ណេ​ម៉ាន​ចា ម៉ា​ទិ​ក បាន​បង្ហើប​ប្រាប់ថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវតែ​យកឈ្នះ​គូប្រកួត​ខ្លាំង ប្រសិនបើ​ចង់​ឈ្នះ​

232

ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ជឿថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវតែ​បន្ត​យកឈ្នះ​គូប្រជែង​ខ្លាំងៗ របស់ខ្លួន ប្រសិនបើ​ពួកគេ​ចង់​លើក​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​យូ​ណាយ​ធី​ត​បាន​យកឈ្នះ​១-០ លើ​ក្រុម Tottenham កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial) រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ចុង​ម៉ោង​។
​ ​
​ដំបូង​ឡើយ វា​ហាក់ដូចជា​ថា ក្រុម​យូ​ណាយ​ធី​ត​រកកល់នឹង​ស្មើ​ជាមួយនឹង​គូប្រជែង​តំណែង​ជើងឯក​នេះ ជាមួយ​ថ្មី​ម្តងទៀត​។
​ ​
​នេះ​គឺជា​លទ្ធផល​ដ៏​ធំ​បំផុត​របស់​យូ​ណាយ​ធី​ត​នៅ​រដូវ​កាល​នេះ ហើយ​វិលត្រឡប់​មករក​វិថី​ជោគជ័យ​ជាថ្មី បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Huddersfield ហើយ​ពួកគេ​ក៏​ធ្វើ​មិនបាន​ល្អ​ដែរ​ជាមួយនឹង​គូប្រជែង​លី​វើ​ភូ​ល របស់ខ្លួន​កាលពី​ដើមខែ​នេះ​។​
​ ​
​ការធ្វើ​តេស្ត​សំខាន់​ទៀត​របស់​យូ​ណាយ​ធី​ត​គឺ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ឆេ​ល​ស៊ី អា​សេណ​ល និង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។ ម៉ា​ទិ​ក ជឿថា យូ​ណាយ​ធី​ត​ត្រូវតែ​កសាង​បន្ថែម​លើ​ជ័យជម្នះ​លើ​ក្រុម Spurs បន្ទាប់ពី​មាន​បញ្ហា​មួយចំនួន ពេល​ប្រកួត​ជាមួយ​ក្រុម​អន់​ជាង​ខ្លួន​នៅ​រដូវ​កាល​នេះ​។​
​ ​
​ម៉ា​ទិ​ក បាន​និយាយថា “​លទ្ធផល​នេះ​គឺ​សំខាន់​ណាស់​។ ខ្ញុំ​គិតថា ការ​ដណ្តើមពាន អ្នក​ត្រូវ​យកឈ្នះ​ការប្រកួត តូចតាច ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​ក្រុម​ឈរ​នៅ​លេខ​រៀង​ទី​១ អ្នក​ត្រូវតែ​ឈ្នះ​ការប្រកួត​បែបនេះ ជាពិសេស​នៅ ពេល​អ្នកលេង​នៅក្នុង​ទឹកដី អ្នក​មិនអាច​បាត់បង់​ពិន្ទុ​បានទេ​”​។​
​ ​
​បច្ចុប្បន្ន យូ​ណាយ​ធី​ត​ឈរ​នៅ​លេខ​រៀង​ទី​២ គឺ​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​៥​ពិន្ទុ បន្ទាប់ពី​បញ្ចប់​១០​ប្រកួត​ក្នុង​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic)