តម្រូវការ​ឥន្ធនៈ​កើនឡើង តូ​តា​ល់​កម្ពុជា បើក​ដំណើរការ​ទីតាំង​៤​កន្លែង​បន្ថែម ក្នុងឱកាស​ខួប​លើក​ទី​២៥​របស់ខ្លួន​

1117
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ដោយសារ​តម្រូវការ ឥន្ធនៈ​កើនឡើង និង​សំណូមពរ​អតិថិជន​ដែល​ចង់ឱ្យមាន ស្ថានីយ​ច្រើន​កាន់តែ​ខិតជិត​លំនៅដ្ឋាន និង​កន្លែង ធ្វើការ​របស់​ពួកគេ​នោះ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ស្ថានីយប្រេងឥន្ធនៈ ៤​កន្លែង នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​ទី​៣១ ខែសីហា​ឆ្នាំ​២០១៨​។​

​ការបើក​ស្ថានីយប្រេងឥន្ធនៈ​ថ្មី​ទាំង​៤ នេះ កត់សម្គាល់​ឱ្យឃើញ​ពី​ការរីកចម្រើន​របស់​ក្រុមហ៊ុន ក្នុងការ​ពង្រីក​អាជីវកម្ម ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ ទីផ្សារ ព្រម​គ្នា​ជាមួយ ការ​ប្រារព្ធ​ខួប​លើក​ទី ២៥ របស់ខ្លួន ដែលមាន​វត្តមាន នៅ​ប្រទេស​កម្ពុជា​។​

​ស្ថានីយ​ទាំងនេះ​មាន​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ទាក់ទាញ ស្ថិតនៅក្នុង​តំបន់ ជ្រោយចង្វា ចំការ​ដូង ទួល​ស្វាយព្រៃ និង​បឹងត្របែក​។ ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ស្ថិតនៅលើ​ផ្លូវធំៗ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ ដំណើរ​ចូល​ស្ថានីយ​។ ក្រៅពី​ស្ថានីយប្រេងឥន្ធនៈ ក៏មាន​ផ្តល់ជូន​នូវ​សេវាកម្ម​បន្ថែម ជាច្រើន​ប្រភេទ​ទៀត ដូចជា​ហាង​កាហ្វេ និង​ហាង​ទំនិញ​បុ​ង​ហ្សួ​( Bonour) ទីតាំង​ប្តូរ​ប្រេងម៉ាស៊ីន​ជាដើម ។​ល​។​

​លោក អាស៊ី​ហ្វ អ៊ី​កបាល​( Asif Iqbal) នាយក​គ្រប់គ្រង​ក្រុមហ៊ុន​តូ​តា​ល់ កម្ពុជា បាន​មានប្រសាសន៍ថា «​ដើម្បី​កត់សម្គាល់ ប្រតិបត្តិការ​ដ៏​អស្ចារ្យ​រយៈពេល ២៥​ឆ្នាំ​របស់​យើងខ្ញុំ នៅ​ប្រទេស​កម្ពុជា យើង​នឹង​ប្រារព្ធ​ពិធី​បើកសម្ពោធ ស្ថានីយ ប្រេងឥន្ធនៈ​ថ្មី​ចំនួន​៤​កន្លែង​ដំណាលគ្នា ក្នុង​មួយថ្ងៃ​ពេញ​។ ការបើក​ស្ថានីយ​ទាំងនេះ ស្របទៅនឹង​តម្រូវការ អតិថិជន​របស់​យើង ដែល​តែងតែ​ចង់ឱ្យមាន ស្ថានីយ​ច្រើន​កាន់តែ​ខិតជិត​លំនៅដ្ឋាន និង​កន្លែង ធ្វើការ​របស់​ពួកគេ​។ ក្រុមហ៊ុន​យើង កំពុង​ព​ន្លឿ​ន​កម្មវិធី​អភិវឌ្ឍន៍​ខ្លួន​ហើយ​ឆាប់ៗ​នេះ យើង​នឹង​អាច​បម្រើ​អតិថិជន កាន់តែច្រើន​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​ផងដែរ​»​។​

​ជាមួយ​ពិធី​កាត់​ខ្សែបូរ​នៅ​ស្ថានីយជ្រោយចង្វា​ក៏មាន​ការសម្តែង​ក្បាច់​រាំ​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​ផ្តល់​អំណោយ​ជាការ​អរគុណ​សម្រាប់​អតិថិជន​នៅ​ស្ថានីយផ្ទាល់​។ កម្មវិធី​នេះ ប្រារព្ធ​ពេញ​មួយថ្ងៃ ដោយមាន​សកម្មភាព​ដូចៗ​គ្នា នៅ​ទីតាំង​៣​កន្លែង​ផ្សេងៗ​ទៀតផង​ដែរ​។​

​សូ​មេ​ជម្រាប​ថា​ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា បាន​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៣​មក​ម្លេះ បើទោះបីជា​ក្រុមហ៊ុន​មាន​វត្ត​មាននៅ​កម្ពុជា​អស់​រយៈពេល​ជាង ៧០ ឆ្នាំ​ហើយ​ក្តី​។ នៅ​ទូទាំងប្រទេស ក្រុមហ៊ុន តូ​តា​ល់ កម្ពុជា បាន​ចូលរួម​ក្នុង​ការធ្វើ​ទីផ្សារ​ប្រេងឥន្ធនៈ​លើ ផលិតផល និង​សេវាកម្ម ជាច្រើន​ជូន​ដល់​អតិថិជន របស់ ខ្លួន​ទាំង​វិស័យ​ឯកជន និង​សាធារណៈ​។ បច្ចុប្បន្ន តូ​តា​ល់ មាន​ផលិតផល និង​សេវាកម្ម ជាច្រើន​រួមមាន ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន ៧៥​កន្លែង សម្រាប់​ប្រេងឥន្ធនៈ​តាម​ដង​វិថី​នានា​(​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​) និង ហាង​ទំនិញ​៣០ កន្លែង​(​ហាង​Bonjour) ប្រេងឥន្ធនៈ​សម្រាប់​វិស័យ​ឧស្សាហកម្ម ប្រេងឥន្ធនៈ អាកាសចរណ៍ និង​ប្រេងរំអិល​។ បន្ថែម​ពីនេះ​ទៀត កាត​ក្លឹប​តូ​តា​ល់ ជា​មធ្យោបាយ​ទំនើប​បំផុត​ក្នុងការ​គ្រប់គ្រង ការទិញ ឥន្ធនៈ​របស់​អ្នក​ឱ្យ​កាន់តែ​ងាយស្រួល​។ រួម​ជាមួយគ្នានេះ យើងខ្ញុំ​ក៏​ផ្តល់នូវ​សេវាកម្ម​ចាំបាច់​ដទៃទៀត​ដូចជា​: ការវិភាគ​ប្រេងឥន្ធនៈ ការដំឡើង​ធុង និង​ការដឹកជញ្ជូន​ឥន្ធនៈ​ដល់​អតិថិជន​ជាច្រើន​ទៀត​របស់​យើង​៕ ល​