តន្រ្តីករ គឹម ចាន់រតនា និង ភរិយា នាំគ្នារំលឹកអនុស្សាវរីយ៍សិល្បៈ ជាថ្មី

177
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖
ធ្លាប់ជាតន្ត្រីករ ជាច្រើនឆ្នាំតែមិនសូវសមប្រកប ពេលនេះលោក ចាន់ រតនា បានក្លាយជាអ្នកជំនួញដីធ្លីដ៏លេចធ្លោមួយរូប តែអារម្មណ៍នៅតែស្រលាញ់អាជីពមួយ នេះ បើទោះបីជំនាញជាតន្រ្តីករ មិនបានយិតយោងជីវភាពអោយមានភាពល្អប្រសើរ។

ទោះជាយ៉ាងណា ម្ចាស់ជំនួញដីធ្លី លោក គឹម ចាន់រតនា និង ភរិយា បានតស៊ូក្នុង អាជីព សិល្បៈយ៉ាងលំបាកទម្រាំក្លាយខ្លួនជាអ្នកជំនួញដីធ្លីនាពេលចុងក្រោយ។ អ្វីដែលកាន់តែកត់សម្គាល់ គ្រាន់តែមានឱកាសកែប្រែជីវភាពក្នុងនាមជាថៅកែដីភ្លាម អតីតតារាសិល្បៈជាប្ដីប្រពន្ធមួយគូនេះ ក៏ដំណើរការផលិតកម្មចម្រៀងមួយ ដើម្បី អោយតារាក្មេងៗមួយចំនួនបានបញ្ចេញសំលេង និងបានផលិតបទចម្រៀងជា សំនៀងរបស់ខ្លួនជាហែរហែរ ដើម្បីរំលឹកអាជីពសិល្បៈ ដែលអ្នកទាំងពីរប្រាប់ថា គឺជា ស្ពានចម្លងជីវិតក្នុងគ្រាក្រ។ ជាក់ស្ដែងក្រោយពីអន្ទងចិត្តមហាជន អោយឃើញពីការ ប្រឹងប្រែងក្នុងសិល្បៈតាមរយៈបទ”ទំនួញអកឈ្មោល” លោក គឹម ចាន់រតនា ក៏បញ្ចេញបទ”អូនកូនអ្នកណា?” ដោយជ្រើសយកភរិយាជាតួសម្ដែងផងដែរ។

តន្ត្រីកររូបនេះ បញ្ជាក់ថា លោកផលិតបទចម្រៀងដោយបកស្រាយសំនៀង ខ្លួន ឯង ដោយសារតែស្រលាញ់អាជីពចម្រៀង និងចង់ផលិតបទដែលលោកស្រឡាញ់ ទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ។ អ៊ីចឹងហើយ ទើបខណៈម្ចាស់សំនៀងភាគច្រើន ជ្រើស យក តារាល្បីៗ អោយជួយសម្ដែង ដើម្បីលើកមុខ MV សម្រាប់លោកគឺរើសភរិយាខ្លួន ឯងតែម្ដង ដើម្បីសម្ដែងក្នុងបទរបស់លោក ទុកគ្រាន់ចែកកូនមើលលេង និងទុកជា វីដេអូ អនុស្សាវរីយ៍ជាមួយភរិយា។

លោកថាកាលពីនៅប្រឡូកសិល្បៈលោកគ្រាន់តែជាអ្នកលេងភ្លេងប៉ុណ្ណោះ ចំណែកភរិយាទើបជាអ្នកចម្រៀងអាជីព។ លោក និងភរិយា គម្រោងចេញបទបក ស្រាយ រួមគ្នា ក្រោយពីចេញបទ”អូនកូនអ្នកណា” ដែលជាបទសារ៉ាវ៉ាន់ ។

គួរបញ្ជាក់ថា លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈភរិយាគឺជាអ្នក ចម្រៀងក្នុងវង់អកកេសមួយ កាលពីប្រមាណ១០ឆ្នាំ ដោយសូម្បីតែឈ្នួលបង់ផ្ទះ ក៏ស៊ឹងមិនចង់មាន។ បច្ចុប្បន្នលោក និងភរិយា គឺជាម្ចាស់ក្រុមហ៊ុន LYK គឹមចាន់រតនា ហ្សាណា ដែលមានគម្រោងដីពុះឡូតិ៍ធំៗជាច្រើនគម្រោងប្រកាស លក់នៅស្រុក គងពិសី ក្នុងខេត្តកំពង់ស្ពឺ៕