តម្រិះ​, តិរច្ឆាន​, បំណាក់​, បំណុល​, បរិបូរ​, សម្បុរ​, បរិច្ចាគ​, សម្បូរ​, សម្បទាន​, សទិសសញ្ញា​, ហាង​, ហុង​, ឡុកឡាក់​

2318
ចែករម្លែក

​តម្រិះ តំ​-​រ៉ិះ ( ន​. ) សេចក្ដី​ត្រិះ​, សេចក្ដី​រិះគិត : មនុស្ស​មានតម្រិះ​ល្អ គឺ​មនុស្ស​ដែលមាន សេចក្ដី​រិះគិត​ត្រូវ ។ សៀម​យកទៅ​ប្រើ​ជា ដាំ​រិ , បំប្លែង​ចេញពី​ពាក្យ ត្រិ (​អ​. ថ​. ទ្រិ​) ត្រិ នេះ​ក៏​គឺ ត្រិះ (​ត្រិះរិះ​) របស់​ខ្មែរ​នឹង​ឯង​; ពាក្យ​ខ្មែរ​យើង​ថា តម្រិះ ជា ន​. របស់ ត្រិះ​; រាជសព្ទ ប្រើ​ជា កិ​. ថា ទ្រង់​ព្រះតម្រិះ គឺ​ទ្រង់មាន​ព្រះ​យោបល់​ត្រិះរិះ​, រិះរេ (​សៀម​ប្រើ​ជា រ​. ស​. ដែរ​ថា សុង​ផ្រៈ​ដាំ​រិ គឺ​ទ្រង់​ព្រះតម្រិះ​ហ្នឹងឯង​) ។

​តិរច្ឆាន តិ​រ៉ា​ច់​ឆាន ឬ ដិ​រ៉ា​ច់​ឆាន បា​.; សំ​. ( ន​. ) (​តិ​រ​ឝ្ចី​ន​)​សត្វ​ដែលមាន​រាងកាយ​ចម្រើន​ដោយ ទទឹង ទីទៃ​ពីស​ត្វ ដែលមាន​រាងកាយ​ចម្រើន​ដោយ​ត្រង់​ដោយ​បញ្ឈរ​, បាន​ខាង​ចំពួក​សត្វ​នានា ដែល​កើត​ក្នុង​មនុស្សលោក មាន​រាងកាយ​ជាក់ស្ដែង​ទៅមក​ដោយ​ទ្រេត​, ដោយ​ផ្ដេក​ដូច​យ៉ាង គោ​, ក្របី​, ដំរី​, សេះ ។​ល​។ ជា​សត្វ​ផ្សេង​ទីទៃ​ពី​មនុស្ស​ដែល​ហៅ​ដោយ​រួបរួម​ថា សត្វ​ដែរ ព្រោះ​មានចិត្ត ជំពាក់​ក្នុង​អារម្មណ៍​ផ្សេងៗ ប៉ុន្ដែ​មាន​រាងកាយ​ទៅមក​ដោយ​ត្រង់​ដោយ​បញ្ឈរ ។

​បំណាក់ ( ន​. ) ការបាក់​; អ្វីៗ​ដែល​បាក់​, កន្លែង​ដែល​បាក់ : មើល​ផ្លាន​ត្រង់​បំណាក់ តើ​ពុក​ឬ​កណ្ដៀរ​ស៊ី ?

​បំណុល ( ន​. ) ទ្រព្យ​ដែល​ជំពាក់​ព្រោះ​បុល​គេ​, ព្រោះ​ខ្ចី​គេ : ជំពាក់​បំណុល​គេ​, សងបំណុល​គេ (​ម​. ព​. បុល ផង​) ។ កូនបំណុល អ្នក​ជំពាក់​បំណុល ។ មេ​បំណុល ឬ ម្ចាស់បំណុល អ្នក​ឲ្យ​គេ​បុល ។ បំណុលបុល្លិកា (–​បុល​-​ល៉ិ​កា​) បំណុល​ច្រើន​មុខ​នេះ​ខ្លះ​នោះ​ខ្លះ (​ព​. សា​.) ។ បំណែបំណុល (​ម​. ព​. បំណែក​) ។

​បរិបូរ ប​-​រ៉ិ​បូ ឬ ប​-​បូ សំ​. បា​. ( គុ​. ) ដែល​គ្រប់គ្រាន់​, ដែល​ពេញ​គ្រប់គ្រាន់​, ពេញលេញ​, សម្បូរ​; ដែល​ឆ្អែត​ហើយ : ម្ហូបចំណី​បរិបូរ​, ទ្រព្យធន​បរិបូរ ។ ប្រើ​ជា កិ​. ក៏បាន : ណ្ហើយ​, ប៉ុណ្ណឹង​ចុះ​បរិបូរ​ហើយ ! ។ ប្រើ​ជា កិ​. វិ​. ក៏បាន : ខ្ញុំ​ទទួលទាន​បរិបូរ​ហើយ !

