តន្ត្រី​សប្បុរសធម៌​មាន​ចែកជូន​នូវ​សៀវភៅ​ស្ដីពី​ប្រវត្តិ​ប្រាសាទ​សំបូរ​ព្រៃគុហ៍​

394

គាំទ្រ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​សាលា​ន័​រ​តុ​ន គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០១៧ នេះ​សាកល​វិទ្យា​​ល័យ​ន័​រ​តុ​ន បានរួម​សហការ​ជាមួយ “​គ្រួសារ​តារា​កម្ពុជា​” រៀបចំ​ព្រឹត្តិការណ៍ “​កម្រាលព្រំ​សប្បុរសធម៌​ធំ​មួយ ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា​” ក្នុង​គោលបំណង​រៃអង្គាស​ថវិកា ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ជាមួយគ្នា​នោះ​មាន​ចែកជូន​នូវ​សៀវភៅ​ស្ដីពី​ប្រវត្តិ​ប្រាសាទ​សំបូរ​​ព្រៃគុហ៍​។

​ក្នុងនោះ​ក៏មាន​ដាក់​បង្ហាញ​នូវ​ស្នាដៃ​របស់​និស្សិត​ស្ដីពី​គម្រោង​ផ្នែក​ស្ថាបត្យកម្ម សំណង់​ស៊ីវិល កុំព្យូទ័រ អេ​ឡិច​ត្រូ​និ​ច​និង​ផ្នែក​វិទ្យា​​សាស្ត្រ​សង្គម​ដើម្បី​លើ​កម្ពស់​ស្នាដៃ​របស់​និស្សិត​ប្រចាំឆ្នាំ​។ អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត​គឺ​អ្នកចូលរួម​ទស្សនា​ទាំងអស់​នឹង​ទទួល​បានការ​ចែកជូន​នូវ​សៀវភៅ​ស្ដីពី​ប្រវត្តិ​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ដែល​ត្រូវ​បានរៀបចំ​រហូតដល់​រាប់រយ​ក្បាល​ដើម្បី​អបអរ​ដល់​ការដាក់បញ្ចូល​​ប្រាសាទសំបូរព្រៃគុក​នៅ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ពិភពលោក​កាលពីពេល​ថ្មីៗ​។ ព្រឹត្តិការណ៍​នេះ​នឹង​បើក​អោយ​ទស្សនា​ដោយ​សេរី នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ រហូតដល់​ព្រឹត្តិការណ៍​កម្រាលព្រំ​សប្បុរសធម៌​របស់​គ្រួសារ​តារា​កម្ពុជា​ត្រូវ​បញ្ចប់​នៅ​យប់​ថ្ងៃទី​២៩ កញ្ញា ក្នុង​ឆ្នាំ​ដដែល​។​

​នៅក្នុង​ឱកាស​នោះ​មហាជន​គ្រប់ទិសទី​នឹង​អាច​ចូលរួម​កំសាន្ត​សប្បាយ​ដោយ​សេរី ជាមួយ​ទស្សនីយភាព​រួមមាន​កា​រ​ច្រៀង​រាំ ដើរ​ម៉ូដ និង​កំប្លែង​ពី​ក្រុម​សិល្បករ​-​សិល្បការ​នី​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​សុទ្ធសឹងតែ​បាន​ស្ម័គ្រ​រួមគ្នា​ជួយ​ក្នុង​ព្រឹត្តិការណ៍​នោះ ដើម្បី​ជា​ប្រយោជន៍​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​នេះ​ជាការ​ប្រគំ​តន្ត្រី​ដែល​បាន​ធ្វើឡើង​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ស្នាដៃ​និស្សិត​គ្រប់ផ្នែក​គ្រប់​ជំនាញ​របស់​និស្សិត​ន័​រ​តុ​ន​ដោយ​ក្នុង​រយៈពេល​៣​ថ្ងៃនោះ​ក៏មាន​ការផ្ដល់ជូន​នូវ​ការសម្អាត​មាត់​ធ្មេញ​ពី​សំណាក់​សាស្ត្រាចារ្យ និង​និស្សិត​ផ្នែក​ទន្តសាស្ត្រ​នៅ​បន្ទប់​ទន្តសាស្ត្រ​នៃ​​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែលមាន​បំពាក់​ដោយ​ឧបករណ៍​ថ្មី​ទំនើប​ឥតគិតថ្លៃ​ជូន​ដល់​អ្នកចូលរួម​ទស្សនា​ផងដែរ​៕​ដោយ ៖​បូ​រិ​ន /sn