ណែម​ត្រី​បាត់ដំបង ចាប់ផ្តើម​ធុំក្លិន​មិនសូវ​ស្រួល ដោយ​មានប្រើ​សារធាតុ​បូរ៉ា​ក់​វិញ​ហើយ​

1036

(​បាត់ដំបង​)៖​ខេត្តបាត់ដំបង​កន្លង​មក ធ្លាប់​ល្បី​ថា មាន​ណែម សង្វាក់ និង​ប្រហិត ដែល​ផលិតឡើង​ពី​សាច់​ត្រី​មាន​រសជាតិ​ឆ្ងាញ់​ជាង​ណែម សង្វាក់ និង​ប្រហិត​របស់​ខេត្ត​ដទៃ​។ ប៉ុន្តែ​ជា​អកុសល ត្រូវបាន​អង្គភាព​កាំកុងត្រូល ចាប់​ប្រមូល​យកទៅ​ដុត​កម្ទេចចោល​ម្តង​រួចមកហើយ ដោយសារតែ​ការផលិត មានការ​លាយ​សារធាតុ​គីមី បូរ៉ា​ក់​។​

​ក្រោយមក មន្ត្រី​សាខា​កាំកុងត្រូល បាន​ទៅ​ចុះទៅ​ពិនិត្យមើល​ម្តងទៀត គឺ​លែងឃើញ​មាន​លាយ សារធាតុ​គីមី​ក៏​ចាប់ផ្តើម​មាន​គេ​ហូប​​បណ្តើរៗ ប៉ុន្តែ​បច្ចុប្បន្ន លេច​ឮថា បានចាប់ផ្តើម​មាន​អ្នកខ្លះ​លួច​ប្រើ​សារធាតុ​នេះ​ឡើងវិញ​ហើយ​។​
​ ​
​គួរ​បញ្ជាក់ដែរថា តំបន់​ដែល​សម្បូរ​អ្នក​ផលិត​ណែម សង្វាក់ និង​ប្រហិត​ត្រី​នេះ ភាគច្រើន គឺ​នៅក្នុង​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ពិសេស​នៅក្នុង​ភូមិ​ព្រែក​ខ្ពប ព្រែក​ហ្លួង ស្នោ​ខ្វិត ពាម​ឯក ព្រែក​នរិន្ទ និង​ភូមិ​អូរទទឹង ដែល​កាលពីដើម អ្នក​ផលិត​គេ​ប្រើប្រាស់​សាច់​ត្រី​ឆ្តោរ ឬ​សាច់​ត្រី​រ៉ស់ យកមក​ផលិត ទើប​ណែម​មានឱជារស​ឆ្ងាញ់​ពិសា ។​
​ ​
​អុំ​ស្រី​សំ យ៉​ម អាយុ​៧៤​ឆ្នាំ ជា​អ្នក​ផលិត​ណែម​ម្នាក់ ក្នុងចំណោម​ជាច្រើន​នាក់ ដែល​រស់នៅ​ភូមិ​ព្រែក​ខ្ពប បាន​រៀបរាប់ថា​ដោយសារតែ​ត្រី​​ឆ្តោរ និង​ត្រី​រ៉ស់ មានការ​ឡើងថ្លៃ​ផង ហើយ​ពិបាក​រក​ផង ទើប​អ្នកភូមិ​ទាំងអស់​បាននាំគ្នា​ផ្លាស់ប្តូរ​ពី​ត្រី​រ៉ស់ និង​ត្រី​ឆ្តោរ​ទៅប្រើ​ប្រាស់​ត្រី​​ត្រសក់​វិញ ដែល​ត្រី​ប្រភេទ​នេះ មានការ​នាំចូល​ពី​ប្រទេស​ថៃ ។​

