នាំក្រោយមក ពោលគឺ ប្រហែលជាឆ្នាំ៣៣៨ ក្នុងរជ្ជកាលស្តេច Alexandria ពិធីបុណ្យរំឭកថ្ងៃកំណើតព្រះគ្រិស្ត នៅថ្ងៃទី២៥ ខែធ្នូ នេះត្រូវបាននាំយកទៅសាបព្រោះនៅបូព៌ាប្រទេសផងដែរ ។

មកដល់ចំណុចនេះ យើងអាចបង្កើតជាសំណួរមួយថា សូម្បីពួកនិកាយ ប្រូតេស្តង់ ដែលជាគ្រិស្តបរិស័ទ ក៏មិនចូលរួមថ្ងៃបុណ្យណូអែល នៅថ្ងៃទី ២៥ ខែ ធ្នូ នេះផង ចុះហេតុអ្វីដែលបានជាប្រជាជនខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ខំប្រឹងប្រារព្ធបុណ្យ គ្រិស្តម៉ាស់ នេះគគ្រឹកគគ្រេងអ្វីម៉្លេះ ?

ឥទ្ធិពលបុណ្យណូអែល ២៥ ធ្នូ

ជនានុជនដែលរស់នៅក្នុងដែនដីអាណាចក្ររបស់ស្តេចទាំងឡាយដែលកាន់គ្រិស្តសាសនា ទោះជាអ្នកមិនចង់កាន់គ្រិស្តសាសនា និង មិនប្រារព្ធបុណ្យ គ្រិស្តម៉ាស ក៏ត្រូវតែបង្ខំចិត្តកាន់គ្រិស្តសាសនា ហើយពួកអ្នកកាន់គ្រិស្តសាសនា ក៏ខំប្រឹងពង្រីកឥទ្ធិពល និង ប្រជា​ប្រិយភាពរបស់គ្រិស្តសាសនា ដើម្បី កៀរគរប្រមែប្រមូល ឬ បញ្ជ្រាបមនោគមវិជ្ជា នៃ លទ្ធិគ្រិស្តជាបន្តបន្ទាប់ ឥតដែលបន្ធូរបន្ថយឡើយរហូតមដល់សព្វថ្ងៃ តាមរយៈការបង្កើតឱ្យមានការកម្សាន្តសប្បាយនៅថ្ងៃបុណ្យ ណូអែល ឬ បុណ្យ Christmas នេះ ហើយរហូតមកដល់បច្ចុប្បន្នក៏សកម្មភាពនេះនៅតែទទួលបានជោគជ័យ ។

ប្រការនេះដោយសារមនុស្សមិនតិចលាននាក់ឡើយ ដែលមិនបានដឹងខ្លួនថាពួកគេកំពុងត្រូវបានកៀរគរឱ្យក្លាយជាគ្រិស្តសាសនិក ដែលតាមពិតទៅពួកគេមានតួនាទីក្នុងការការពារ និង លើកតម្កើងសាសនាផ្សេងទៀតដែលជាសាសនារបស់ពួកគេ ដែលជាព្រលឹងវប្បធម៌របស់គេដែរ ខណៈអ្នកខ្លះដឹងខ្លួនដែរ ក៏នៅតែចូលរួមព្រោះទៅតាមការបបួលរបស់មនុស្សដែលគេស្រលាញ់ ដូចជាសង្សារជាដើម រីឯអ្នកខ្លះចង់សប្បាយ ចង់ឱ្យអ្នកដទៃមើលទៅពួកគេថាជាមនុស្សទាន់សម័យ គឺជាអ្នកមានរបៀបរបបតាមបែបអឺរ៉ុប ។ ប្រការទាំងនេះចំពោះគ្រិស្តសានិក ការប្រារព្ធបុណ្យណូអែល នេះ គឺជារឿងប្រពៃណាស់ ប៉ុន្តែចំពោះអ្នកដែលសាសនិកផ្សេងគឺជារឿងផ្ទុយ ។

