តម្លៃក្រុមហ៊ុន Tesla កើនឡើងលើស ១០០ ពាន់លានដុល្លារ

274
ចែករម្លែក

ការស្ទុះឡើងខ្លាំងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលថ្មីៗនេះបានជំរុញឱ្យតម្លៃរបស់ក្រុមហ៊ុនឡើងជាង ១០០ ពាន់លានដុល្លារ អាចប្រែក្លាយទៅជាសាច់ប្រាក់ដ៏ច្រើនសម្បើមសម្រាប់នាយកប្រតិបត្តិ អេឡុន ម៉ាស។

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla Inc បានកើនឡើង ៤,១ ភាគរយទៀតកាលពីថ្ងៃពុធទី២២មករា ដោយរុញឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនិងបន្ទះសូឡានេះ ឆ្លងកាត់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកញ្ចប់ភាគហ៊ុនរបស់លោកម៉ាស។ គាត់អាចទទួលបានកញ្ចប់ភាគហ៊ុន ដែលមានតម្លៃជាង ៣៧១ លានដុល្លារ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបិទនៅតម្លៃ ៥៦៩,៥៦ ដុល្លារកាលពីថ្ងៃពុធ ដោយផ្តល់ឱ្យក្រុមហ៊ុននូវមូលធននីយកម្មទីផ្សារចំនួន ១០២,៧ ពាន់លានដុល្លារ។

ភាគហ៊ុនបានកើនឡើងបីដងគិតចាប់តាំងពីខែឧសភា មានន័យថា មូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុន Tesla ឥឡូវនេះគឺលើសពីតម្លៃរបស់ក្រុមហ៊ុន Ford និង General Motors រួមបញ្ចូលគ្នា។

សម្រាប់លោកម៉ាស ការឈានដល់តម្លៃ ១០០ ពាន់លានដុល្លារនៅក្នុងតម្លៃទីផ្សារធ្វើឱ្យគាត់មានជម្រើសក្នុងការដាក់លក់ភាគហ៊ុនចំនួន ១,៦៩ លានសន្លឹករបស់ក្រុមហ៊ុន Tesla ក្នុងតម្លៃ ៣៥០,០២ ដុល្លារក្នុងមួយសន្លឹកហ៊ុន។ ប្រសិនបើគាត់លក់ភាគហ៊ុន គាត់នឹងរកចំណូលបានជាង ៣៧១ លានដុល្លារ។

ប៉ុន្តែសម្រាប់ជម្រើសក្នុងការលក់ចេញ មូលធននីយកម្មទីផ្សារត្រូវមានតម្លៃជាមធ្យមលើស ១០០ ពាន់លានដុល្លារសម្រាប់រយៈពេល ៦ ខែបន្ទាប់ ហើយវាត្រូវតែខ្ពស់ជាង ១០០ ពាន់លានដុល្លារសម្រាប់រយៈពេល ៣០ ថ្ងៃបន្ទាប់ទៀតនៃថ្ងៃធ្វើការធម្មតា នេះយោងតាមកញ្ចប់ប្រាក់កម្រៃដែលបានរៀបរាប់លម្អិតនៅក្នុងឯកសាររបស់ក្រុមហ៊ុន ដែលបានដាក់នៅក្នុងទីផ្សារមូលបត្រនិងគណៈកម្មប្តូរប្រាក់អាម៉េរិក៕ ដោយ៖ កញ្ញាដាលីស

គាត់អាចទទួលបានចំណូលជាង ៣៧១ លានដុល្លារ ប្រសិនបើគាត់លក់ភាគហ៊ុន ១,៦៩ លានសន្លឹករបស់គាត់