​អុំ​ស្រី បានចាប់ផ្តើម​ធ្វើ​ណែម​ត្រី​នេះ តាំងពី​ឆ្នាំ​១៩៩៥ ដែល​បច្ចុប្បន្ន បាន​បន្តវេន​ទៅ​ឳ្យ​កូនស្រី​ឈ្មោះ ឃី មុំ អាយុ ៤៦​ឆ្នាំ​។ បន្ទាប់ពី​អ្នកភូមិ ប្តូរ​ប្រភេទ​ត្រី​រួចមក គេ​ក៏បាន​បែកគំនិត​ប្រើប្រាស់​ម្សៅ​គីមី ដែលជា​សារធាតុ​បូរ៉ា​ក់ ដើម្បី​ធ្វើ​ឳ្យ​សាច់​ត្រី​ឆាប់​ស្វិត និង​មិន​ងាយ​ខូច មិន​ស្អុយ​។ ចំពោះ​រូបគាត់ គឺ​មិនបាន​ប្រើ​ដូច​គេ​ទេ ដោយ​នៅតែ​ប្រើ​ប្រភេទ​ត្រី​រ៉ស់​ដដែល ដោយ​គ្រាន់តែ​លក់​ចេញ ថ្លៃ​ជាងគេ​បន្តិច ហើយ​អ្នក​ដែល​និយម​ណែម​របស់គាត់ ដែលមាន​រសជាតិ​ឆ្ងាញ់ នៅតែ​ជួយ​ទិញ​របស់គាត់ មិនដែល​សល់​ទេ ហើយក៍​មាន​អ្នក​នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួន គេ​កុម្ម៉ង់​ទិញ​មិន​ដាច់ ។​
​ ​
​គាត់​បាន​បញ្ជាក់ថា កាលពី​ពាក់កណ្តាល​ឆ្នាំ នៅពេលដែល​កម្លាំង​អង្គភាព​កាំកុងត្រូល​ខេត្ត ចុះ​សិក្សា និង​ស្រាវជ្រាវ​រកឃើញ​សារធាតុ​គីមី នៅក្នុង​ណែម​ត្រី ឬក៏​សង្វាក់​ពី​អ្នក​ផលិត​មួយចំនួន​តូច តែ​កម្លាំង​បាន​ប្រមូល​តាំងពី​កន្លែង​ផលិត រហូតដល់​កន្លែង​តាំង​លក់​របស់​ឈ្មួញ លើក​យកទៅលក់​តាម​ចិញ្ចើមថ្នល់ ហើយ​បានរៀបចំ​ជា​ពិធី​ដុត​កម្ទេចចោល នៅក្នុង​ទឹកដី​ស្រុក​សង្កែ ក្រោម​អធិបតីភាព​លោក​ច័ន្ទ សុផល អតីត​អភិបាលខេត្ត​ផងដែរ ។​
​ ​
​ថ្មីៗ​នេះ មាន​លេចឮ​ព័ត៌មាន​ថា ការផលិត​ណែម សង្វាក់​និង​ប្រហិត​ធ្វើ​ពី​សាច់​ត្រី ចាប់ផ្តើម​ប្រើប្រាស់​នូវ​សារ​ធាតុគីមី​បូរ៉ា​ក់​នេះ​វិញ​ហើយ ព្រមទាំង​មានការ​នាំចូល​នូវ​ប្រហិត​ត្រី ពី​ប្រទេស​វៀតណាម មក​ផលិត​ជា​ណែម​ត្រី​នេះ​ថែមទៀត​។

​បច្ចុប្បន្ន តម្លៃ​ត្រី​រ៉ស់ ១​គីឡូក្រាម ថ្លៃ​១២.០០០​រៀល (​កាត់​ក្បាល​ចេញ​) ស្មើនឹង​សាច់​សុទ្ធ ០,៧០​គីឡូក្រាម​។ ចំណែក​ត្រី​ត្រសក់​ថៃ ១ គីឡូក្រាម ថ្លៃ​តែ ៣.៥០០ រៀល (​ឡាន​ដឹក​ដល់ផ្ទះ​)​។ រីឯ​ប្រហិត​ត្រី មកពី​វៀតណាម សាច់​សុទ្ធ ១ គីឡូក្រាម ថ្លៃ​៥.៨០០​រៀល​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បាន​លើកឡើងថា បញ្ហា​នេះ​លោក​មិនទាន់​ដឹង​ទេ ចាំ​លោក​ដាក់​កម្លាំង​ឳ្យ​ចុះ​សិក្សា​ជាថ្មី​ឡើងវិញ ដើម្បី​ឳ្យ​ដឹងថា តើ​ក្រុម​អ្នក​ផលិត​ណែម​ត្រី​ទាំងនោះ​មាន​លាយ​សារ​ធាតុគីមី​បូរ៉ា​ក់ទៀត​​ដែរឬទេ​។ បើ​មាន លោក​នឹង​ចាត់វិធានការ ជា​លើក​ទី​២ ទៅតាម​ផ្លូវច្បាប់ ព្រោះ​ការប្រើប្រាស់​នូវ​សារធាតុ​នេះ​វា​អាច​ប៉ះពាល់​ដល់​​សុខភាព​អ្នក​បរិភោគ​ផងដែរ ៕​ដោយៈ​គ្រញូង​/sn

​ណែម​ត្រី​ដែល​គេ​ដាក់លក់​តាម​ដងផ្លូវ​យ​ក​ពី​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​