តម្រួត​៥​នាក់​រងរបួស​និង​ជនសង្ស័យ​២​នាក់​ស្លាប់​ក្នុងការ​បាញ់​គ្នា​នៅ​អាមេរិក​

446
ចែករម្លែក

​ជនសង្ស័យ​២​នាក់​ស្លាប់​ក្រោយ​ការបាញ់​ត​គ្នា​កាលពី​យប់​ថ្ងៃ​ចន្ទ​ដែល​ក៏បាន​បណ្តាលអោយ​របួស​ប៉ូលិស​ក្រុង​ហោ​ស្តុ​ន​៥​នាក់ រួមមាន​៤​នាក់​ត្រូវ​គ្រាប់កាំភ្លើង​ក្នុងពេល​​ចុះ​អនុវត្ត​ដីកា​នៅផ្ទះ​មួយ ដែល​គេ​សង្ស័យ​មានការ​ជួញដូរ​គ្រឿងញៀន​។​

​ប៉ូលិស​ប្រមាណ​ជាង​ដប់​នាក់​ទៅ​ពី​ក្រុមប្រឆាំង​គ្រឿងញៀន​ក្រុង​ហោ​ស្តុ​ន បាន​យក​ដីកា​ទៅ​ឆែកឆេរ​ហើយ​បាន​បាញ់​ទ្វាររបង​មុខផ្ទះ​តែ​ភ្លាមនោះ​ទទួលបាន​ការបាញ់​តប​​ពី​អ្នក​នៅ​ខាងក្នុង​ផ្ទះ​។​

​មន្ត្រីប៉ូលិស​បានអោយដឹង​ថា ប៉ូលិស​បាន​ចុះ​ឆែកឆេរ​ផ្ទះ​នេះ​ក្រោយ​ការស៊ើបអង្កេត​មួយ​ដែល​ផ្តើមចេញពី​ការអោយ​ព័ត៌មាន​ពី​អ្នកជិតខាង ដែលថា​ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន​ត្រូវ​​បាន​ជួញដូរ​ចេញពីផ្ទះ​នេះ​។​

​គេ​មិនដឹងថា​តើ​ប៉ូលិស​ប៉ុន្មាន​បាន​បាញ់​តប តែ​ជនសង្ស័យ​២​នាក់​ក្រោយមក​ត្រូវបាន​ប្រទះឃើញ​ស្លាប់​។​ក្រុម​តម្រួត​បាន​ប្រើ​មនុស្ស​យន្ត​ចូលទៅ​ក្នុងផ្ទះ​ដើម្បី​កំណត់ថា​​វា​មាន​សុវត្ថិភាព​សំរាប់​ប៉ូលិស​ចូល​បន្ទាប់ពី​ការបាញ់​គ្នា​បាន​ចប់​៕​ដោយ​:​វាសនា​

​ប៉ូលិស​ស៊ើបអង្កេត​កន្លែងកើតហេតុ កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មករា នៅ​ក្រុង​ហោ​ស្តុ​ន រដ្ឋ​តិច​សាស់​