តន់ ច័ន្ទ​សី​ម៉ា ជាប់​ក្នុង​តារា​បញ្ជី​ចម្រៀង​ទាំង​១០​បទ​ដែលមាន​អ្នកមើល​ច្រើនជាងគេ​

148
ចែករម្លែក

ភ្នំពេញៈ របាយការណ៍​មួយ​ចេញ​ដោយ​គេហទំព័រ​បរទេស​បាន​ធ្វើការ​វាយតម្លៃ​ពីបទ​ចម្រៀង ១០​បទ​ដែលមាន​អ្នក​ចុច​ចូល​មើល និង​ស្ដាប់​ច្រើនជាងគេ​នៅ​កម្ពុជា​គិត​ត្រឹម​ដើម ឆ្នាំ​២០២០ ដោយ​ក្នុងនោះ​គ្រាន់តែ​ផលិតកម្ម Galaxy Navatra ហើយ​បទ​ចម្រៀង​របស់​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា មាន​រហូតដល់​ពី​៣​បទ​តែឯង​។​
​ ​
របាយការណ៍​ចេញ​ដោយ គេហទំព័រ kworb.net ដែល​បង្កើតឡើង​ដោយ​ជនជាតិ​ហូ​ឡង់​ម្នាក់ គឺ​ចាប់ផ្ដើម​គិត​ត្រឹម​ថ្ងៃទី​២ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ ប៉ុណ្ណោះ ដូច្នេះ​មិនមែនជា​តួលេខ សរុប​ដែល​ប្រិយមិត្ត​បាន​មើលឃើញ​ក្នុង​បច្ចុប្បន្នភាព​លើ​បទ​នីមួយ​ក្នុង​ប្រព័ន្ធ Youtube ឡើយ​។​

តាម​ស្ថិតិ​នេះ​បាន​បង្ហាញថា បទ​ចម្រៀង​១០​បទ នៅក្នុង​ចំណោម​២០​បទ​ដែលមាន​ក្នុង​តារាង ដើម​របស់ គេហទំព័រ​បរទេស ខាងលើ​ឃើញថា​មាន បទ​ចម្រៀង​ខ្មែរ​ចំនួន​៧ និង​បទ​បរទេស ចំនួន​៣​បទ បាន​ជាប់​ក្នុង​បញ្ជី​បទ​ចម្រៀង ដែលមាន​អ្នក​ចុច​ចូល​ស្ដាប់ និង​ទស្សនា​ច្រើនជាង គេ​នៅ​កម្ពុជា គិត​ត្រឹម​រយៈពេល​ដូចខាងលើ​។
​ ​
ចំណុច​គួរ​ចាប់អារម្មណ៍ក្នុងចំណោម​បទ​ចម្រៀង​ខ្មែរ​ទាំង​៧​បទ ដែលមាន​អ្នក​ចូល​មើល​លើ Youtube នេះ​គឺមាន​៤​បទ​ជា​បទ​របស់​ផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាត់ទៅហើយ​ក្នុងចំណោម​៤​របស់​ផលិតកម្ម Galaxy នេះ​មាន​៣​បទ ជា​បទ​របស់ តារាចម្រៀង​ស្រី​វ័យ ក្មេង តន់ ច័ន្ទ​សី​ម៉ា និង​មួយ​បទ​ទៀត​ជា​បទ​របស់​តារាចម្រៀង​ស្រី​វ័យក្មេង ដូចគ្នា​គឺ​កញ្ញា អ៊ុក សុ​វណ្ណា​រី​។​

