តម្រូវការ​សំខាន់​រប​ស់​ពលរដ្ឋ​ស្រុក​ទឹកឈូ​គឺ​ផ្លូវ​ភ្លើង​និង​ទឹកស្អាត​

695
ចែករម្លែក

​ដោយ:បូកគោ​/​កំ​ពត ៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពត​អាណត្តិ​ទី​២ ធ្វើឡើង​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បរិវេណ​វត្ត​កំពូល​មាស ស្ថិតក្នុង​ឃុំ​កណ្តោល ប្រជាពលរដ្ឋ​ស្រុក​ទឹកឈូ​បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្តកំពត​ជួយ​អន្តរាគមន៍​បញ្ហា​ផ្លូវ ភ្លើង និង​ទឹក​ប្រើប្រាស់​។​

ក្នុង​បេសកកម្ម​ស្វែងយល់​តម្រូវការ​របស់​ពលរដ្ឋ​ស្រុក​ទឹកឈូ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពត​បានទទួល​នូវ​សំណូមពរ​ចំនួន​៣០​ករណី​ដោយ​ផ្តោត​ជា​ចម្បងៗ​លើ​បញ្ហា​ភ្លើង ទឹក​ប្រើប្រាស់ និង​ផ្លូវ​ធ្វើដំណើរ​ក្នុង​មូលដ្ឋាន​។​ ព្រោះតែ​ការ​សូម​អន្តរាគមន៍​ចំពោះ​បញ្ហា​ផ្លូវ​មាន​ភាគរយ​ច្រើន​លើសលុប​ក្នុងចំណោម​ករណី​ទាំងបី លោក​ជាវ តា​យ អភិបាលខេត្ត​បាន​មានប្រសាសន៍​ឆ្លើយតប​ថា​រដ្ឋបាលខេត្ត​បាន​លើក​គម្រោង​ហើយ​ថា នឹង​ជួសជុល​ផ្លូវ​ជនបទ​ដោយ​សម្រួល​ឱ្យ​ប្រសើរឡើង​យ៉ាងហោច​៥០​គីឡូម៉ែត្រ​ក្នុង​មួយខែៗ​។ គម្រោង​នោះ​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​។ បញ្ហា​លុយ​ពិតជា​គ្មានទេ ប៉ុន្តែ​បើ​និយាយ​ពី​កិច្ចដឹកនាំ​ចាំបាច់​ត្រូវការ​ប្រមូលផ្តុំ​ព្រោះ​ការងារ​ពាក់​នឹង​ការអភិវឌ្ឍ​ត្រូវការ​កៀរគរ​ពី​សប្បុរសជន​។ បើ​គិតថា​ចាំ​មាន​លុយ​សឹម​ធ្វើ​នោះ​មិនដឹង​ថ្ងៃ​ណា​ទេ​។

លោក​អភិបាលខេត្ត​បាន​បន្តថា​លុយ​នៅក្នុង​គម្រោង​ត្រូវ​ប្រមូល​ពី​ប្រភព​ផ្សេងៗ​ធ្វើយ៉ាងណា​ដោះស្រាយ​ជូន​ប្រជាជន​។ លោក​បាន​ណែនាំ​ដល់​អភិបាលក្រុង​ស្រុក​រួចហើយ​ឱ្យធ្វើ​បញ្ជី​ឡើងមក​រដ្ឋបាលខេត្ត​ដើម្បី​ដឹងថា​នៅ​ក្រុង​ស្រុក​ណា​ដែលមាន​ផ្លូវ​ហើយ​មិនអាច​ចរាចរ​បាន ឬ​ចរាចរ​ដោយ​ភាពលំបាក​នោះ​។

លោក​ជាវ តា​យ​បានបញ្ជាក់​ទៀតថា​តាមរយៈ​ប្រធាន​មន្ទីរជំនាញ​ឱ្យដឹងថា​ផ្លូវ​អភិវឌ្ឍ​ជនបទ​នៅក្នុង​ខេត្តកំពត​មាន​ជាង​៣.០០០​គីឡូម៉ែត្រ ហើយ​មួយឆ្នាំៗ​ក្រសួង​ទម្លាក់​គម្រោង​បានតែ​ជិត​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ដូច្នេះ​ផ្លូវ​ជាង​៣.០០០​គីឡូម៉ែត្រ តើ​ធ្វើ​ដោយ​របៀប​ណា​ទើបបាន​ល្អប្រសើរ​។ ពិតជា​មិនអាច​ឡើយ​។ ម្ល៉ោះហើយ​រដ្ឋបាលខេត្ត​បាន និង​កំពុងតែ​គិតគូរ គូសវាស​។ គិត​មានន័យថា​ស្ថិតក្នុង​ការ​ស្រ​ម៉ៃ​។ ប៉ុន្តែ​គិត​នេះ​មិនមែន​ស្រ​ម៉ៃ​ទេ គឺ​គិត គូរ សិក្សា ធ្វើ​។​

ដោយឡែក​ចំពោះ​បញ្ហា​ភ្លើង និង​ទឹក​ប្រើប្រាស់​វិញ លោក​អភិបាលខេត្ត​បាន​តម្រូវឱ្យ​មន្ត្រី​ជំនាញ​នីមួយៗ​ចុះ​សិក្សា​ស្រាវជ្រាវ​រួច​ឆ្លើយតប​ភ្លាមៗ​តាម​លទ្ធភាព ពោលគឺ​មិនអាច​បណ្តោយឱ្យ​ពលរដ្ឋ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ និង​រស់នៅ​ដោយ​ភាព​ងងឹត​ស្របពេល​គ្រប់​វិស័យ​កំពុង​រីកចម្រើន​នោះឡើយ​៕​B/