តម្លៃ​ជ្រូក​ក្នុងស្រុក ងើបឡើង​បន្តិច តែ​មិន​ស្ថិត​ស្ថិរ​ទេ​!

1189
ចែករម្លែក

​នៅពេលនេះ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​យើង កំពុង​កាក់កប​ខ្លាំង ដោយសារតែ​ជ្រូក​រស់បាន​ឡើងថ្លៃ រហូតដល់ ១១.០០០ រៀល ក្នុង​មួយ​គីឡូក្រាម​។ ជ្រូក​ឡើងថ្លៃ​ខ្ពស់​នេះ ដោយសារតែ​កត្តា​ពីរ​យ៉ាង គឺ​ទី​១-​ជំងឺប៉េស្ត​អាហ្វ្រិក និង​ទី​២-​ដោយសារតែ​រដ្ឋាភិបាលមិន​ឲ្យ​នាំចូល​ជ្រូក​ពី​វៀតណាម ដែលមាន​តម្លៃថោក ព្រោះ​ជ្រូក​វៀតណាម​កើត​ជំងឺប៉េស្ត​អាហ្វ្រិក​។

​កាលពី​ឆ្នាំ​២០១៧ ដោយសារតែ​ការនាំ​ចូល​ជ្រូក​ពី​វៀតណាម​បានធ្វើ​ឲ្យ​តម្លៃ​ជ្រូក​រស់នៅកម្ពុជា មានតម្លៃ​ត្រឹមតែ ៥០០០ រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។ ជ្រូក​ចុះថោក កាលណោះ នាំ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុកខាតបង់​យ៉ាងច្រើន​ហើយ​មាន​អ្នក​ចិញ្ចឹម​ខ្នាតតូច​ជាច្រើនបាន​បោះបង់​មុខរបរ​ចិញ្ចឹម​ជ្រូក​នេះ​។

​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក បាន​ឲ្យ​ដឹងថា ការផ្គត់ផ្គង់​សាច់ជ្រូក​នៅ​ប្រទេស​យើង​សព្វថ្ងៃ គឺ​ការចិញ្ចឹម​ក្នុងស្រុក​មាន​ចំនួន ៧០ ភាគរយ ដោយ​ក្នុងនោះ ក្រុមហ៊ុន​ស៊ី​ភី​( CP )​បាន​ផ្គត់ផ្គង់​ច្រើនជាងគេ រហូតដល់ ៥០​ភាគរយ​។ រីឯ​ជ្រូក​នាំចូល មាន​ប្រមាណ ៣០​ភាគរយ​។

​ការ​នាំចូល​ជ្រូក កន្លងមក ភាគច្រើន គឺ​មកពី​ប្រទេស​វៀតណាម តែដោយសារ​ការផ្ទុះ​ជំងឺប៉េស្ត​អាហ្វ្រិក កាលពីពេល​ថ្មីៗ​នេះ នាំ​ឲ្យ​ការ​នាំចូល​ជ្រូក​រស់​ពី​វៀតណាម ត្រូវបាន​បិទ ហើយ​កម្ពុជាបាន​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​។​

​យ៉ាងណាក៏ដោយ សមាគម​អ្នក​ចិញ្ចឹម​ជ្រូក បាន​លើកឡើងថា តម្លៃ​ជ្រូក​រស់​ដែល​អ្នកចិញ្ចឹម អាច​ចំណេញ គឺ​តម្លៃ​ត្រឹមតែ​ពី ៨.០០០ រៀល ទៅ ៩.០០០ រៀល ក្នុង​មួយ​គីឡូ ក្រាម​។ ប៉ុន្តែ​ពេលនេះ តម្លៃ​ជ្រូក​រស់​ឡើងដល់ ១១.០០០ រៀល ក្នុង មួយ​គីឡូក្រាម ដែល​អាច​ប៉ះពាល់​ដល់​អ្នក​បរិភោគ​រាប់លាន​នាក់​។ ក្នុងនោះ ថ្លៃដើម​ផលិត​ជ្រូក​រស់ គឺ​ក្នុង​រង្វង់ ៧.៥០០​រៀល ឬ​អាច​ដល់ ៨.០០០​រៀល សម្រាប់​អ្នក​ចិញ្ចឹម​តូចៗ​ក្នុង​ជ្រូក​រស់មួយ​គីឡូក្រាម​។ ដូចនេះ បើ​លក់​ចេញ ៩.០០០ រៀល គឺ​អ្នក​ចិញ្ចឹម​អាច​ចំណេញបាន​ហើយ​។