សម្បុរ ( ន​. ) ព័ណ៌ (​សម្រាប់​ប្រើ​ចំពោះ​មនុស្ស​និង​ស​ត្ដ​និករ​ទាំងពួង​) : ខ្ញុំ​ដើរ​អម្បាញ់មិញ ប្រទះ​មនុស្ស​កំលោះ​ម្នាក់​រាងស្ដើង សម្បុរ​សណ្ដែកបាយ​ដឹកគោ​កម្រៀវ​មួយ​សម្បុរ​ត្នោត (​កុំ​និយាយថា មនុស្ស​ព័ណ៌​សណ្ដែកបាយ​, គោ​ព័ណ៌​ត្នោត​,…) ។ ម​. ព​. ពណ៌ ឬ ព័ណ៌ ផង ។

បរិច្ចាគ ប​-​រ៉ិ​ច​-​ចាក បា​.; សំ​. ( ន​. ) (​បរិ​ត្យា​គ​) ការ​លះ​, កា​រលះ​ទ្រព្យ​, ការចំណាយ ទ្រព្យ​ធ្វើ​ទាន ឬ​ធ្វើ​អ្វីមួយ​ឲ្យ​ជា​ប្រយោជន៍​ក្នុងស្រុក ក្នុង​នគរ ។ ច្រើន​ប្រើ​ជា កិ​. : បរិច្ចាគ​ប្រាក់ កាស​ចែកជា​ទាន​, បរិច្ចាគ​ទ្រព្យ​ឲ្យ​ទាន (​ម​. ព​. ទសពិធរាជធម៌ ផង​) ។

​សម្បូរ សំ​. បា​. ( កិ​. ឬ គុ​. ) (< សំ > សម៑ “​គ្រប់​ព្រម​; ណាស់​” + បូរ “​ពេញ​”) ពេញ​ពាស​; បរិបូរ​ក្រៃពេក​, គរគោគ : ទឹកភ្លៀង​សម្បូរ​, ស្រុក​សម្បូរ ។ សម្បូរពោរពាស សម្បូរ​សល់ផល ។ សម្បូរហូរហៀរ សម្បូរ​គរគោក ។​ល​។ វេ​វ​. សម្បូណ៌ ។

សម្បទាន ស័​ម​-​ប៉ៈ​– បា​.; សំ​. ( ន​. ) (​សំ​ប្រទាន ឬ ស​ម្ប្រ​ទាន​) ការប្រគល់​ឲ្យ​, ការ​ឲ្យ​ដល់ដៃ​; ការ​ឲ្យ​ដាច់​; ការទទួល​អំណោយ : ដី​សម្បទាន​, ទ្រព្យ​សម្បទាន ដី​, ទ្រព្យ​ដែល ឲ្យ​ដាច់ ។ ឈ្មោះ​វិភត្តិនាម​លំដាប់​ទី ៤ ដែល​ហៅថា ចតុ​ត្ថី​វិភត្តិ​, ប្រាប់​សេចក្ដី​ទទួល​…, សម្រាប់​ប្រើ​ក្នុង​ភាសាសំស្ក្រឹត​និង​បាលី ប្រើពាក្យ​អាយតនិបាត​ថា ដល់​, ដើម្បី​, បម្រុង​, ចំពោះ​, នឹង (​ព​. វ​.) ។ សម្បទានសាធន ឬ –​សាធនៈ (​ស័​ម​-​ប៉ៈ​ទានៈ​សា​ធៈ នៈ​) សាធនៈ​ប្រាប់​សេចក្ដី ទទួល​អំណោយ (​ចតុ​ត្ថី​វិភត្តិ​ស្ទុះ​ចេញ​ជា​អញ្ញបទ​), ប្រើ​ក្នុង​ភាសាសំស្ក្រឹត​និង​បាលី (​ព​. វ​.) ។

សទិសសញ្ញា សៈទិសៈ ស័​ញ​-​ញ៉ា បា​. ស​. ( ន​. ) ការ​សម្គាល់ថា ដូចគ្នា​, សន្មត​ជា​ឈ្មោះ វណ្ណយុត្ត​មួយ​យ៉ាង (=) នេះ​មាន​អត្ថ​ថា គឺ​, គឺជា សម្រាប់​ប្រើ​សរសេរ​ងាយ​, ដូចជា ទ្រព្យ = សម្បត្តិ = ធនធាន ជាដើម (​បារ​. égal, e, aux) ។ ម​. ព​. សមសញ្ញា ផង ។