ឥទ្ធិពលបុណ្យ ណូអែល នៅកម្ពុជា

ពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលមិនបានគិតពិចារណាអំពីផលប៉ះពាល់ ត្រូវបានគេឃើញថា ជ្រួលជ្រើមចំពោះបុណ្យ គ្រិស្តម៉ាស់ នេះណាស់ដែរ ដោយហេតុនេះហើយ ទើបអាជីវកម្មមួយចំនួនឆ្លៀតឱកាសនេះរៀបចំកម្មវិធីសប្បាយ និង ការលើកទឹកចិត្តផ្សេងៗដូចជាការបញ្ចុះតម្លៃជាដើម ដើម្បី ទាក់ទាញ និង បំពេញការសប្បាយយុវវ័យ ។ ចំណែកមាតាបិតា ឬ អាណាព្យាបាលមួយចំនួនបានទិញសម្លៀកបំពាក់ ណូអែល ឱ្យកុមារតូចៗដែលជាកូនរបស់ខ្លូន ។ តាមពិតគេកំពុងតែបំពាក់បំប៉ន ឬ អូសទាញ កុមារទាំងនោះឱ្យក្លាយជាគ្រិស្តសាសនិក ដោយមិនដឹងខ្លួន ។

ទិដ្ឋភាពនេះ គ្រិស្តបរិស័ទរីករាយ ប៉ុន្តែពួកអ្នកតាមមើលហេតុការណ៍ផ្ទុះសំណើចយ៉ាងហួសចិត្ត ហើយបង្កើតសំណួរជាការចំអកពុទ្ធសាសនិកកម្ពុជាថា ហេតុអ្វីបានជាពួកគ្រិស្តសាសនិក ( ដោយរួមទាំងពុទ្ធសាសនិកកម្ពុជាមួយចំនួនផង) មិនដែលអបអរថ្ងៃបុណ្យពិសាខបូជា ផង ចុះហេតុអ្វីបានជាពុទ្ធសាសនិកកម្ពុជា ខ្វារ ក ជ្រួលជ្រើម គគ្រឹក​គគ្រេង នឹង បុណ្យ ណូអែល អ្វីដល់ម្ល៉េះ ?

មានចម្លើយមួយចំនួនដែរ ដូចជាថា ដើម្បី ឱ្យអ្នកដទៃមើលទៅពួកគេថា ជាមនុស្សមិនប្រកាន់រើសអើងសាសនា , ជាមនុស្សបើកចិត្តទូលាយ ដើម្បី យល់ដឹងអំពីប្រពៃណីវប្បធម៌ និង សាសនាដទៃ , ជាមនុស្សសន្តិភាពនិយម ឬ ដើម្បី សុខដុមនិយកម្ម សាសនា​នៅក្នុងសង្គមកម្ពុជា ជាដើម ។ ប៉ុន្តែចម្លើយ និង ហេតុផលទាំងនេះ មិនអាចទទួលយកបានឡើយ ពីសំណាក់មនុស្សទូទៅឡើយ ដែលតាមពិតទៅ ពួកអ្នកជ្រួលជ្រើមនឹងបុណ្យណូអែល នេះ គេអាចមើលយល់បានថា ភាគច្រើន នៃ អ្នកទាំងនោះ មិនដែលគិតដល់អ្វីដែលពួកគេឆ្លើយខាងលើនេះទេ ពោលគឺពួកគេឆ្លើយគ្រាន់តែធ្វើហាក់ដូចជាពួកគេគិតបែបនោះមែន ហើយតាមពិតទៅ ពួកគេជ្រួលជ្រើមនឹងបុណ្យ ណូអែល ជាទូទៅដោយសារខ្វះការពិចារណាឱ្យបានដិតដល់តែប៉ុណ្ណោះ ។

ជាការពិតណាស់ វាមិនទាន់យឺតពេលនៅឡើយទេ សម្រាប់សង្គមខ្មែរ ជាពិសេសគ្រឹះស្ថានអប់រំឯកជន មាតាបិតា អាណាព្យាបាល យុវជន ជាពិសេស្ថាប័នពាក់ព័ន្ធមានក្រសួងអប់រំ ក្រសួងធម្មការ និង ក្រសួងវប្បធម៌ ជាដើម ចាប់ផ្តើមគិតគូរគ្នា និង បញ្ចេញសកម្មភាពឱ្យបានខ្ទរខ្ទាឡើងអំពីបរិបទបុណ្យ ណូអែល នៅកម្ពុជា៕B/សរន