​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកជំនាញ​ខាង​ចិញ្ចឹម​ជ្រូក លើកឡើងថា តម្លៃ​ជ្រូក​រស់ នៅក្នុង​ស្រុក​យើងពេលនេះ មិនមាន​ស្ថិរភាព​ទេ ខណៈដែល​នៅ​ប្រទេស​វៀតណាម ជ្រូក​រស់តម្លៃ​ត្រឹមតែ ៧០០០ រៀល​ប៉ុណ្ណោះ​។ មួយវិញទៀត បើសិន​ជាមាន​ឈ្មួញ ខិលខូច​លួច​នាំចូល​ជ្រូក​រស់​ពី​វៀតណាម ដោយ​ត្រូវរ៉ូវ​នឹង​អាជ្ញាធរ​សមត្ថកិច្ច តាម​ច្រករបៀង​ព្រំដែន នោះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ជ្រូក​នៅក្នុង​ស្រុក​ផង និង​អាច​ប៉ះពាល់ ដល់​សុខភាព​របស់​អ្នក​បរិភោគ​ថែមទៀត ព្រោះថា​បម្រាម​ពី​ការហាមឃាត់​នាំ​ជ្រូកចូល​ពី​វៀតណាម ដោយសារតែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិនទាន់​លើក​ចេញ​នៅឡើយ​។​
​ ​
​អ្នកជំនាញ បន្ថែមថា សព្វថ្ងៃ ក្រសួងកសិកម្ម បាន​បើក​ឲ្យ​នាំចូល​ជ្រូកពី ១០០០​ក្បាល ទៅ ១៥០០ ក្បាល ក្នុង​មួយថ្ងៃ​។ ការ​នាំចូល​ជ្រូក​រស់​នេះ គឺ​យក​ពី​ប្រទេស​ថៃ​។ នៅ​ប្រទេស​ថៃ តម្លៃ​ជ្រូក​រស់ ថ្លៃ​ប្រមាណ ១០.០០០ រៀល ក្នុងមួយ​គីឡូក្រាម​។
​ ​
​បើ​មើល​តាម​តម្លៃ​ជ្រូក​រស់ នៅ​ប្រទេស​វៀតណាម និង​នៅ​ប្រទេស​ថៃ​ដែលជា​ប្រភព​នាំចូល​ជ្រូកមក​កម្ពុជា គឺមាន​តម្លៃ​ទាប​ជាង​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​។ ដូច្នេះ​បើសិនជា​ជំងឺប៉េស្ត​អាហ្វ្រិក ស្ងប់ស្ងាត់នៅ​វៀតណាម ហើយ​រាជរដ្ឋាភិបាល​បើក​ឲ្យ​នាំចូល​ជ្រូក​ពីវៀតណាម​ឡើងវិញ ឬក៏​បង្កើន​ចំនួន​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​នោះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់​តម្លៃ​ជ្រូក​របស់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​។​
​ ​
​ដូច្នេះ មានតែ​អ្នករកស៊ី​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ខិតខំ​បញ្ចុះ​ថ្លៃដើម​ក្នុងការ​ចំណាយ​លើ​ការចិញ្ចឹម​ជ្រូក ឲ្យ​ទាប​ជាង​ពេលនេះ​។ ម្យ៉ាងទៀត បើសិនជា​អ្នក​ចិញ្ចឹម​ជ្រូក កុំ​លោភលន់ ចង់បាន​ប្រាក់ចំណេញ​ខ្ពស់​ពេក ពោលគឺ​ជ្រូក​រស់លក់​ត្រឹមតែ ៨.០០០ ទៅ ៩.០០០ រៀល ដូច​អ្នកជំនាញលើកឡើង ក៏​អាច​ឃើញ​ប្រាក់ចំណេញ​បានដែរ​។ មួយវិញទៀត ពង្រីក​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក ដើម្បី​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់​នោះ​ការ នាំចូលក៏​នឹង​មិនអាច​កើតមាន​ឡើយ បើសិនជា​ថ្លៃ​ប្រហាក់ប្រហែលគ្នា ហើយ​ចំនួន​ជ្រូកក៏​អាចបំពេញ​តម្រូវ​ការបា​ន​គ្រប់គ្រាន់​នោះ​។​
​ ​
​សរុបទៅ ទាំង​អ្នក​បរិភោគ​សាច់ជ្រូក ក៏​មិន​ចំណាយ​ខ្ពស់ ហើយ​មិន​ព្រួយបារម្ភ​ពី​ឆ្លង​ជំងឺ ហើយ​ទាំង​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ក្នង​ស្រុក ក៏​មិន​ជួប​បញ្ហា​នៅពេល​ដែលមាន​ការនាំចូល​ជ្រូក​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ព្រោះថា​ការនាំ​ចូល​ជ្រូក​ពី​ប្រទេសវៀតណាម និង​ប្រទេស​ថៃ ត្រូវ​ចំណាយ​ថ្លៃ​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ​មួយ​ជាន់​ថែមទៀត​៕ ដោយៈ​ម៉េង​ឆៃ​/Ha