តម្លៃ​ជ្រូក​ខ្មែរ​ហាក់​ឡើង​បន្ដិច ខណៈ​ចិន​បើក​ទីផ្សារ​នាំចូល​ជ្រូក​វៀតណាម​

1171
ចែករម្លែក

(​ភ្នំពេញ​) ៖ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​ហាក់​សង្កេតឃើញថា តម្លៃ​ជ្រូក​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​បាន​ឡើងថ្លៃ​បន្ដិច​វិញ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​តាំងពីដើម​ឆ្នាំ​មក​។ បច្ចុប្បន្ននេះ កសិករ​អាច​លក់​ជ្រូក​បាន​ក្នុងតម្លៃ​ជាង​៧​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​មួយរយៈ​មុន​តម្លៃ​ជ្រូក​រស់​១​គីឡូក្រាម​ត្រឹមតែ​ជាង​៥​ពាន់​រៀល​ប៉ុណ្ណោះ​។
​ ​
​យ៉ាងណា​ចំពោះ​បញ្ហា​កើនឡើង​នៃ​តម្លៃ​ជ្រូក​នេះ ក៏​មានការ​លើកឡើងថា នោះ​គឺ​ដោយសារ​ចិន​បាន​បើក​ទីផ្សារ​នាំចូល​ជ្រូក​វៀតណាម​វិញ ក្រោយ​ផ្អាក​ការ​នាំចូល​ជាច្រើន​ឆ្នាំ​មក​។


​ ​
​បើតាម​ប្រភពពី​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ឱ្យដឹងថា តម្លៃ​ជ្រូក​ក្នុងស្រុក​ឡើងថ្លៃ ដោយសារតែ​ជ្រូក​វៀតណាម​ឡើងថ្លៃ​ដែរ​ហើយ​ឈ្មួញ​​ដែល​រកស៊ី​នាំចូល បាន​ងាក​មក​ចាប់​ជ្រូក​ក្នុងស្រុក​សម្រាប់​ផ្គត់ផ្គង់​សាច់​លើ​ទីផ្សារ​វិញ​។ ការឡើង​ថ្លៃ​ជ្រូក​វៀតណាម​នេះដែរ​សមាគម​អ្នក​​ចិញ្ចឹមសត្វ​បង្ហើប​ឱ្យដឹងថា ដោយសារតែ​ចិន​បាន​បើក​ទីផ្សារ​ឱ្យ​ជ្រូក​វៀតណាម​នាំចូល​ទៅ​ប្រទេស​ចិន​វិញ ក្រោយពី​បិទ​ទីផ្សារ​មួយរយៈ ។​
​ ​
​ម្ចាស់​កសិដ្ឋាន​មួយចំនួន​ដែល​ចិញ្ចឹម​ជ្រូក​ក្នុង​ខេត្តស្វាយរៀង បានឱ្យដឹងថា​សព្វថ្ងៃនេះ​តម្លៃ​ជ្រូក​ដែល​ឈ្មួញ​ចុះមក​ចាប់​ក្នុង​១​គីឡូក្រាម​៧.៧០០​រៀល ខណៈ​មុននេះ​បន្តិច តម្លៃ​ជ្រូក​រស់​ត្រឹមតែ​៥.៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ។​
​ ​
​ពួកគាត់​បន្ដថា កន្លងមក តម្លៃ​ជ្រូក​បាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​ធ្វើឱ្យ​កសិករ​និង​ម្ចាស់​កសិដ្ឋាន​ដែលមាន​ដើមទុន​តិចតួច​បោះបង់​ការ​​ចិញ្ចឹម ក៏​ព្រោះតែ​គ្មាន​លុយ​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ និង​បង់​ការប្រាក់​ធនាគារ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​សុខៗ​ស្រាប់តែ​​តម្លៃ​ហក់​ឡើងវិញ ដែល​វា​ជា​រឿង​ប្លែក​មួយ​មិន​ធ្លាប់មាន​ពីមុន​។​
​ ​
​យ៉ាងណាក្ដី​ម្ចាស់​កសិដ្ឋាន​ទាំងនោះ ក៏បាន​ត្អូញត្អែរថា បើទោះបីជា​តម្លៃ​ជ្រូក​ឡើង​រហូតដល់​ជិត​៨​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​ក្តី​ក៏​មិនអាច​​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ចំណេញ​ដែរ គឺ​បានត្រឹមតែ​ទប់​ទល់នឹង​ការចំណាយ​ទៅលើ​ចំណី និង​ពលកម្ម​ប៉ុណ្ណោះ តែបើ​ចង់ឱ្យ​ចំណេញ​លុះត្រាតែ​តម្លៃ​​ជ្រូក​ចន្លោះ​ពី​៨​ពាន់ ទៅ​៨.៥០០​រៀល​ក្នុង​១​គីឡូក្រាម​។ តម្លៃ​នេះ​អាច​ទទួលយកបាន​ទាំង​អ្នក​ចិញ្ចឹម និង​អ្នក​បរិភោគ ព្រោះ​វា​មិន​ថោក ហើយក៏​មិន​ថ្លៃ​ពេក​ដែរ​៕ដោយ៖វិបុល