តម្រូវឱ្យ​ឈប់​ប្រើ​ក្រដាសអនាម័យ​តាម​ភោជនីយដ្ឋាន​នានា​

530

(​កែប​): មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បានចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​គ្រប់​ភោជនីយដ្ឋាន​បញ្ឈប់​ការដាក់​ក្រដាសអនាម័យ សម្រាប់​ភ្ញៀវ ដោយ​ជំនួស​នូវ​ការប្រើ​កន្សែង​អនាម័យ​វិញ​។ ការកំណត់​បែបនេះ ក្នុង​បំណង​បញ្ចៀស​ពី​ទិដ្ឋភាព នៃ​ការ​រាយប៉ាយ​ដែល​បង្ក​ភាព​អាប់អួរ​នៅ​កន្លែង​ទទួលទាន​អាហារ​។​

​លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​មានប្រសាសន៍ថា អនុវត្តតាម​កា​ណែនាំ​របស់​រដ្ឋមន្ត្រី ពេលនេះ​មន្ត្រី នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បានចាប់ផ្តើម​ផ្សព្វផ្សាយ​ដល់​គ្រប់​ម្ចាស់​ភោជនីយដ្ឋាន ឱ្យ​ឈប់​ដាក់​ក្រដាស​តាម​តុ​អាហារ​តទៅទៀត​ហើយ​។ គ្រប់កន្លែង​ត្រូវដាក់​កន្សែង​អនាម័យ​ជំនួស​វិញ​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ជា​វិធាន​ក្នុង​យុទ្ធនាការ​នេះ មន្ទីរ​បាន​ប្រើ​វិធីសាស្ត្រ​បីយ៉ាង គឺ​សេចក្តីណែនាំ​ជា​លាយលក្ខណ៍អក្សរ ការផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម និង​អញ្ជើញ​ម្ចាស់​ភោជនីយដ្ឋាន​មក​ចូលរួម​ប្រជុំ​ដោយផ្ទាល់​។​

​ដោយឡែក​លោក ឃឹម វណ្ណា​រ៉ា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​រៀបរាប់ថា ចាប់ពី​សប្តាហ៍​ក្រោយ​តទៅ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត នឹង​ផ្សព្វផ្សាយ​ខ្លឹមសារ​ដល់​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទូទាំង​ខេត្ត​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ក្រដាសអនាម័យ​តទៅទៀត​។

​លោក​អនុប្រធាន​បាន​បញ្ជាក់ថា ភាពយឺតយ៉ាវ​ក្រោយ​មានការ​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចំពោះ​កិច្ចការ​នោះ ដោយសារ​មន្ទីរ​ជាប់រវល់​កម្មវិធី​ជាច្រើន​នា​ប៉ុន្មាន​ថ្ងៃនេះ​។​

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​កន្លងទៅ​ថ្មីៗ​នេះ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា ខេត្ត​កែប និង​ខេត្តកំពត ត្រូវធ្វើ​គំរូ​ក្នុងការ​លុបបំបាត់​ការប្រើ​ក្រដាសអនាម័យ​នៅតាម​ភោជនីយដ្ឋាន​។ ដូច្នេះ​ប្រធាន​មន្ទីរ​ត្រូវធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ឱ្យ​ដាក់ជំនួស​នូវ​កន្សែង​អនាម័យ​វិញ​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ម្ចាស់​ហាង​អាច​បូក​បញ្ចូល​សម្រាប់​គុយទាវ ឬ​បាយ​មួយ​ចាន​នូវ​តម្លៃ​៥០០​រៀល​តែម្តងទៅ​។ សង្ឃឹមថា​ភ្ញៀវ​នឹង​ទទួលយកបាន ព្រោះ​ពួកគាត់​ពិតជា​មិន​ចង់​ចូល​ទទួលទាន​អាហារ​នៅ​កន្លែង ដែលមាន​ក្រដាស​រាយប៉ាយ​ពេញ​ក្រោម​តុ​នោះទេ​៕L ដោយ​៖ បូកគោ​