តម្បាញ​សំពត់​ស៊ឹង​របស់​គ្រួសារ​មួយ​ក្នុងភូមិ​ព្រែក​សាលា មាន​អ្នកគាំទ្រ​កាន់តែច្រើន ធ្វើ​ឲ្យ​គ្រួសារ​មួយ​នេះ មាន​ជីវភាព​កាន់តែ​ប្រសើរឡើង

455
ចែករម្លែក

ដោយ​: មុនី​រ័ត្ន+សនសក្ដា / កំពង់ឆ្នាំង​: ដោយសារតែ​តម្បាញ​សំពត់​ស៊ឹង គួបផ្សំ​និងរ​បរស្រែ​ចាំ​ការ​ផង​នោះ បានធ្វើអោយ​គ្រួសារ​មួយ​ដែល​រស់នៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ជាង​មុនៗ ព្រោះ​ទទួលបាន​ជោគជ័យ មាន​អតិថិជន​គាំទ្រ​ជាច្រើន រហូត​តម្បាញ អោយ​ម៉ូយ សឹងតែ​មិនទាន់​រហូតដល់​ឈ្លាត​ពេល​ត្បាញ​នៅពេល​យប់​ទៀត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ជាពិសេស ក្នុងឱកាស បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ដែល​ខិតជិត​ចូលមក​ដល់​ផងដែរ ។

​ជួប​ជាមួយ​ជាមួយ​អ្នកយក​ព័​ត៌​រ​មាន​យើង​នៅ​ព្រឹក​ថ្ងៃទី ២២​ខែសីហា​ឆ្នាំ ២០១៩​ម្សិលមិញ ស្ត្រី ឈ្មោះ ចាន់​ណារិន អាយុ ៣២ ឆ្នាំ​ជា​ជនពិការ​ជើង​មួយ​ចំហៀង តាំងពី​អាយុ ៣ ឆ្នាំ បាន​រៀបរាប់​អោយដឹងថា​៖ ដោយសារតែ​ខ្លួន​គាត់​ជា​ជនពិការ មិនដឹង​ទៅរក​ស៊ី​អ្វី​ដូច​គេឯង​បាន នៅពេល​ធំ​ដឹងក្តី គាត់​បាន​ទៅ​រៀន​ត្បាញសំពត់​ស៊ឹង នៅឯ ឃុំ​កោះដាច់ ស្រុក​មុខ កំពូល ខេត្តកណ្ដាល ដោយ​ស្នាក់នៅ​ជាមួយ​ផ្ទះ​ម្តាយធំ ។

​បន្ទាប់ពី​ចេះ​ចាំ​ស្ទាត់ជំនាញ​ហើយ គាត់​ក៏បាន​ត្រឡប់មក​រស់​នៅឯ​ភូមិ​កំ​ណេ​ី​ត​ក្នុងភូមិ​ព្រែក​សាលា ជាមួយនឹង​ឪពុកម្ដាយ​វិញ ហើយក៏​បាន​ចាប់យក​មុខរបរ​ត្បាញសំពត់​សឹង​នេះ​ឡើង ដោយ​ពីដំបូង​មាន​ត្រឹមតែ​កី​ត្បាញ​មួយ​ប៉ុណ្ណោះ​ក្នុងនោះ​គាត់​មាន​បង​ប្អូ​នួន ៣ នាក់​ទៀត​ក៏​ចាប់​មុខរបរ​ដូចគ្នានេះដែរ ដោយសារ​មាន​អតិថិជន​កាន់តែច្រើន និង​មាន​តម្រូវការ​តែ​ខ្ពស់ ។

​សព្វថ្ងៃនេះ មាន​ម៉ូយ មកពី​ខេត្តកណ្ដាល និង​ថ្មីៗ​នេះ​មាន​ពី​ខាង បាត់ដំបង និង ប៉ោយប៉ែត​និង​ខាង​ប៉ៃលិន ក៍​បានមក​កម្មង់​ទិញ​ពី​គាត់​ដែរ ក្នុង​ម្នាក់ ចាប់ពី ៥០​ទៅ ១០០​សំពត់​ឡើងទៅ ឬ​ច្រើនជាង​នេះ មាន​ប៉ុណ្ណា គេ​យក​ប៉ុណ្ណឹង ។

​សព្វថ្ងៃ​គ្រួសារ​គាត់​មាន​កី​តម្បាញ ចំនួន​៥​កី និង​ត្បាញ​អោយគេ​មិនទាន់​ទេ ហេតុនេះហើយ គ្រួសារ​គាត់ បាន​ឈ្លាត​ពេល​ត្បាញ​យប់​បន្ថែមទៀត ។

​ស្ត្រី​រូបនោះ​បាន​បញ្ជាក់ថា​៖​ក្នុង​សំពត់​ស៊ឹង​១​ក្បិន មាន​២​សំ ពត់ គាត់​លក់រាយ​ក្នុងតម្លៃ ១៥​ដុល្លារ ឬ​ស្មើនឹង ៦ ម៉ឺន​រៀល​មានន័យថា មួយ​សំពត់​ថ្លៃ ៣ ម៉ឺន​រៀល ។

​យ៉ាងនេះ​ក្តី​ក្រៅពី​របរ​ត្បាញសំពត់​ស៊ឹង គ្រួសារ​គាត់​នៅមាន​មុខរបរ ស្រែចំការ​បន្ថែមទៀត​ដែរ និង​ជា​ចុងក្រោយ គាត់​ចង់អោយ ប្រជាពលរដ្ឋ ចូលរួម​គាំទ្រ​ផលិតផល​របស់​ខ្មែរ ដែល​ត្បាញ​ដោយ​ដៃ​ផ្ទាល់​នេះ​ផង ។

​សូម​ម​បញ្ជាក់ដែរថា​៖ ក្នុង​កី​តម្បាញ​មួយ ក្នុង​មួយថ្ងៃ​បាន​បានតែ​១ សំពត់​១​ក្បិន (​មាន​២​សំពត់​) តែប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​កី​តម្បាញ​មួយ​អាច​រកចំណូលបាន​ពី​៣​ទៅ​៤​រយ​ដុល្លា​ក្នុង​១​ខែ ដែល​ចំណូល​នេះ​អាច​ច្រើនជាង​កម្មករ​តម្បាញ​នៅតាម​រោងចក្រ ប៉ុន្តែ​មុខរបរ​មួយ​នេះ អាច​នៅ​ជួបជុំ​គ្រួសារ មិន​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស​និង​អាច​មើលថែរ​កូនចៅ ឪពុកម្តាយ​ចាស់ជរា​​៕ ល​/សរន