​ហាង ( គុ​. ) ល្វីង​លាយ​ប្រហាត (​ដូច​យ៉ាង​រស​ទំពាំង​ឫស្សីព្រៃ​ជាដើម​) : រស​ហោង ។ ដែល​ធុំ​ខ្មោះ​ក្រ​ហាត (​ដូច​យ៉ាង​ក្លិន​សេះ​ជាដើម​) : ក្លិន​ហោង ។ ចិ​. ( ន​. )​ផ្ទះ​លក់ទំនិញ​ធំៗ​, ឃ្លាំងទំនិញ : ហាង​លក់​សំពត់​គ្រប់យ៉ាង​, តាំងហាង ។ ស​. ( ន​. ) (​កន្ទុយ : ខ្សែ​ហាង ខ្សែ​កន្ទុយ​គឺ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ចុង​កែប​មក​ពាក់​ក្រោម​គល់​កន្ទុយ​សេះ : រឹតខ្សែ​អុក​ពាក់​ខ្សែ​ហាង រឹតខ្សែ​ទ្រូង​ពាក់​ខ្សែ​កន្ទុយ (​ច្រើន​ប្រើ​ក្នុង​សាស្ត្រាទេសន៍​បុរាណ ឬ​ប្រើ​ក្នុង​ពាក្យកាព្យ​បុរាណ​) ។

​ហុង ( កិ​. ) មូរ​រុំ​ព័ទ្ធ​ជា​សំណុំ​, ជា​ដុំ​មូល : ហុងអំបោះ ។ ខ្ចប់​ដោយ​ក្រដាស​ឲ្យ​ជា​កញ្ជប់​រាង​មូល ឈរ​ឬ​ចង​ក្របួច​សំពត់​ឲ្យ​ជា​ថង់​រាង​មូល​ឈរ​ច្រក​គ្រាប់​អ្វីៗ : ហុង​ស្ករ​-​ស​, ហុងអង្ករ ។ ចម្អិន​សាច់ជ្រូក​ដោយ​គ្រឿងផ្សំ​ស្រដៀង​នឹង​ខ : ហុង​សាច់ជ្រូក ។ គុ​. សាច់ជ្រូក​ហុង ។ ( ន​. ) សាច់ជ្រូក​ដែល​ចម្អិន​ដោយ​ផ្សំ​គ្រឿង​ស្រដៀង​នឹង​ខ : ហុងជ្រូក ។ រមូរ​សរសៃអំបោះ​ឬ​ខ្សែ​ឆ្មារ ដែល​មូរ​រុំ​ព័ទ្ធ​ជា​ដុំ​មូល : អំបោះ​មួយ​ហុង ។ គុ​. ដែល​ហុង​ហើយ : អំបោះ​ហុង​; ជ្រូក​ហុង ។

​ឡុកឡាក់ យ​. ( កិ​. ) (LÙc Làc “​រង្កៀក​”) រង្កៀក​ឲ្យ​ផ្អៀង​ចុះ​ផ្អៀង​ឡើង​រឿយៗ : កប៉ាល់​កឿង​នាំគ្នា​ឡុកឡាក់​ឲ្យ​របូត​ពី​កន្លែង​ដែល​ជាប់ ។ កិ​. ឬ កិ​. វិ​. (​ព​. ប្រ​.) ធ្វើ​អុកឡុក​វឹកវរ​, ធ្វើ​យុកយាក់​ឲ្យ​ជ្រួលច្របល់ : វា​នាំគ្នា​មក​ធ្វើ​ឡុកឡាក់​ពេញ​ផ្ទះ ។ ( ន​. ) ឈ្មោះ​ល្បែងស៊ីសង មួយ​ប្រភេទ​មាន​គ្រាប់ ៣ សណ្ឋាន​បួន​ជ្រុង​ស្មើភាគ មាន​ភ្នែក ដូច​មេអាប៉ោង​, អ្នក​ដែលជា​មេ ដាក់​គ្រាប់​ទាំងបី​ក្នុង​ចាន​មាន​គម្រប ហើយ​ចាប់​អង្រង់​, អ្នក​ចាក់​ត្រូវ​ចាក់​លើ​ផ្ទាំង​សំពត់ ឬ​ផ្ទាំង​ក្រដាស មាន​រូប​ដោយ​ស្មាន​តាម​ស្ម័គ្រចិត្ត : ឡុកឡាក់​ជា​ល្បែង​របស់​យួន​ចិន (​ម​. ព​. ឡុកឡាក់ ១ កិ​. ផង​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​