ទាំង​៣​បទ​របស់ សី​ម៉ា នេះ​មាន​បទ “​ឡាន​ស៊ី​រ៉ែ​ន​” និពន្ធ​ដោយ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្ទាល់​ស្ថិតនៅ​ចំណាត់​លេខ​២​មាន​អ្នក​ចូល​មើល និង ស្ដាប់​ចំនួន​៨៩៣.៧៥៤​ដង​។ បន្ត​មក ទៀត​បទ “​យល់ច្រឡំ​ថា​គេ​ស្រឡាញ់​យើង​” ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣​មាន​អ្នក​ចូល​មើល និង​ស្ដាប់​ចំនួន​៦៤០.៧១៨​ដង​។ បទ​ចម្រៀង​របស់ តន់ ច័ន្ទ​សី​ម៉ា ដែរ​ស្ថិត ក្នុង​ចំណាត់​លេខ​៦ គឺ​បទ “​គេ​នោះ​ជា​ស្រី​កាប់​ដាវ​” និពន្ធ​ដោយ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា មាន​អ្នក​ចូល​មើល​និង ស្ដាប់​ចំនួន​៣៨៥.៣៦២​ដង​។​
​ ​
បទ​ចម្រៀង​ទី​៤​របស់​ផលិតកម្ម Galaxy Navatra ដែល​ជាប់​ក្នុង​បញ្ជី​ខាងលើ​គឺ​បទ “​ខ្ញុំ​ក្លាយជា អ្នកជំងឺ​ស្នេហា​” របស់ អ៊ុក សុ​វណ្ណា​រី ស្ថិតក្នុង ចំណាត់ថ្នាក់​លេខ​៥ មាន​អ្នក​ចូល​មើល និង​ស្ដាប់​ចំនួន​៤១៩.៤០៦​ដង​។ លោក យឹម តា​ស្រង់ អ្នកចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បាន​ភ្ញាក់ ផ្អើល​នឹង​របាយការណ៍​ចេញ​ដោយ គេហទំព័រ​បរទេស ខាងលើ​។​
​ ​
តា​ស្រង់ បាន​លើកឡើងថា មិនដឹង​ច្បាស់​ពី​នីតិវិធី នៃ​ការចាត់​ចំណាក់​ខាងលើ​ឡើយ​តែ​យ៉ាងណា​លោក​ពិតជា​រីករាយ​និង​មោ​ទ​ភាព​ណាស់ ចំពោះ​លទ្ធផល​នេះ​វា​នឹងធ្វើ​ឲ្យ​លោក និង​តារាចម្រៀង​ផលិតកម្ម កាន់​តែមាន​ទឹកចិត្ត​ក្នុង​ការបន្ត​ពុះពារ​ក្នុង​សិល្បៈ​តន្ត្រី​កំដរ​អារម្មណ៍​របស់ ពុក​ម៉ែ​បងប្អូន​មួយ​នេះ​បន្តទៀត​។​

គេហទំព័រ kworb គឺជា​គេហទំព័រ​ប្រមូល​តួលេខ​អ្នក​ស្ដាប់​ចម្រៀង​ល្បីៗ តាម​ប្រទេស​នីមួយៗ របាយការណ៍​របស់គេ​ហ​ទំព័រ​នេះ គឺ​ស្រង់​ចេញពីប្រភព​៣​គឺ​ទី​១ Youtube ទី​២ iTunes របស់ Apple និង​ទី​៣​គឺ Spotify​។ តួលេខ​អ្នក​ចូល​មើល​វេ​ប​សាយ​នេះ​គិតពី ឆ្នាំ​២០១២ ដល់​ដើម ឆ្នាំ​២០២០ នេះ គឺមាន​អ្នក​ចូល​មើល​ទំព័រ​ព័ត៌មាន (page view) ដល់​ទៅ​ជាង​៤០០​លាន ឯណោះ​។​
​ ​
តាម​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ចាងហ្វាង​ផលិតកម្ម Galaxy Navatra បាន​ឲ្យ​ដឹងថា រាល់​បទ​ចម្រៀង​របស់​ផលិតកម្ម លោក​ឧកញ៉ា​គឺ​មិន ត្រឹម​ដាក់​លើ Youtube ប៉ុណ្ណោះ​ទេ​គឺមាន ដាក់​នៅលើ iTunes របស់ Apple ទៀត​ដែលមាន license ត្រឹមត្រូវ ដូច្នេះ​តាមរយៈ​នេះ លោក​ឧកញ៉ា​ជឿថា​ប្រិយមិត្ត​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ស្គាល់​ពីបទ​ចម្រៀង​របស់ Galaxy Navatra កាន់តែច្រើន​ថែមទៀត​៕ ដោយៈ បូ​រិ​ន​